ផ្អើលក្រុងប៉ោយប៉ែតដោយជនមិនស្គាល់មុខបង្កៃគ្រាប់បែកក្នុងកាស៊ីណូហ្គោលឌិនក្រោន!
(បន្ទាយមានជ័យ)៖ បុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូហ្គោលឌិនក្រោន ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតតែម្តងហើយទីបំផុត នៅវេលាម៉ោងជាង៧៖៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដល់មនុស្សនៅកន្លែងកើតហេតុ។
នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ទៅសារព័ត៌មាន ឱ្យដឹងថា គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃដើម្បីកំណត់ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែកដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែលបង្កៃចោលក្នុងកាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រោយពេលបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។
សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍។
ហើយមន្ដ្រីស៊ីម៉ាកដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះតែម្តង។ទោះយ៉ាងណាកមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញករណីបង្កៃ គ្រាប់បែកកំណត់ម៉ោងនេះមិនដឹងថា៖តើករណីនេះផ្តើមចេញពីអ្វីនោះទេ !បានជាជនអនាមិកមានបំណងបង្កៃគ្រាប់បែកក្នុងកាស៊ីុំណូហ្គោលឌិនក្រោនបែបនេះសង្ឃឹមថាសមត្ថកិច្ចអាចបំបែកសំណុំរឿងនេះបានក្នុងពេលឆាប់ៗ៕