ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅ​ក្រម​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង លោក កឹម សុខា
Fr,15 November 2019 (Time 06:11 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1024នាក់)


ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកានេះ បានប្រកាសបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា ហើយចាប់ពីពេលនេះតទៅ។ សូមម្រាបជូនថា ចៅក្រមបានបើកការស៊ើបសួរក្នុងសំណុំរឿងលោក កឹម សុខា អស់រយៈជាង២ឆ្នាំរួចមកហើយ ពោលគឺតាំងពេលចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ នៅយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧មកម្ល៉េះ។ 

ការ​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​លិខិត​របស់​លោក គី ឬទ្ធី ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​កាន់​លោក ផែង ហេង ដែល​ជា​សហមេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា​។ ក្រៅ​ពី​បញ្ជាក់​អំពី​ការ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ លិខិត​ចុះ​ថ្ងៃ​ទី​១៥​វិច្ឆិកា​របស់​លោកចៅក្រម គី ឬទ្ធី ពុំ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​កំណត់​បើក​សវនាការ​សម្រាប់​សំណុំ​រឿង​នេះ​ឡើយ​។
 
តាម​នីតិ​វិធី ​ចៅ​ក្រម​នឹង​ចេញ​ដីកា​សន្និដ្ឋាន​មួយទៀត​ថា​ តើ​នឹងចាត់​បញ្ជូន​សំណុំរឿង​នេះទៅ​ជំនុំជម្រៈ ​ឬ​ក៏ទម្លាក់​ចោល​បទចោទប្រកាន់​។​ នេះ​បើតាមការ​ពន្យល់​របស់​​លោក ផែង ហេង ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​សុក្រ ទី​១៥​វិច្ឆិកា​នេះ​។ លោក ផែង ហេង បញ្ជាក់ថា ជំហរបស់ លោក កឹម សុខា គឺចង់​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងស្រុង ដោយ​សំអាងថា ​លោកជាមនុស្ស​ស្អាតស្អំ ពោលគឺ​​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុប​ឃិតជាមួយបរទេស​ដើម្បី​រំលំ​រដ្ឋាភិបាលកម្ពុជា​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះឡើយ។
 
គួរ​កត់​សម្គាល់​ថា សំណុំ​រឿង​លោក កឹម សុខា មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​​បានជាប់​គាំង​អស់​ពេល​យ៉ាង​យូរ​។ កាល​ពី​​ប្រាំ​ថ្ងៃ​មុន ពោល​គឺ​នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា ​​​ចៅក្រម​បាន​សម្រេច​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួននៃ​នីតិវិធី​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​​អនុញ្ញាតឲ្យ​លោក កឹម សុខា អាចធ្វើ​ដំណើរបាននៅទូ​ទាំង​ប្រទេសកម្ពុជា តែ​ហាម​ចេញ​ក្រៅ​ប្រទេស និង​​​មិន​ឲ្យ​ធ្វើ​នយោបាយ​។ ក្រោយពី​មានការ​បន្ថូរ​បន្ថយ​​លក្ខខណ្ឌមួយចំនួននោះ លោក កឹម សុខា មានឱកាសទទួល​ជួប​តំណាង​ស្ថាន​ទូត​បរទេស​ខាង​លោកសេរីជាបន្ត​បន្ទាប់ ក្នុង​រយៈ​ពេលជិត​មួយ​សប្តាហ៍មកនេះ រួមមាន តំណាង​ស្ថានទូត​បារាំង និង​តាម​ពីក្រោយ​ដោយ​តំណាង​ស្ថានទូតអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី ជាដើម។ ប៉ុន្តែខ្លឹមសារនៃ​​ជំនួប​ទាំងអស់នោះ ត្រូវ​បាន​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បង្ហើប​ប្រាប់​ថា ជា​ការ​សួរ​សុខ​ទុក្ខ​ធម្មតា មិន​មាន​ការ​ជជែក​ពី​រឿង​នយោបាយ​ឡើយ ដោយ​សារតែ​ជាប់​បំរាម​របស់​តុលាការ​។
 
លោក កឹម សុខា ត្រូវបានចាប់ខ្លួន​នៅពាក់កណ្តាលយប់​ថ្ងៃទី៣​កញ្ញាឆ្នាំ​២០១៧​ហើយ​បញ្ជួនទៅឃុំខ្លួនភ្លាមៗ ​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​មួយឆ្នាំ បន្ទាប់មកចៅក្រម​បានប្តូរពីការ​ឃុំខ្លួន​ក្នុងពន្ធនាគារ​ដោយ​ឲ្យមករស់​នៅតែ​ក្នុងផ្ទះ​រយៈពេល​ជាង​មួយ​ឆ្នាំទៀត ទើបតែ​ត្រូវបាន​ចៅក្រម​ដដែល​ បន្ថូរ​បន្ថយ​លក្ខខណ្ឌនៃ​ការ​រស់​នៅ​ក្នុង​ផ្ទះ​ ដោយអនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី១០​ខែ​វិច្ឆិកា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1230 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8379 នាក់
ខែនេះ :
27932 នាក់
3 ខែនេះ :
61765 នាក់
សរុប :
2512472 នាក់