ធនាគារពិភពលោក ឲ្យចំណាត់ថ្នាក់កម្ពុជាទី ១៤៤ ទាក់ទងនឹងនីតិវិធីធ្វើធុរកិច្ច
ភ្នំពេញ៖ ក្នុងចំណោមប្រទេស១៩០ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៤៤ ចំពោះការសម្រួលក្នុងដំណើរការបែបបទ ឬនីតិវិធីធ្វើធុរកិច្ច សម្រាប់ឆ្នាំ២០២០ ។ គួរបញ្ជាក់ថា ចំណាត់លេខ១គឺល្អបំផុត ហើយលេខ១៩០ គឺអាក្រក់បំផុត។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកស្ដីពីភាពស្រួលក្នុងការធ្វើធុរកិច្ច ដែលចេញផ្សាយនៅថ្ងៃទី២៤ខែតុលានេះ។
របាយការណ៍នេះត្រូវបានចេញផ្សាយនៅឆ្នាំនេះក៏ពិតមែន តែសម្រាប់វាយតម្លៃបែបបទធ្វើធុរកិច្ចរបស់ប្រទេសនីមួយៗសម្រាប់ឆ្នាំបន្ទាប់ គឺឆ្នាំ២០២០។ ការវាយតម្លៃនេះ ត្រូវផ្អែកលើកត្តាចំនួន ១០ ដែលរួមមាន៖ នីតិវិធីចាប់ផ្ដើមធ្វើអាជីវកម្ម, អនុញ្ញាតសាងសង់, ទទួលបានថាមពលអគ្គិសនី, ចុះបញ្ជីកម្មសិទ្ធអចលនទ្រព្យ, ការពារវិនិយោគិនក្រុមតូច, ការទទួលបានឥណទាន, បង់ពន្ធ, ដោះដូរទំនិញចេញចូលប្រទេស, ពង្រឹងការអនុវត្តកិច្ចសន្យាតាមផ្លូវច្បាប់ និងដោះស្រាយការក្ស័យធន។
របាយការណ៍បានឲ្យពិន្ទុកម្ពុជា ៥៣,៨ (ពិន្ទុពេញ១០០) ដែលឈរនៅលេខរៀងទី១៤៤ សម្រាប់ឆ្នាំ២០២០ ធៀបនឹងពិន្ទុ ៥៤,៨ ដែលឈរនៅលេខរៀងទី១៣៨ សម្រាប់ឆ្នាំ២០១៩ ។ ហើយកាលឆ្នាំ២០១៨ កម្ពុជាមានពិន្ទុ ៥៤,៤៧ និងឈរលេខរៀង ១៣៥ ។
ក្នុងតំបន់អាស៊ាន កម្ពុជាមានចំណាត់ថ្នាក់នាំមុខតែពីរប្រទេសប៉ុណ្ណោះ គឺឡាវដែលឈរលេខរៀង១៥៤ និងមីយ៉ានម៉ាទី១៦៥ ខណៈប្រទេសផ្សេងទៀតឈរនៅលេខរៀងល្អជាងកម្ពុជា ពោលគឺសិង្ហបុរីលេខរៀងទី២ ម៉ាឡេស៊ីទី១២ ថៃទី២១ ព្រុយណេ៦៦ វៀតណាម៧០ ឥណ្ឌូណេស៊ី៧៣ និងប្រទេសភីលីពីនលេខរៀងទី៩៥ ៕