ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សហ​ភាព​អឺរ៉ុប​ព្រមាន​ចាត់​វិធានការ​លើ​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា
Di,03 Dezember 2019 (Time 12:12 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1024នាក់)


ភ្នំពេញ៖ ក្រុម​ប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប​បានចេញនូវសេចក្ដី​សម្រេចមួយនៅថ្ងៃ​ច័ន្ទនេះ​ព្រមាន​ចាត់​វិធានការ​តបត​នឹង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការបង្ក្រាបនយោបាយ​ដ៏ជ្រាល​ជ្រៅ​លើក្រុមនយោបាយជំទាស់​ ​អង្គការ​សង្គមស៊ីវិល និង​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច​ខ្មែរ។​

 

សេចក្ដីសម្រេច​ ដែល​ត្រូវ​បាន​អនុម័ត​ក្រោយ​ការ​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ នា​ទីក្រុង​ព្រុចសែល​បាន​ទទូច​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន កែប្រែ​ស្ថាន​ការណ៍​នយោបាយ​ឱ្យ​ដូច​ដើមវិញ ​ដោយ​ដោះ​លែង​លោក​កឹម​ សុខា ​និងដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បានរំលាយដោយ​សេចក្ដី​សម្រេច​ដ៏​ចម្រូង​ចម្រាស​មួយ​របស់​តុលាការ​កំពូល ​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំមុន។​

 

ក្រុម​ប្រឹក្សា​ដដែល​បាន​ទទូច​ឲ្យរដ្ឋាភិបាល​ក្រុង​ភ្នំពេញបញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ជា ​«ឧបករណ៍​នយោបាយ​ក្នុង​ការ​បៀតបៀន ​យាយី​ និង​គំរាម​កំហែង​គូ​ជំទាស់​ផ្នែក​នយោបាយ ​សង្គម​ស៊ីវិល ​សកម្មជន​សិទ្ធិ​ការងារ​ និង​អ្នក​ការពារសិទ្ធិ​មនុស្ស» ​ហើយ​ថា​ បើ​សិន​ជា​ស្ថាន​ការណ៍​មិន​ល្អ​ដូច​ប្រក្រតី​វិញ​ទេ ​សហ​ភាព​អឺរ៉ុប​ក៏​អាច​នឹង​ពិចារណា​ចាត់​វិធានការ​ដាក់​គោល​ដៅ​ជាក់លាក់​គឺ​ Specific ​Targeted​ Measure ​ដែល​ទំនង​ជា​សំដៅ​ដល់​ទណ្ឌកម្ម​ចំពោះមន្ត្រី​អ្នក​មុខ​ អ្នក​ការ​ក្នុង​រដ្ឋបាល​ខ្មែរដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ក្រាប​ផ្នែក​នយោបាយ។​

 

ការ​ប្រជុំ​ក្រុម​ប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហ​ភាពអឺរ៉ុប​ដែល​ចេញ​សេចក្ដី​សម្រេច​នេះត្រូវ​បាន​ដឹក​នាំដោយ​អ្នកស្រី​ Federica ​Mogherini ​អនុ​ប្រធាន​គណៈ​កម្មាការ​អឺរ៉ុប ​ដែល​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បរទេស ​និង​សន្តិសុខ​របស់​សហ​ភាព​អឺរ៉ុប។​

 

ការ​ទទួល​បាន​បុព្វសិទ្ធិ​ក្នុង​នាម​ជា​ប្រទេស​ដែលទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​ឥត​បង់​កម្រៃ​ពន្ធ​គយ​ ​កម្ពុជា​ក៏​ត្រូវបាន​ក្រុម​ប្រឹក្សា​ផ្នែក​កិច្ចការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប​ព្រមាន​ផង​ដែរ​ថា ​ខ្លួន​នឹង​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​យ៉ាង​ដិត​ដល់ ​ហើយលក្ខណៈ​សម្បត្តិ​របស់​ប្រទេស​នេះ​ក្នុង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ ឬ​អត់​ក្នុង​ពេល​អនាគត​គឺ​ត្រូវផ្សារភ្ជាប់​ជាមួយ​ស្ថាន​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។​

 

លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ថ្លែង​ប្រាប់ ​ខ្មែរជាយដែនថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ ដែល​លោក​ថា​ បាន​យល់​ច្រឡំ​អំពី​ស្ថាន​ការណ៍​នយោបាយ ​និង​ការ​អនុវត្ត​ច្បាប់​ជាក់​ស្តែង​នៅ​កម្ពុជា។​

 

ការ​ចេញ​សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​អសកលនៅ​ប្រទេស​កម្ពុជា ​ដែល​ជា​លទ្ធផលគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ក្លាយ​ជា​គណបក្ស​នយោបាយ​តែ​មួយ​គត់​ដែលអង្គុយ​ក្នុង​ព្រឹទ្ធ​សភា ​ក្នុង​ពេល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែងត្រដំ​ត្រសង​ជាមួយ​គណ​បក្ស​កាន់​អំណាច។​

 

នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ឯណោះ​វិញ​ ​សមាជិក​ព្រឹទ្ធ​សភា​ដែល​មាន​កិត្តិនាម​ល្បី​ជា​ច្រើន​រូប ​បាន​ និង​កំពុង​មូល​មតិ​គ្នា​ធ្វើច្បាប់​ CARI Act «ស្តី​ពី​ការទទួលខុសត្រូវ​របស់​កម្ពុជា និងធ្វើឱ្យ​ការវិនិយោគ​ត្រឡប់​ដូចដើមវិញ‍‍»​ ​ដើម្បី​ឆ្លើយ​តបនឹងការ​បង្ក្រាប​នយោបាយ​ និង​ការ​កើន​ឡើង​នៃ​អំណាច​សេដ្ឋកិច្ច​នយោបាយ​របស់​ចិន​នៅ​កម្ពុជា​ផង​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1134 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8283 នាក់
ខែនេះ :
27836 នាក់
3 ខែនេះ :
61669 នាក់
សរុប :
2512376 នាក់