មន្រ្តីសិទ្ធិមនុស្ស UN ប្រាប់រដ្ឋាភិបាលកម្ពុជាថា «ដល់ពេលវេលា ដែលត្រូវសន្ទនាហើយ»
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និង លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីបង្ហាញពីក្តីកង្វល់របស់ខ្លួន ជំវិញចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលព្យាយាមបំបិទសំឡេងក្រុមអ្នកប្រឆាំង និងសំឡេងក្រុមអ្នកដែលមានមតិផ្ទុយ។
តាមរយៈសេចក្តីថ្លែងការណ៍ អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទាំងពីររូបនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវការធ្លាក់ចុះនៃសិទ្ធិនយោបាយនិងសេរីភាពជាមូលដ្ឋាន។ ពួកគាត់ សង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដល់ពេលដែលរដ្ឋាភិបាល [ត្រូវ] ដឹកនាំឲ្យផ្លាស់ប្តូរវប្បធម៌នយោបាយ ទៅជាកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហា ជាជាងផ្តោតលើរឿងបុគ្គល ដែលវា ជាវិធីមួយឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្សទាំងអស់»។
យ៉ាងណា អ្នកជំនាញសិទ្ធិមនុស្សទាំងពីរ ពុំបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ត្រូវសន្ទនាជាមួយភាគីណានោះទេ ប៉ុន្តែ ទំនងជាសំដៅលើអតីតក្រុមអ្នកប្រឆាំង ឬភាគីពាក់ព័ន្ធផ្សេងទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបថា សេចក្តីថ្លែងការណ៍របស់មន្ត្រីសិទ្ធិមនុស្សខាងលើ មាននិន្នាការនយោបាយ ហើយមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ។ លោក បកស្រាយបែបនេះ «វប្បធម៌សន្ទនា សម្តេចតេជោ បានបង្កើត បានអនុវត្តរួចហើយ តែត្រូវបានក្រុមឧទ្ទាមបំផ្លាញ។ ពួកគេ គ្រាន់តែយកវប្បធម៌សន្ទនា ធើ្វជាឱកាសដើម្បីរំខានសុខសន្តិភាពនៅកម្ពុជា។ គេ គួរតែរីករាយនឹងសេចក្តីសុខក្សេមក្សាន្តរបស់កម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកស្រី ស្មីត និង លោក កាយ៉េ ក៏បានលើកឡើងពីចំណាត់ការរបស់សមត្ថកិច្ចនិងតុលាការផងដែរ ដែលហៅអតីតមន្រ្តីគណបក្សប្រឆាំងជាង១០០នាក់ទៅសួរនាំ ក្រោយពួកគេ បង្ហាញការគាំទ្រលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាមេដឹកនាំរបស់ពួកគេ។ វិធានការនេះ ធ្វើឲ្យអ្នកទាំងពីរ មានកង្វល់ពីការប្រើច្បាប់ ដើម្បីដាក់គោលដៅទៅលើការនិយាយស្តី។
ប៉ុន្តែលោក ផៃ ស៊ីផាន បកស្រាយថា វា ជាសិទ្ធិអំណាចរបស់តុលាការ ដោយគ្មានអ្នកណាអាចលូកដៃចូលបានឡើយ៕