សម្ដេចតេជោ ស្នើប្ដូរអភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ ក្រោយបែកធ្លាយរឿងអាស្រូវ
បន្ទាយមានជ័យៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ ហើយនឹងរៀបចំ ប្រកាសតែងតាំងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ។ ចំណែកលោក សួន បវរ ត្រូវរង់ចាំផ្ដល់ភារកិច្ចថ្មី ខណៈពេលនេះមិនទាន់បញ្ជាក់ថាជាភារកិច្ចអ្វីនៅឡើយទេ។
នៅថ្ងៃទី៨ ខែឧសាភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូមគោរពសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិថ្នាក់ឧត្ដមសេនីយ៍ឯកផ្កាយ៣ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។ ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា។ ទោះបែបនេះក្ដី រឿងនេះស្ងប់ស្ងាត់ទៅវិញ ក្រោយលេចលឺថាលោក សួន បវរ បានសងសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ ជាការបញ្ចប់រឿង។