សម្តេច ហ៊ុន សែន គំរាមបញ្ចេញទ័ពទប់ស្កាត់អ្នកគាំទ្រ លោក សម រង្ស៊ី នៅពេលមកដល់កម្ពុជា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការគាំទ្រ លោក សម រង្ស៊ី វិលចូលស្រុកវិញគឺជា«ទង្វើរដ្ឋប្រហារ» បានឆ្លងផុតបន្ទាត់ក្រហមហើយ ដែលចាំបាច់ត្រូវប្រើកម្លាំងទ័ព បន្ថែមពីលើកម្លាំងនគរបាល ដើម្បីទប់ស្កាត់កុំឲ្យផែនការនោះបានសម្រេច។
បើតាម សម្តេច ហ៊ុន សែន ការដែលលោក សម រង្ស៊ី ប្រកាសថាខ្លួននឹងផ្តល់ថវិកាដល់កងទ័ពដែលព្រមចុះចូលជាមួយបក្សប្រឆាំងនោះ គឺជាហេតុផលមួយដែលលោកត្រូវបញ្ចេញកម្លាំងទ័ពដោយអនុញ្ញាតឲ្យប្រើអាវុធទំនើបៗដើម្បីទប់ស្កាត់សកម្មភាពគាំទ្រមេដឹកនាំបក្សប្រឆាំងរូបនេះ។
លើសពីនេះទៀត ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យបន្តតាមចាប់ខ្លួនអ្នកដែលបង្ហោះសារតាមហ្វេសប៊ុកគាំទ្រ ការវិលត្រឡប់របស់ លោក សម រង្ស៊ី ដោយសម្តេខ ហ៊ុន សែន ចាត់ទុកថា ជាអំពើក្បត់ដែលត្រូវចាប់ខ្លួនមកកាត់ទោសឲ្យបានធ្ងន់ធ្ងរ។
ជាមួយគ្នានោះ លោកក៏បានលើក ឡើងផងដែរ ករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងថ្មីៗនេះ ដែលរត់ពីខេត្តត្បូងឃ្មុំទៅតាមច្រកព្រំដែនប៉ោយប៉ែត។ សម្តេច ហ៊ុន សែន ព្រមានទៀតថា ចំពោះសកម្មជនបក្សប្រឆាំងដែលភៀសខ្លួនទៅដល់ប្រទេសថៃក៏អាចនឹងចាប់ខ្លួនបញ្ជួនមកវិញបានដែរតាមការកិច្ចព្រមព្រៀងបស្យាប័ន។
សូមបញ្ជាក់ថា មកដល់ពេលនេះគឺមានសកម្មជនបក្សប្រឆាំងជាង៣០នាក់ហើយដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមការចោទប្រកាន់ថា «រួមគំនិតក្បត់» បន្ទាប់ពីពួកគេប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃ៩វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិ។
ចំណែក លោក សម រង្ស៊ី វិញ ក្នុងសារនយោបាយចុងក្រោយថ្ងៃទី៥តុលា លោក បានចោទ សម្តេច ហ៊ុន សែន ថាកំពុងតែក្បត់ពាក្យបណ្តាំរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជាដែលបានផ្តាំ ទាំងលោក ស ខេង ទាំងរូបលោក សម រង្ស៊ី ឲ្យបង្រួបបង្រួមអ្នកស្នេហាជាតិមកពីគណបក្សធំៗទាំងពីរ ដើម្បីធ្វើឲ្យប្រជារាស្ត្រខ្មែរ ទទួលបានសេចក្តីសុខ និងភាពរុងរឿង។ ក៏ប៉ុន្តែ សម្តេច ហ៊ុន សែន ចូលចិត្តតែធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្លួនឯង ដោយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងចង់លើកបន្តុបកូនបង្កើតដោយរំលងឥស្សរជនចាស់ទុំជាច្រើន ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ នេះបើតាមហ្វេសប៊ុក លោក សម រង្ស៊ី៕