ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វិភាគ​៖ បេសកកម្ម​អឺរ៉ុប​លើក​នេះ​មាន​ឥទ្ធិពល​ដល់​ការផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​ទេ​?
Sun,09 June 2019 (Time 09:23 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1070នាក់)


ភ្នំពេញ៖ តំណាង​សហភាព​ អឺរ៉ុប​បាន​មក​បំពេញបេសកកម្ពុ​ជា​ លើក​ទី២​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ស្វែងរក​ការពិត ​ពី​ស្ថានភាព ​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ ​នៅ​កម្ពុជា ​ក្រោយពី​ខ្លួន​ប្រកាស​រាប់​ថ្ងៃ ​ថយក្រោយ​ លើ​វិធា​នការ​ព្យួរ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដើម្បី​ដាក់​សម្ពាធ​ ទៅ​រដ្ឋាភិបាល​កម្ពុជាឱ្យ​ស្តារ ​ប្រជាធិបតេយ្យ ​ឡើងវិញ​។

 

ដំណើរ​មកកាន់​ កម្ពុជា​លើក​ទី២របស់​គណៈប្រតិភូ​អឺរ៉ុប ​ពេលនេះ​ ក៏​ជាការស្វែងរក​ការពិត ​ចុងក្រោយ​សម្រាប់​ការ​វាយត​ម្លៃ​ជំហាន​ដំបូង​​ពី​ចំណាត់ថ្នាក់​ថា ត្រូវ​ដក​ ឬមិន​ដក ​EBA ​ពី​កម្ពុជា​ ក្នុងរយៈ១៨​ខែ​នៃ​និ​តិ​វិធី​របស់​ខ្លួន​។

 

ជា​ការ​កត់សម្គាល់ ​វិធានការ​របស់​សហភាព​អឺរ៉ុប​នេះ​ កើតឡើង​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​ ទាមទារ​​ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ ​ ទម្លាក់​បទ​ចោទ​មន្ត្រី ១១៨នាក់​ ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​យន្តការ​ប្រជាធិបតេយ្យ​ ដោយមាន​គណបក្ស​ប្រឆាំង​ចូលរួម​ ជាដើម​ គ្មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​បក្ស​កាន់អំណាច​។

 

សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ធំ​សម្រាប់​កម្ពុជា​នាំ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ទៅ​លក់​នៅ​ទីនោះ​ដោយ​រួច​ពន្ធ​។ ទីផ្សារ​នេះ​ កម្ពុជា​ចំណេញ​ប្រាក់​ជិត ៧០០លាន​ដុល្លារ​ក្នុង​មួ​យឆ្នាំ​។

 

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ធ្លាប់​បង្ហាញ​ក្តី​បារម្ភ​ថា​ ការបាត់បង់​ EBA​ អាច​នឹង​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ជាង ៧០ម៉ឺន​នាក់​ និង​ពលរដ្ឋខ្មែរ​ជាង ២លាន​នាក់​ដោយប្រយោល​។

 

ភាព​ចម្រូងចម្រាស​នៃ​វិធានការ​ដក​ EBA​ នេះ​ បង្កើត​ជា​សំណួរ​ថា​ តើ​បេសកកម្ម​អឺរ៉ុប​លើក​នេះ​មាន​ឥទ្ធិពល​ដល់​ការផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​ទេ​?

