ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ពិបាក​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង​រឹង​មាំ​របស់​ជនខិលខូច
Thu,10 October 2019 (Time 09:18 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1169នាក់)


បន្ទាយមានជ័យ​៖ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​តំបន់​សម្បូរ​ទំនាស់​ច្រើន​ផ្នែក​ដីធ្លី ហើយ​ជា​ជំងឺ​មហារីក ​ដែល​មិន​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន ​ដោយសារ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ពុករលួយ តាំងពី​សម័យ ​លោក ង៉ោ ម៉េង​ជ្រួ​ន ជា​អភិបាលក្រុង​ប៉ោយប៉ែត បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ឲ្យ​ចៅហ្វាយក្រុង​ថ្មី​ពិបាក ឈឺក្បាល​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ជាពិសេស​ការចុះហត្ថលេខា​វាយ​ត្រាទុក​មុន​នៅលើ​ដី​ណា​ដែល​គាត់ (​ង៉ោ ម៉េង​ជ្រួ​ន​)​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ម្ចាស់ដី។

 

ប្រភព​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល លោក ង៉ោ ម៉េង​ជ្រួ​ន បាន​ឡើង​ទៅជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ គឺ​គ្មានអ្វី​បន្សល់ទុក​នូវ​ស្នាដៃ​ទាល់តែសោះ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទេ​ គឺ​មានតែ​ភាពស្មុកស្មាញ​ចាក់ស្រេះ​ដែល​អភិបាល​ថ្មី​ពិបាក​ក្នុង​ការ​ដោះស្រាយ ហើយ​ចំពោះ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​វិញ​ក៏​គ្មាន។

 

ផល​លំបាក​ពេលនេះ​ គឺ​ផ្លូវ​មួយ​ខ្សែ​ដែលមាន​ទទឹង​២០​ម៉ែត្រ ត​ភ្ជាប់​ពី​ចំណុចដើម​ពុទ្រា ឆ្លងកាត់​របង​វត្ត​ត្រាច​ទល់មុខ​ផ្ទះ លោក​ឧត្ដមសេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្លាយ​រហូតដល់​ទំនប់​(​ក​៥) ត្រូវគេ​រំលោភ​បាត់​ស្រមោល ហើយ​សាងសង់​សំណង់​រឹងមាំ​ថែមទៀត ដែល​នេះ​បើ​គ្មាន​ការបើក​ដៃ​ពី​អភិបាលក្រុង​លោក ង៉ោ ម៉េង​ជ្រួ​ន ទេ ម៉េច​គេ​ហ៊ាន​សាងសង់​សំណង់​រឹងមាំ​បែបនេះ​។ ​ដូចជា​ករណី លោក អ៊ុយ ឆាយ យក​ដី​ផ្លូវ​សាងសង់​អាងទឹក​សម្រាប់​ធ្វើ​អាជីវកម្ម បន្ទាប់​មក​ឈ្មោះ ម៉ា សុភាព មុខរបរ​មិន​ច្បាស់លាស់ មិនដឹងថា​ជា​អ្នកកាសែត​ ឬ​ជា​ប៉ូលិស​នោះ​ទេ បាន​រំលោភ​យក​ហើយ​លក់​ឲ្យ​ឈ្មោះ អ៊ុយ ឆាយ ដែល​ប្រភព​បង្ហើប​ថា បាន​២៥០០០​ដុល្លារ​អាមេរិក ហើយ​ជា​បន្តបន្ទាប់ ​គឺ​គេ​ស៊ី​បាត់​ផ្លូវ​មួយ​នេះ​តែម្ដង។

