ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុន​​បញ្ជា​ទិញ​ធំ​​ពីរ​​ព្រមាន​ដក​ខ្លួន​ពី​កម្ពុជា​ងាក​ទៅ​ប្រទេស​ដទៃ​ប្រសិន​បើ EBA បាត់​បង់
Mo,18 November 2019 (Time 08:28 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1098នាក់)


ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ធំៗ​របស់​អឺរ៉ុប បាន​ព្រមាន​ថា ពួកគេ​នឹង​ដក​អាជីវកម្ម​របស់​ពួកគេ​​ពី​ប្រទេស​កម្ពុជា ហើយ​ងាក​ទៅ​រក​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​​ដែល​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា ត្រូវ​បាន​ដក​ហូត​នា​ពេល​ខាង​មុខ​នេះ។

ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA សម្រាប់​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​នីតិវិធី​ត្រួត​ពិនិត្យ​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​នេះ ជុំ​វិញ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​នោះ ក្រុម​ហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​​នៅ​ក្នុង «កិច្ច​ប្រជុំ​កំពូល​ឧស្សាហកម្ម​​វាយនភណ្ឌ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៩» ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​តុលា​កន្លង​មក​នេះ។

ក្នុង​វេទិកា​នោះ តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ Primark និង​ក្រុមហ៊ុន H&M បាន​ផ្ដល់​កិច្ច​សម្ភាស​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​បាន​ព្រមាន​អំពី​ការ​បាត់​ការងារ​សម្រាប់​កម្មករ​កម្ពុជា​រាប់​ម៉ឺន​នាក់ ប្រសិន​បើ EBA ត្រូវ​បាន​ដក​ហូត​មែន​នោះ។

ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​ក្រុមហ៊ុន H&M លោក David Savman ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ Reuters ដែល​បាន​និយាយ​ថា ក្រុមហ៊ុន​មួយ​នេះ​នឹង​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ហើយ​ងាក​ទៅ​រក​ប្រទេស​ចិន និង​ឥណ្ឌូនេស៊ី​ជំនួស​មក​វិញ ប្រសិន​បើ​​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា ត្រូវ​បាន​បញ្ចប់។

H&M គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​សម្លៀក​បំពាក់​របស់​ប្រទេស​ស៊ុយអែត ដែល​មាន​ហាង​លក់​សម្លៀក​បំពាក់​ជាច្រើន​ប្រទេស​នៅ​ជុំ​វិញ​ពិភព​លោក។

លោក David Savman ត្រូវ​បាន​ដក​ស្រង់​សម្ដី​បន្ត​ថា ​ក្រុមហ៊ុន H&M បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ពី​រោង​ចក្រ​ប្រហែល ៥០​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​ក្រុមហ៊ុន Primark ប្រចាំ​នៅ​ចក្រ​ភព​អង់គ្លេស Xiaoxu Liu ដែល​ទទួល​បន្ទុក​លើ​ការ​បញ្ជា​ទិញ​នៅ​ប្រទេស​ចិន និង​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផង​ដែរ ដែល​បាន​និយាយ​ថា ការ​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នោះ នឹង​ក្លាយ​ជា​«ឧបសគ្គ​ដ៏​ធំ​មួយ»

បើ​តាម​ Reuters ដែល​បាន​សម្ភាស Xiaoxu Liu ឱ្យ​ដឹង​ថា ក្រុមហ៊ុន Primark បាន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ពី​រោងចក្រ​ប្រហែល ២០​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Ken Loo អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរនៅ​​កម្ពុជា (GMAC) បាន​​ប្រាប់​ថា ក្រុមហ៊ុន H&M គឺ​ជា​អ្នក​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ដ៏​ធំ​មួយ​ពី​ប្រទេស​កម្ពុជា។

