តាមពិតលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំសោះ ជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់
កំពង់ធំៈ ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ប្រធានស្នាក់ការបរិស្ថានអូរងាវ លោក ជន ជីន បានឃុបឃិតឲ្យឈ្មួញកាប់ឈើយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងផលប្រយោជន៍ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនអនុផលព្រៃឈើ ត្រូវលោក ជន ជីន បង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ។
លោកជន ជីន បាននិយាយប្រាប់សហគមន៍ការពារព្រៃឈើថា ខ្លួនមិនមែនចេះតែអាចលេបម្នាក់ឯងនោះទេ ប៉ុន្តែបានចែករំលែកផ្តល់សេចក្តីសុខជូនលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនោះដែរ ។ លោក ជនជីន បានបន្ថែមថា សព្វថ្ងៃនេះ ការងារព្រៃឈើលំបាកណាស់ ដូច្នេះ ត្រូវមានខ្នងបង្អែកត្រឹមត្រូវ ទើបអាចរស់បានស្រួល ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុរសឈ្មោះ ជន ជីន ដែលជាប្រធានស្នាក់ការបរិស្ថានអូរងាវ បានឃុបឃិតអនុញ្ញាតឲ្យឈ្មួញចូលកាប់ឈើនៅតំបន់ព្រៃឡង់ហើយដឹកយកទៅលាក់ទុកនៅក្នុងចម្ការកៅស៊ូ របស់ក្រុមហ៊ុន CRCK ហើយមានឱកាសនឹងដឹកចេញ ។
នៅពេលដែលឈើផុតពីដែនសមត្ថកិច្ចបរិស្ថានហើយនោះ វាជាផលលាភរបស់មន្ត្រីរដ្ឋបាលព្រៃឈើវិញម្តង ។ ប្រជាពលរដ្ឋឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅ ចំណុចអូរងាវ កំពុងកើតឡើងយ៉ាងសកម្មប្រជែងគ្នានៃក្រុម អ្នករកស៊ីឈើនៅតំបន់នោះ លោកជន ជីន គិតតែពីដើររាប់ក្បាលឈ្មួញ ដើម្បីយកប្រាក់តែប៉ុណ្ណោះ ។ នៅពេលដែលមិនមានការកាប់បំផ្លាញព្រៃឈើ លោក ជន ជីន ហាក់ដូចជាភ័យទៅវិញ ទំនងជាភ័យខ្លាចគ្មានលុយបង់ឲ្យមេនៅឯខេត្ត ។
អាជ្ញាធរខេត្តកំពង់ធំ របស់លោកសុខ លូ ក៏ដូចជាខាងក្រសួងបរិស្ថាន ជឿ តែទៅលើរបាយការណ៍ភូតកុហក់របស់លោក តុប កក្កដា តែប៉ុណ្ណោះ ។ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រី ក្រោមឱវាទធ្វើអ្វីស្រេចតែចិត្ត ។
សកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ធំ មិនមែននៅតែក្នុងតំបន់អូរងាវប៉ុណ្ណោះទេ ប៉ុន្តែក្រោមដែនសមត្ថកិច្ចបរិស្ថានផ្សេងទៀត ក៏កំពុងកើតមានយ៉ាងអនាធិបតេយ្យ ណាស់ដែរ ។ ចំណែកមន្ត្រីបរិស្ថាន ខេត្តកំពង់ធំឯណេះវិញអះអាងថា លោកប្រធានមន្ទីរមិនមែនគ្រប់ទឹកតែបញ្ហាព្រៃឈើទេ សូម្បីតែនៅបឹងទន្លេសាបក៏លោកគ្រប់ទឹកណាស់ដែរ ៕