សង្វៀនជល់មាន់ និងវង់អាប៉ោង និងល្បែងកន្ទុយលេខ បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្បែរអធិការស្រុកព្រៃកប្បាស
ខេត្តតាកែវ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានយ បានឲ្យដឹងទៀតថា អ្នកបើកល្បែងស៊ីសងខុសច្បាប់ដូចជា បញ្ជល់ មាន់ បៀអាប៉ោង និងកន្ទុយលេខ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង មិនចាញ់កាស៊ីណូប៉ុន្មាននោះឡើយ ។
ប្រជាពលរដ្ឋ បានបន្ដថា ទីតាំងទួលមួយកន្លែង ខាងកើតផ្សារជ្រែ ក្នុងស្រុកព្រៃកប្បាស ជាសង្វៀនជល់មាន់ និងវង់អាប៉ោង ដែលចាក់ភ្នាល់ធំៗ ជារបស់មេឈ្មោះ នួន សហការជាមួយឈ្មោះ វី បាន នឹងកំពុងដំណើរការជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង ។ ប្រជាពលរដ្ឋខ្មែរច្រើនកុះករបានចូលទៅលេងល្បែងស៊ីសង ក្រោមសំណើចក្អាកក្អាយ ប៉ុន្តែពេលត្រឡប់មកវិញ មិនសូវជារីកមុខរីកមាត់ប៉ុន្មានទេ ។ ម្នាក់ៗ ចាញ់ល្បែងរាប់សិបលានរៀល ។ បើទោះជា យ៉ាងណាក៏ដោយ សមត្ថកិច្ចស្រុកព្រៃកប្បាស ហាក់ដូចជាធ្វើមិនដឹងមិនឮ និងមិនមានចំណាត់ការសោះចំពោះរឿងនេះ ។
ប្រភពដដែល បានបន្ថែមទៀតថា លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាស ប្រហែលជាត្រូវដងត្រូវផ្លែ ជាមួយពួកមេល្បែង សង្វៀនជល់មាន់ អាប៉ោង និងកន្ទុយលេខ ( ល្បែងកន្ទុយលេខ មានមេនៅក្នុងផ្សារព្រៃល្វា និងផ្សារជ្រែ ចាំទទួលយក ពីកូនៗ អ្នកកត់ឆ្នោត) បានជាបណ្ដែកបណ្ដោយ ឲ្យក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មានល្បែងស៊ីសងច្រើនប្រភេទកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលនោះទេ។
ប្រភពដដែលបានបន្ដទៀតថា នៅពេលដែល មានឮព័ត៌មាន ស្តីពីការប៉ុនប៉ងបង្ក្រាបវង់ល្បែងនេះ មានអ្នកបានផ្តល់ព័ត៌មានឲ្យមេល្បែងផ្អាកសកម្មភាពជានិច្ច ។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ នៅតំបន់នោះ ស្នើសុំឱ្យលោក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងកងកម្លាំងអាវុធហត្ថខេត្ត ត្រូវចាត់វិធានការចំពោះសង្វៀនជល់មាន់ និងវង់អាប៉ោងដ៏មហិមានេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីច្បាប់ទប់ស្កាត់ល្បែងស៊ីសង ។
ពាក់ព័ន្ធបញ្ហាព្រួយបារម្ភ ពីប្រជាពលរដ្ឋរឿងល្បែងស៊ីសងកំពុងកើតមានក្នុងមូលដ្ឋានរបស់ពួកគាត់ កាសែតខ្មែរជាយដែន មិនអាចស្វែងរកការបំភ្លឺពីលោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាស បាននៅឡើយទេ ។
ដើម្បីរក្សាភាពថ្លៃថ្នូរ យើងនឹងរងចាំការបំភ្លឺរាល់ម៉ោងបំពេញការងារ៕