ឃាត់ខ្លួនផ្កាយ១ម្នាក់និងនគរបាល៥នាក់ទៀតនៅខណ្ឌសែនសុខ បន្ទាប់ពីសួរនាំរួចដោះលែងឲ្យមានសេរីភាពវិញ
រាជធានីភ្នំពេញ៖ ផ្អើលឈុទាំងព្រឹកតែម្តងខណះមន្រ្តីនគរបាលប្រមាណ៦នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួននៅតាមផ្លូវដោយមិនទាន់ដឹងរឿងច្បាស់លាស់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌ថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។
បើតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តតែម្តង៕