ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជាតិ​សភា​អាមេរិក អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ខ្មែរ​, អ្នកនាំពាក្យ ស្នើ​ឲ្យ​គិត​ឡើង​វិញ
Thu,18 July 2019 (Time 09:11 AM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1062នាក់)


អន្តរៈជាតិ ៖ លោក ថេត យូហូ (Ted Yoho) សមាជិករដ្ឋសភាអាមេរិកម្នាក់ ដែលជាមេផ្តើមគំនិតតាក់តែងច្បាប់នេះតាំងពីអំឡុងខែមេសាមក បានចេញសេចក្តីថ្លែងការណ៍ស្តីពីការអនុម័តរបស់រដ្ឋសភា។ លោក លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីស្នើច្បាប់របស់លោក នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដែលចូលរួមធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ 

 

​សមាជិក​រដ្ឋសភា​រូបនេះ បន្តថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់អំណាច​រាប់​ទ​ស​វត្សរ៍​មកហើយ ហើយ​គ្មាន​ចេតនា​បោះបង់​អំណាច​ឡើយ​។ លោក រិះគន់ៗ​ដូច្នេះ​ថា​៖«​របប​សម្តេច ហ៊ុន សែន បាន​ប្រើ​អំពើហិង្សា ការគំរាមកំហែង និង​ការកាត់ទោស ដើម្បី​កម្ចាត់​ក្រុមប្រឆាំង​»​។ 

 

​លោក សង្កត់ធ្ងន់ថា សេចក្តីស្នើច្បាប់​របស់លោក នឹង​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​ការរំលោភ​សិ​ទិ្ធ​មនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ ដល់​មន្ត្រី​កម្ពុជា​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹងរឿង​នេះ​។ 

 

​លោក ថេត យូ​ហូ ថ្លែងថា លោក កំពុង​រង់ចាំ​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​បញ្ជូនទៅ​សភា​ជាន់ខ្ពស់ (​ព្រឹទ្ធសភា​) ដើម្បី​អនុម័ត ហើយ​នៅ​ទីបំផុតនឹង​ក្លាយជា​ច្បាប់​។ លោក បញ្ជាក់ថា​៖«​វា​ដល់ពេល​ហើយ ដើម្បី​ឲ្យ​របប​សម្តេច ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន​»​។​

 

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា សោកស្តាយ ពេល​ឮថា​រដ្ឋសភា​អាមេរិក បញ្ចប់​នីតិវិធី​លើ​សេចក្តីស្នើច្បាប់​នេះ​។ តាមរយៈ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក ចាត់ទុក សេចក្តីស្នើច្បាប់​នេះ ថា​មាន​ចរិត​នយោបាយ និង​គោលបំណង​ប្រឆាំងនឹង​សុច្ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា ដែល​បានជ្រើសរើស​មេដឹកនាំ​តាមផ្លូវ​ច្បាប់ និង​តាមរយៈ​ការបោះឆ្នោត​ប្រកបដោយ​សន្តិភាព និង​ប្រជាធិបតេយ្យ​។ 

 

​អ្នកនាំពាក្យ​រូបនេះ បន្តថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មិនអាច​ទទួលយកបាន​ទេ ដោយសារ​សេចក្តីស្នើច្បាប់​របស់​សមាជិក​រដ្ឋសភា​អាមេរិក ធ្វើឡើង​ផ្អែកទៅលើ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​បង្ហាញ​តែ​មហិច្ឆតា​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​​បុ​ណ្ណោះ​។ លោក រិះគន់​ត្រឡប់​ទៅវិញ​ថា​៖«​សេចក្តីស្នើច្បាប់​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង វិបុលភាព​របស់​កម្ពុ​ជា​»​។ 

 

​មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា អំពាវនាវ​ទៅ​ស្ថាប័ន​នីតិបញ្ញត្តិ និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក «ឲ្យ​ពិចារណា​ឡើងវិញ​» នូវ​ជំហរ​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​នៃ​ការថែរក្សា​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ក៏ដូចជា​ផលប្រយោជន៍ សម្រាប់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

 

​លោក រំពឹង​ដូច្នេះ​ថា​៖«​ព្រឹទ្ធសភា​អាមេរិក ក៏ដូចជា ប្រធានាធិបតី​សហរដ្ឋអាមេរិក [​លោក ដូ​ណា​ល់ ត្រាំ​] ច្បាស់​ជា​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​ប្រជាជាតិ​ទាំងពីរ​របស់​យើង កំពុងតែ​ប្រឹងប្រែង ដើម្បី​បន្ត​រក្សា​ផលប្រយោជន៍​រួមគ្នា​»​។​

 

​ជា​នីតិវិធី សេចក្តីស្នើច្បាប់​នេះ ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​ព្រឹទ្ធសភា ហើយ​បន្ទាប់មក ត្រូវបញ្ជូន​បន្តទៅ​ប្រធានាធិបតី ដើម្បី​អនុម័ត​ចុងក្រោយ ឲ្យ​ក្លាយទៅជា​ច្បាប់​។ យ៉ាងណាក៏ដោយ កន្លងមក ទាំង​សមាជិក​ព្រឹទ្ធសភា និង សមាជិក​រដ្ឋសភា ធ្លាប់​បានធ្វើ​សេចក្តីស្នើច្បាប់​មួយចំនួន​រួចមកហើយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ទើបតែលេចឡើងនូវ​សេចក្តីស្នើច្បាប់​នេះ​មួយទេ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គេ មិនទាន់​ឃើញ​សេចក្តីស្នើ​ង​ច្បាប់​ណាមួយ ឆ្លង​ផុតពី​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ ហើយ​បញ្ជូនទៅ​ឲ្យ​ប្រធានាធិបតី ចុះហត្ថលេខា​នោះទេ​។ 

 

ក្នុងចំណោមសេចក្តីស្នើច្បាប់ទាំងនោះ មានសេចក្តីស្នើច្បាប់មួយ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក តាក់តែងឡើង ដើម្បីជំរុញឲ្យលោក ត្រាំ ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP នៅកម្ពុជា។ ចំណាត់ការរបស់សមាជិកព្រឹទ្ធសភាអាមេរិក គឺស្របនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្តើមនីតិវិធីនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ 

 

 

ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាមទារដូចគ្នា គឺឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ដោយត្រូវទម្លាក់បទចោទចេញពីលោក កឹម សុខា ប្រធាននៃអតីតគណបក្សប្រឆាំង រួមទាំងអ្នកនយោបាយ និងសកម្មជនខាងប្រឆាំងដទៃទៀត ហើយអនុញ្ញាតឲ្យអ្នកប្រឆាំងនៅក្រៅប្រទេស វិលមកកម្ពុជាវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1572 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4205 នាក់
ខែនេះ :
16595 នាក់
3 ខែនេះ :
56341 នាក់
សរុប :
2482050 នាក់