ការបង់ពន្ធផ្ទេរអចលនទ្រព្យ បន្តគ្នាច្រើនដងគឺប្រថាប់ត្រាតែម្តងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩នេះ
រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកពន្ធដារ បាននឹងបន្តអនុវត្តការបង់ពន្ធប្រថាប់ត្រាចំនួនមួយដង ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) សម្រាប់ឆ្នាំ ២០១៩នេះ។
នៅក្នុងលិខិតឯកភាពពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារដែលផ្ញើរទៅកាន់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សព្វផ្សាយ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩នេះ ឱ្យដឹងថា (ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋដែលជាអ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវរងការបង់ ពន្ធប្រថាប់ត្រាច្រើនតំណនៅសេសសល់ នៅឡើយ អគ្គនាយកពន្ធដារ បានស្នើរសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈលេខ ១៨៦០២ អពដ ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីបន្តគោលការណ៍ អនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាមួយដងចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែលបានផុតសុពលភាពត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ។
លិខិតដដែលបន្តថា ជាមួយគ្នានេះ ក្រសួងក៏បានឯកភាព និងបានគោរពស្នើសុំការសម្រេចបន្តគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរតាមរយៈលិខិតលេខ ១៣៦ សហវ.អពដ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ បានអនុញ្ញាតឯកភាពជាគោលការណ៍ ការបង់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរ កម្មសិទ្ធិអចលនទ្រព្យបន្ដគ្នាច្រើនដង ត្រូវបានលើកលែង ឲ្យបង់តែ១ដងប៉ុណ្ណោះ។
សម្តេចបានបន្តទៀតថា ការធ្វើបែបនេះ ដោយពិនិត្យឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួល ដល់ម្ចាស់កម្មសិទ្ធិអចលន ទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាលនៃ ការផ្ទេរអចលនទ្រព្យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាព ជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះ បង់ពន្ធប្រថាប់ត្រាតែមួយដងប៉ុណ្ណោះ លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបន្តដៃ គ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅ ត្រឹមថ្នាក់ឃុំឬសង្កាត់ ស្រុកឬខណ្ឌ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើការផ្សាព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕
ប៉ុន្តែដោយឡែកនៅក្នុងខេត្តបន្ទាយមានជ័យវិញ មិនទាន់ឃើញមានមន្រ្តីអាជ្ញាធរណា បានបង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋនៅឡើយទេ ។