ជនជាតិអាមេរិកម្នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់បន្ទាប់ពីរូបគេបង្ករការអុកឡុកតាមទីសាធារណះ
ភ្នំពេញ៖នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនជាតិអាមេរិកម្នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនបង្ករការអុកឡុកតាមទីសាធារណៈ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០១នាក់ ឈ្មោះ JASON CURTIS ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ បង្ករការអុកឡុកតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជា ជាច្រើនលើកមកហើយ និងលើកចុងក្រោយនៅថ្ងៃទី០២.០២.២០១៩ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ផងដែរ៕