ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សម រង្ស៊ីមានប្រសាសន៍ថា ​មាតុ​ភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី០៩​ វិច្ឆិកា ជា​ការ​បំផុស​អំណាច​ពល​រដ្ឋ ​មិន​មែន​រដ្ឋ​ប្រហារ​ទេ
Thu,03 October 2019 (Time 02:42 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1056នាក់)


ដំណើរ​មាតុភូមិ​និវត្តន៍ នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា ធ្វើ​ឡើង​ដើម្បី​បំផុស​អំណាច​ប្រជាពលរដ្ឋ​នៅ​កម្ពុជា មិន​មែន​ជា​បដិវត្តន៍​ពណ៌ ហើយ​ក៏​មិន​មែន​ជា​រដ្ឋ​ប្រហារដែរ​។​ នេះ​គឺជា​ការ​គូស​បញ្ជាក់​របស់​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ពុធ ទី​០២​តុលា​ម្សិលមិញ​។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​សម្តេច​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន។ សម្តេច ហ៊ុន សែន ដែល​ចាត់​ទុក​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​។ 

 

មិន​មែន​ជា​បដិវត្តន៍​ពណ៌ មិន​មែន​ជា​រដ្ឋ​ប្រហារ​! លោក សម រង្ស៊ី អះអាង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក គឺ ជា​ការបំផុស «អំណាច​ពលរដ្ឋ» ដោយ​​ប្រមូល​ផ្ដុំ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ឲ្យ​ងើប​ឡើង​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន៖ សម្ដែង​មតិ​និង​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី ដើម្បី​តវ៉ា​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​បែប​បទ​ប្រជាធិបតេយ្យ ដោយ​អហិង្សា និង​ស្រប​ច្បាប់​។ ​បើ​តាម​ប្រធាន​ចលនា​សង្គ្រោះជាតិ «អំណាច​ពលរដ្ឋ» នេះ អាច​ចាប់​​បង្ខំឲ្យ​ជន​ផ្ដាច់​ការ​ចុះ​ចេញ​ពី​តំណែង ហើយ​ចាក​ចេញ​ពី​ប្រទេស ដូច​​ករណី​នៅ​ប្រទេស​ហ្វីលីពីន ក្នុង​ឆ្នាំ​១៩៨៦​។

 

ជា​ការ​កត់​សម្គាល់ ការ​គូស​បញ្ជាក់​របស់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​នាយករដ្ឋ​ មន្ត្រី ហ៊ុន សែន ហៅ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកាខាង​មុខ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​។ ជា​រដ្ឋ​ប្រហារ​ដើម្បី​ប្ដូរ​របប​រាជានិយម និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ សម្តេច ហ៊ុន សែន បាន​គំរាម​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួមគាំទ្រ​លោក សម រង្ស៊ី ​នៅ​​​ថ្ងៃទី​០៩​វិច្ឆិកា។ ការ​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ការ​ចូល​រួម​បំផ្លាញ​ប្រទេស និង​បំផ្លាញ​សន្តិភាព​។

 

សូម​ជម្រាប​ជូនថា គិត​ត្រឹម​ដើម​ខែ​តុលា​នេះ តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់​មនុស្ស​ជាង​១៦០​នាក់ និង​ចាប់​ខ្លួន​​មនុស្ស​ជាង​៣០​នាក់ ពីបទ «រួម​គំនិត​ក្បត់» បន្ទាប់​ពី​ពួក​គេ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​។ តាម​រយៈ​ចំណាត់ការ​នេះ លោក​ សម រង្ស៊ី ​យល់​ថា សម្តេច ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​ជា​ទី​បំផុត​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ហើយ​ព្យាយាម​​រក​លេស​ដើម្បី​រារាំង​កុំ​ឲ្យ​លោក​វិល​ចូល​ស្រុក​បាន​។

 

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី, អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន​នោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1082 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8231 នាក់
ខែនេះ :
27784 នាក់
3 ខែនេះ :
61617 នាក់
សរុប :
2512324 នាក់