 

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា ​វិភាគ​ថា​ វត្តមាន​របស់​អឺរ៉ុប​លើក​នេះ​ ក៏​ដូច​​លើក​មុន​ដែរ​ ទំនងជា​គ្មាន​ឥទ្ធិពល​ដល់​បក្ស​កាន់អំណាច​ឱ្យ​វិល​ទៅ​រក​ការផ្សះផ្សា​ជាតិ​ទេ​ ដោយ​ថា​ គណបក្ស​កាន់អំណាច​ទំនងជា​ដឹងមុន​ថា​ ការដែល​អឺរ៉ុប​ទាមទារ​ឱ្យ​ដោះលែង​លោ​ក កឹម​ សុខា​ និង​តម្រូវ​ឱ្យ​បោះឆ្នោត​ឡើងវិញ​តាម​យន្តការ​ប្រជាធិបតេយ្យ​ដោយមាន​បក្ស​ប្រឆាំង​ចូលរួម​ឡើងវិញ​ ជា​គ្រោះ​ថ្នាក់​អំណាច​របស់​ខ្លួន​។

 

លោក​ ឯម​ សុវណ្ណ​រ៉ា មាន​ប្រសាសន៍ថា​៖ «ឆ្លើយតបទៅនឹង​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប​បានន័យ​ថា ​វា​បើក​លទ្ធភាព​ឱ្យ​គណ​បក្ស​ផ្សេង​ៗ ដូចជា ​គណបក្ស​ប្រឆាំង​ហ្នឹង​អាច​ធ្វើសកម្មភាព​អី​ឡើងវិញ​ វា​អាច​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ថមថយ​ ឬក៏​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ បាត់បង់​ប្រជាប្រិយ​ភាព​របស់​អ្នកដឹកនាំ​ ធ្វើ​ឱ្យ​មេដឹកនាំ​កាន់អំណាច​មានការ​បារម្ភ​»។

 

អ្នកវិភាគ​វ័យក្មេង​ កញ្ញា ​លី​ ស្រី​ស្រស់​ និយាយ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ និង​នយោបាយ​ គ្មានអ្វី​ប្រសើរ​ឡើង​ទេ​ បើ​ទោះបីជា​គណៈប្រតិភូ​អឺរ៉ុប​បាន​មក​ស្វែងរក​ការពិត​កាលពី​ខែមីនា​។

 

ប៉ុន្តែ ​អ្វី​ដែល​បាន​កើតឡើង​ផ្ទុយ​ទៅ​នឹង​សហភាព​អឺ​រ៉ុប​ចង់បាន ​គឺ​​អតីតមន្ត្រី​បក្ស​ប្រឆាំង​មួយចំនួន​ រង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ តាមរយៈ​តុលាការ​កោះហៅ​ទៅ​សាកសួរ​ដោយ​ផ្អែកលើ​សកម្មភាព​កន្លងទៅ។

 

អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ វិភាគ​ថា​ សញ្ញា​នេះ​ហាក់​បង្ហាញថា​ បក្ស​កាន់អំណាច​ទំនងជា​បាន​ត្រៀមខ្លួន​មិន​ទទួលយក​សម្ពាធ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ជា​ថ្នូរ​នឹង​ការផ្សះផ្សា​ជាតិ​ទេ​ ប៉ុន្តែ​ កញ្ញា​ចាត់ទុក​ល្បែ​ងន​យោ​បាយ​នេះ​ថា​ គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​។

 

កញ្ញា លី ស្រីស្រស់ ប្រាប់ថា​៖ «ឧទាហរណ៍​ថា ​យើង​នៅតែ​រក្សា​អ៊ីចឹង​ ហើយ​សហភាព​អឺរ៉ុប​នៅតែ​ដាក់ទណ្ឌកម្ម​ណាមួយ​ដែល​ទណ្ឌកម្ម​នោះ​វា​ជា​ហានិភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា ​រដ្ឋាភិបាល​ខ្លួនឯង​ក៏​ចាញ់​ប្រៀប​ទៅលើ​ល្បែង​នយោបាយ​បែបនេះ​ដែរ​ មានន័យថា​ មួយ​ចាន​ទឹក​មួយ​ចាន​គោក​»។

 

