សម្តេចក្រឡាហោម ស ខេង ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ខាងមុខ នៅតាមឃុំ សង្កាត់ នឹងទទួលបានថវិកាជាង១០ម៉ឺដុល្លារ សម្រាប់អភិវឌ្ឍន៍
បាត់ដំបង៖ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ខាងមុខតទៅ នៅតាមឃុំ សង្កាត់នីមួយៗ នឹងទទួល បានកញ្ចប់ថវិកាជាង១០ម៉ឺនដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់។ នេះបើតាមការគូសបញ្ជា ក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង ពិធីប្រកាសចូលកាន់ មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្ដបាត់ដំបង។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា “ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តទៅ ក្នុងមួយឃុំ នឹងទទួលបានថវិកា ជាង១០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ មូលដ្ឋានរបស់ ខ្លួន”។ សម្តេចក្រឡាហោម បានបន្តថា កាលពីចាប់ផ្តើម ដំបូងនៅតាមឃុំ សង្កាត់បានទទួល ថវិកាសម្រាប់អភិឌ្ឍន៍ប្រមាណ៧.០០០ដុល្លារ ឬ៨.០០០ដុល្លារ qតែប៉ុណ្ណោះ ប៉ុន្តែពេលនេះធ្វើបានជាង១០ម៉ឺនដុល្លារ។ សម្តេចក្រឡាហោមបានបន្ថែមថា ទោះបីចំនួននេះតិច បើគិតនៅតាមឃុំនីមួយៗក្តី ប៉ុន្តែបើបូកបញ្ចូលគ្នាសម្រាប់ឃុំ សង្កាត់ នៅទូទាំងប្រទេសនោះមានចំនួនច្រើន(ឃុំសង្កាត់ទូទាំងមាន១.៦៤៦)។ សម្តេចក្រឡាហោមបន្ដទៀតថា តាមច្បាប់នៅតាមឃុំ សង្កាត់ ត្រូវបានអនុញ្ញាតឱ្យរកចំណូលមកពី៣ប្រភព រួមមាន៖ ទី១ ថវិកាជាតិ ទី២ ការទទួលយកពីមូលនិធិ និងទី៣ ការរកដោយផ្ទាល់របស់ឃុំ សង្កាត់ តាមរយៈរដ្ឋផ្តល់សិទ្ធិឱ្យ។ សម្ដេចក្រឡាហោមបានបន្ថែមទៀតថា “អ្វីដែលយើងបានសន្យាពីមុនមកគឺយើងបានធ្វើ មិនដូចអ្នក មួយចំនួនបានតែថា តែអត់ធ្វើនោះទេ”៕