មកដល់ពេលនេះ ផ្លូវ​មួយ​នោះបាន​បាត់​រូបរាង​ទៅហើយ តែ​អាជ្ញាធរ​មិនមាន​វិធានការ​យ៉ាងណា​នោះ​ទេ ចំណែក​ផ្លូវ​នៅមុខ​វត្ត​ត្រាច​ឯណេះ​វិញ​ត្រង់ចំណុច​ផ្លូវ​ចូលទៅ​ផ្លូវ​លេខបូក​ដែល​គេ​រំលោភ​បាត់​នោះ មាន គ្លីនិក នគរ​រាជ្យ មាន​សំណង់​ជា​សំយាប​ជាប់​នឹង​គ្លីនិក​នេះ​យូរហើយ ​ត្រូវបាន​គេ​រុក​កួន​ឲ្យ​រុះរើ ដោយ​ចោទថា រំលោភ​ដី​ផ្លូវ តែ​ធាតុពិត ​គឺ​សំណង់​នេះ​មាន​យូរ​មកហើយ រីឯ​ផ្លូវ​ចូល​នោះ​វិញ ត្រូវ​ឈ្មោះ ម៉ា សុភាព និង​ឈ្មោះ អ៊ុយ ឆាយ ធ្វើ​របង​បិទ​ជិត​ហើយ តែ​បែរជា​អ្នក​ទាំងពីរ​នោះ​ទាម​ទារឲ្យ លោក​វេជ្ជបណ្ឌិត ជាតិ ហួន ហៅ​ទី ដែល​ជា​ម្ចាស់ គ្លីនិក នេះ​រុះ​រើចេញ រហូត​មាន​ទំនាស់​ប្តឹង​ផ្តល់​គ្នា​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ទៀត​ផង ក្នុងនោះ ឈ្មោះ ម៉ា សុភាព ចង់​ប្រើ​ហិង្សា​ទៅលើ លោក​វេជ្ជបណ្ឌិត ជាតិ ហួន ហៅ​ទី ទៀតផង ព្រមទាំង​បាន​ចោទប្រកាន់​ និង​ចុះ​កាសែត​ថា លោក​វេជ្ជបណ្ឌិត ជាតិ ហួន នេះ​ រំលោភ​ផ្លូវ​សាធារណ​របស់​រដ្ឋ។

 

បើតាម​ការសម្ភាសន៍ ជាមួយ​លោក​វេជ្ជបណ្ឌិត ជាតិ ហួន ហៅ​ទី បាន​បញ្ជាក់ថា លោក​អាច​រុះ​រើចេញ​បាន តែ​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ក្រុង​ប៉ោយប៉ែត​បើក​ទម្លាយ​ផ្លូវ​នេះ​តាម​ប្លង់​ដែល​សាលាក្រុង មាន​គឺ​បើក​របង​ទម្លាយ​ចំណុច​អាងទឹក​របស់ អ៊ុយ ឆាយ ទៅដល់​ផ្ទះ​កាស៊ីណូ ហើយ​ឈ្មោះ ម៉ា​ សុភាព ក៏​ត្រូវ​ប្រគល់​ផ្លូវ​ជួន​រដ្ឋ​វិញ​ទៅតាម​ប្លង់​សាលាក្រុង​នោះ ដោយ​ត្រូវ​គោរព​ច្បាប់​ទាំងអស់គ្នា ព្រោះ​លោក អ៊ុយ ឆាយ ក៏​ធ្លាប់​អះអាងថា បើ​រដ្ឋ​ត្រូវកា​អភិវឌ្ឍ​ពេលណា លោក​នឹង​ប្រគល់ជូន​វិញ​។ ដូច្នេះ​បញ្ហា​នេះ មានតែ​អាជ្ញាធរ​សង្កាត់ ក្រុង​ប៉ោយប៉ែត​ទេ ដែលជា​អ្នកសម្រេច ​និង​វិនិច្ឆ័យ បើ​ពុំ​នោះទេ នឹង​ចេះតែ​កើតរឿង​ជា​បន្តបន្ទាប់។

 

តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ ​គឺ​ចង់​ឲ្យ​អាជ្ញាធរ​បើកផ្លូវ​នោះ​ឡើងវិញ ហើយក៏​បាន លើក​សំណើ​ទៅ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយ​កម្ម​ និង​សំណង់​ មេត្តា​ជួយ​ពិនិត្យ​ និង​ជួយ​ចាត់ការ​បើ​ប្លង់​ផ្លូវ​ដែល​គេ​បិទ​នោះ​ឡើងវិញ​ផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1824 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4457 នាក់
ខែនេះ :
16847 នាក់
3 ខែនេះ :
56593 នាក់
សរុប :
2482302 នាក់