អ្នកវិភាគ​នយោបាយ​ លោក​ គឹម​ សុខ​ វិភាគ​ថា ​ដំណើរ​មកកាន់​កម្ពុជា​ជា​លើក​ទី២​ របស់​តំណាង​សហភាព​អឺរ៉ុប​នេះ​ លោក​ថា ​គ្មាន​ឥទ្ធិពល​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ទេ​ ដោយ​ថា​ គណបក្ស​កាន់អំណាច​ទំនងជា​ដឹងមុន​ថា​ ប្រជាធិបតេយ្យ​បែប​អឺរ៉ុប​ជា​ការ​គំរាមកំហែង​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​។

 

លោក​ គឹម​ សុខ ថា​៖ «ការ​ធ្វើតាម​សហភាព​អឺរ៉ុប​ ដោះលែង​លោក​ គឹម​ សុខា​ នៅពេល​នេះ​អាច​ធ្វើ​ឱ្យ​លោក​ កឹម​ សុខា​ សល់​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​គណបក្ស​ប្រឆាំង​ឡើងវិញ​ក្នុង​ការប្រកួត​ប្រជែង​។ បើដូច្នេះ​ នេះ​ជា​ផ្លូវ​គំរាមកំហែង​ធំ​ណាស់​ដល់​អំណាច​របស់​គណបក្សប្រជាជន​កម្ពុជា​ ជា​អ្វី​ដែល​លោក​ ហ៊ុន​ សែន​ មិន​ចង់​ឃើញ​ដាច់ខាត​។ ម៉្លោះ​ហើយ​យុទ្ធសាស្ត្រ​របស់​លោក​ ហ៊ុន​ សែន ​គឺ​បណ្តែតបណ្តោយ​ឱ្យ​ស្ថានភាព​បែបនេះ​នៅ​ទាល់ច្រក​បែបហ្នឹង​សិន​»។

 

យ៉ាងនេះ​ក្តី​ លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន​ អះអាង​ជា​សាធារណៈ​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក​ ប្រាក់​ សុ​ខុន​ អំឡុង​ខែ​មិនា​​កន្លង​មក ​ថា​ កង្វល់​របស់​បរទេស​មិនមែន​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ទេ​។

 

អ្នកជំនាញ​គោលនយោបាយ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត​ និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ ​Occidental​ ​សហរដ្ឋ​អាមេរិក​ លោក ​អៀ​ សុផល​ មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ នឹង​មិន​ទទួលយក​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​នេះ​ទេ ខណៈ​បក្ស​កាន់អំណាច​បាន​បង្ហាញ​យុទ្ធ​សា​ស្ដ្រច្បាស់លាស់​រួច​ទៅ​ហើយ ​គឺ​ការពឹងផ្អែក​ទៅលើ​ប្រទេស​កុម្មុយ​នី​ស្ដ​ចិន​ទាំងស្រុង​។ ប៉ុន្តែ ​លោក​បារម្ភ​ថា ​កម្ពុជា​នឹង​ត្រូវ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ ប្រសិនបើ​សេដ្ឋកិច្ច​របស់​ចិន​ជួប​វិបត្តិ​។

 

ទាក់ទិនទៅនឹង​កម្តៅ​នយោបាយ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ចំនួន ៨៥នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្នើ​ដល់​គ្រប់​ថ្នាក់ដឹកនាំ​ និង​ពលរដ្ឋខ្មែរ​គ្រប់រូប​ឱ្យ​ចូលរួម​ការពារ ​និង​លើកតម្កើង​នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើងវិញ​។

 

សេចក្តី​ថ្លែង​ការ​រួម​បញ្ជាក់​ថា​ ការជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរពច្បាប់​កំពូល​របស់​កម្ពុជា​នេះ​ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​អស្ថិរភាព​សង្គម​ និង​ទប់ស្កាត់​កុំ​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ភាព​វិនាសកម្ម​ដូច​ពីអ​តី​តកាល ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
845 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7994 នាក់
ខែនេះ :
27547 នាក់
3 ខែនេះ :
61380 នាក់
សរុប :
2512087 នាក់