ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​ឧកញ៉ាទ្រីភាព​និង​ឧត្តមសេនីយ៍​​គន់ គីម​និង​ក្រុមគ្រួសារ
Di,10 Dezember 2019 (Time 10:52 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1053នាក់)


ក្រសួងហិរញ្ញវត្ថុសហរដ្ឋ​អាមេរិក​បានសម្រេច​នៅ​ថ្ងៃ​ច័ន្ទ​នេះដាក់ទណ្ឌកម្ម​សេដ្ឋីកម្ពុជា​ម្នាក់ និងមន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជាម្នាក់​ព្រម​ទាំង​ក្រុមគ្រួសារដោយចោទប្រកាន់​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។

 

ការដាក់ទណ្ឌកម្ម​នេះ​ធ្វើ​ឡើង​ក្រោម​ច្បាប់ ​Global Magnitsky ​ដែល​សំដៅ​លើ​មន្ត្រី​នៃ​រដ្ឋាភិបាលបរទេសណា​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ហើយ​ហាមឃាត់មិន​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ឬចេញចូល​សហរដ្ឋ​អាមេរិក​ទេ។

 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថាសេដ្ឋី​និង​មន្ត្រី​យោធារូបនោះ​គឺលោក​ឧកញ៉ា ទ្រី ភាព និងលោកនាយឧត្តម​សេនីយ៍ គន់ គីម ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ អ្នកទាំងពីរបាន​ប្រើប្រាស់​ឥទ្ធិពលនិង​បណ្តាញរបស់​ខ្លួនដើម្បី​កេងប្រវ័ញ​ពលរដ្ឋ​កម្ពុជា​ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​ដែល​មក​រកស៊ី​នៅ​កម្ពុជា​។​

 

បន្ថែម​ពីនោះ​គឺ​ក្រុមហ៊ុន​ចំនួន១៦​ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អ្នក​ទាំងពីរ​នេះក៏ត្រូវ​រង​ទណ្ឌកម្មដែរហើយ​សមាជិក​ក្រុមគ្រួសារ​ចំនួន​បីនាក់​ទៀត​របស់​លោក​គន់ គីម គឺ​ភរិយា​ឈ្មោះគីង ចាន់ឌី ​លោកគីម ផារ៉ា និង​អ្នកស្រី​គីម សុផារីក៏មាន​នៅក្នុង​បញ្ជី​ដាក់​ទណ្ឌកម្មដែរ។

 

លោក​ Steven T. Mnuchin ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា៖

 

«អំពើ​ពុករលួយ​បាន​ដកសិទ្ធិមិន​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ធនធាន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ មិន​ទទួលបាន​សេវា​ចាំបាច់​ជាមូលដ្ឋាន និង​ឱកាស​សេដ្ឋកិច្ច​ ក្នុងពេល​ជាមួយ​គ្នា​នោះ​គឺបាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច​មានទ្រព្យធន ហើយ​បាន​បំផ្លាញ​បរិស្ថាន បង្កអស្ថិរភាព​នយោបាយ​ និង​ជម្លោះ‍»។

 

លោក​ឧកញ៉ា ទ្រី ភាព​ត្រូវ​ចោទ​ថា​បាន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាពពុករលួយ​ដោយ​ផ្ទាល់​និង​ដោយ​មិន​ផ្ទាល់​ ដែល​ក្នុងនោះ​មាន​ការគ្រប់គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ​មិនត្រឹមត្រូវ រឹបអូស​ទ្រព្យ​សម្បត្តិ​ឯកជន​ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​រដ្ឋាភិបាល​ឬ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ឬ​សូកប៉ាន់។​

 

សេចក្តី​ប្រកាសព័ត៌មាន​បាន​បន្ថែម​ថា៖

 

«លោកទ្រី ភាព​បាន​ប្រើប្រាស់​បណ្តាញ​ដ៏ធំ​របស់គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្កើតក្រុមហ៊ុន​ឈើខុសច្បាប់​ដ៏ធំ​ដោយ​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​ ក្នុងនោះ​មាន​ការទិញ ​ការការពារ​ពី​រដ្ឋាភិបាល​ ដែល​មានក្រុមយោធាជាដើម ដើម្បីការពារ​សកម្មភាព​លក់ដូរ​ផលិតផល​ខុស​ច្បាប់‍»។

 

ចំណែក​លោក​គន់ គីម​ គឺ​ជា​មនុស្ស​សំខាន់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កោះកុង​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ចិន។

 

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

 

«លោក​គន់ គីម បាន​ប្រើប្រាស់​កងកម្លាំង​ខេមរភូមិន្ទ ទៅ​គំរាម​កំហែង កម្ទេច​ផ្ទះ និង​ឈូស​ឆាយដីតាមការចង់​បាន​របស់​ក្រុមហ៊ុន​ចិន។ លោក​គន់ គីម​ត្រូវបាន​ដក​ចេញពី​តំណែង​អគ្គមេបញ្ជាការរង​នៃកងយោធពល​ខេមភូមិន្ទ​ដោយសារ​តែ​មិន​បាន​បែងចែក​ផលប្រយោជន៍​ពី​របរ​ខុសច្បាប់​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​ក្នុងរដ្ឋាភិបាល‍»។

 

កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​លោកនាយ​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កងអង្គរក្ស​របស់​សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរក្រោមច្បាប់​Global Magnitskyនេះ។

 

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និងលោក​គន់ គីម​ក៏ដូចជាលោក​ឧកញ៉ា​ទ្រីភាព​នៅ​មិន​ទាន់​បញ្ចេញប្រតិកម្ម​អ្វីនៅឡើយទេ។

 

ខាងក្រោម​នេះ​ជា​បញ្ជី​ក្រុមហ៊ុនដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម៖

 

ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី ភាព មាន៖

 

១- Try Pheap Group Co., Ltd.;

 

២- M.D.S. Import Export Co., Ltd.;

 

៣- Try Pheap Dry Port Co., Ltd.;

 

៤- Try Pheap Engineering & Construction Co., Ltd.;

 

៥- Try Pheap Grand Royal Co., Ltd.;

 

៦- Try Pheap Import Export Co., Ltd.;

 

៧- Papa Petroleum Co., Ltd.;

 

៨- Try Pheap Property Co., Ltd.;

 

៩- Try Pheap Travel & Tours Co., Ltd.;

 

១០- M D S Thmorda S E Z Co., Ltd.;

 

១១- Try Pheap Oyadav S E Z Co., Ltd.

 

ក្រុមហ៊ុន​របស់​លោក​គន់ គីម មាន៖

 

១- 7 Makara Phary Co., Ltd. គ្រប់គ្រងដោយ​អ្នកស្រី​គីម សុផារី

 

២- K D Rubber Plantation Co., Ltd. គ្រប់គ្រងដោយអ្នកស្រី​គីង ចាន់ឌី

 

៣- Cambo Elite Security Force Co., Ltd. គ្រប់គ្រងដោយអ្នកស្រីគីម សុផារី

 

៤- Romdoul Capital Pawn Co., Ltd.

 

និង​ ៥- Romdoul Development Co., Ltd. គ្រប់គ្រងដោយ​លោក​គីម ផារ៉ា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
748 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7897 នាក់
ខែនេះ :
27450 នាក់
3 ខែនេះ :
61283 នាក់
សរុប :
2511990 នាក់