តំណាង​ GMAC រូប​នេះ បាន​ប្រាប់​ថា ​ការ​ព្រមាន​ពី​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​​ទាំង​នោះ គឺ​ជា​សិទ្ធិ​របស់​ពួកគេ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​អំពី​អនាគត​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​នា​ពេល​អនាគត​នោះ ក្រោយ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​ព្រមាន​បែប​នេះ​នោះ លោក Ken Loo ប្រាប់​ថា​៖ «យើង​រង់ចាំ​មើល​អ្វីៗ​ឱ្យ​ប្រាកដ​សិន មុន​នឹង​សម្រេច​ចិត្ត​អំពី​ផែនការ​អនាគត»

លោក Ken Loo ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ Reuters ដែល​បាន​និយាយ​ថា៖ «អ្នក​អាច​ឃើញ​រួច​ហើយ​នូវ​ផល​ប៉ះ​ពាល់ នេះ​គ្រាន់​តែ​មាន​ការ​គំរាម​កំហែង​ដក​ហូត​ប៉ុណ្ណោះ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​នោះ​ថា បាន​និយាយ​ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​មើល​ឃើញ​ថា ម៉ាក​យីហោ​របស់​ពួកគេ​ល្អ។

លោក ហេង សួរ ប្រាប់​ថា​៖ «ប្រសិន​បើ​គេ​ដក​ចេញ គេ​នឹង​ក្លាយ​ទៅ​ជា​ម៉ាក​ដែល​យក​ប្រាក់​ចំណេញ​ជា​ត្រីមុខ […] គាត់​អាច​និយាយ​គ្រប់​រឿង​ដែល​មើល​ទៅ​ឱ្យ​ឃើញ​ម៉ាក​គាត់​ល្អ​ប៉ុណ្ណោះ»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​ដឹង​ថា តួនាទី​របស់​ក្រុមហ៊ុន​ H&M និងក្រុមហ៊ុន Primark មាន​សារ​សំខាន់​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ដោយសារ​តែ​ទំហំ​នៃ​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ មានទំហំ​ខ្ទង់ ១០​ភាគរយ​នៃ​ការ​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ទាំង​មូល​ពី​ប្រទេស​កម្ពុជា។

លោក អាត់ ធន់ ប្រាប់​ថា​៖ «អញ្ចឹង បើក្រុមហ៊ុន​ពីរ​នេះ​មាន​ការ​ព្រមាន វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ទេ ក្នុង​ករណី​យើង​អត់​មាន​ EBA។ អញ្ចឹង ខ្ញុំ​គិត​ថា វា​កាន់​តែ​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ព្រួយ​បារម្ភ​​របស់​អ្នក​បញ្ជា​ទិញ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ហ្នឹង វា​អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ ក្នុង​ករណី​ដែល​យើង​អត់​មាន EBA ហ្នឹង​ឯងនា​ពេល​ខាង​មុខ»

កាល​ពី​ខែ​ឧសភា​កន្លង​មក ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចំនួន ២០​ដែល​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​​ពី​ប្រទេស​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បាន​បង្ហាញ​រួច​មក​ហើយ​នូវ​ក្ដី​បារម្ភ​របស់​ខ្លួន​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មក​លើ​កម្មករ និង​គ្រួសារ​របស់​ពួកគេ​។

សហភាព​អឺរ៉ុប​នឹង​សម្រេច​ថា ដក ឬ​មិន​ដក​ EBA ​សម្រាប់​ប្រទេស​កម្ពុជានៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​របាយការណ៍​វាយ​តម្លៃ​បឋម​មួយ​មក​រដ្ឋាភិបាល​កម្ពុជា​រួច​រាល់​ហើយ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដែល​របាយការណ៍​នោះ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ក្ដី​កង្វល់​ជុំ​វិញ​អ្វី​ដែល​សហភាព​អឺរ៉ុប​ហៅ​ថា ការ​ធ្លាក់​ចុះ​ការ​គោរព​​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
619 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7768 នាក់
ខែនេះ :
27321 នាក់
3 ខែនេះ :
61154 នាក់
សរុប :
2511861 នាក់