មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាឱកាសតែមួយគត់នៃការផ្សះផ្សាជាតិ
អតីតគណបក្សសង្គ្រោះជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា មាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ គឺជាចេតនាដើម្បីធ្វើការបះបោរប្រដាប់អាវុធ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ខណៈដែលអតីតគណបក្សសង្គ្រោះជាតិ គ្មានអាវុធសោះនោះ។ នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានធ្លាក់មកនៅល្ងាចថ្ងៃទី ០៥ តុលានេះ។ សេចក្តីថ្លែងការណ៍ដែលមានកម្រាស់៣ទំព័រនេះ បានចាត់ទុក ការចោទប្រកាន់នេះថា គឺជាការចោទប្រកាន់ដ៏គ្រោះថ្នាក់ និងជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការពិត របស់រដ្ឋាភិបាលកម្ពុជា។
គួរជំរាបជូនថា សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិនេះ បានធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ០២ តុលា បានចេញដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង៨រូបទៀត ពីបទ «ឧបឃាត»។ ជាបទចោទពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី» ដោយមានការអំពាវនាវនិងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ០៣ តុលា។
យ៉ាងណាក៏ដោយ តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់៣ទំព័រនៅថ្ងៃនេះ អតីតគណបក្សប្រឆាំងបានរំឮកថា រដ្ឋាភិបាលកម្ពុជាទៅវិញទេ ដែលបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនៅថ្ងៃទី ០៣ កញ្ញា ឆ្នាំ ២០១៧ តាមរយៈការចាប់ខ្លួនលោក កឹម សុខា និងបន្ទាប់មក មានការធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយជាបន្តបន្ទាប់ ដើម្បីបើកផ្លូវឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ និងការដកតំណែងតំណាងរាស្ត្រពីគណបក្សប្រឆាំង ដែលបានមកពីការបោះឆ្នោត។ យ៉ាងណាក៏ដោយ ក្រៅពីការពន្យល់បែបនេះ សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិក៏បានគូសបញ្ជាក់ដែរថា មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាឱកាសតែមួយគត់សម្រាប់ការសន្ទនា និងការផ្សះផ្សាជាតិ និងសម្រាប់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសគំរូមួយដែលមានសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ហើយថា មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាឱកាសមួយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក៕