ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព្រះរាជអាជ្ញារង អ៊ាង សុគន្ធ កោះហៅតំណាងប្រជាសហគមន៍ឲ្យចូលបំភ្លឺ រឿងប្តឹងលោក ហាន សាខន មេព្រៃភ្នំព្រេច
Sat,20 July 2019 (Time 08:27 AM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1041នាក់)


(មណ្ឌលគិរី)៖ លោក អ៊ាង សុគន្ធ តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បានកោះហៅតំណាងសហគមន៍ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឲ្យចូលបំភ្លឺពាក់ព័ន្ធរឿងប្តឹងលោក ហាន សាខន នាយដែនជម្រកសត្វព្រៃភ្នំព្រេច។

 

សូមជម្រាបជូនថា តំណាងប្រជាសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង មានឈ្មោះ ប្រង់ ណច, ក្រាង ញាណ, ចៃ រិទ្ធិ និងឈ្មោះ ប្រង់ ងច កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចនាំគ្នាដាក់ពាក្យប្តឹងលោក ហាន សាខន នាយដែនជម្រកសត្វព្រៃភ្នំព្រេច ចូលអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ពីបទគំរាមកំហែង។

 

ពាក្យបណ្តឹងរបស់តំណាងប្រជាសហគមន៍បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងជាច្រើននាក់ បាននាំគ្នាដើរល្បាតដីសហគមន៍ ក្នុងគោលបំណងការពារដីធ្លី និងធនធានធម្មជាតិរបស់រដ្ឋ នៅចំណុចអូរដក្លាន់, អូរស្ងួត និងអូរព្រះ ស្រាប់តែលោក ហាន សាខន នាយដែនជម្រកសត្វព្រៃភ្នំព្រេច ដឹកនាំកូនចៅចំនួន៨នាក់ទៅហាមឃាត់មិនឲ្យប្រជាសហគមន៍ចូលល្បាតព្រៃនោះទេ។

 

លោក ហាន សាខន នាយដែនជម្រកសត្វព្រៃ បានគំរាមចាប់ប្រជាសហគមន៍ដាក់គុក ប្រសិនបើនៅតែរឹងទទឹង ហ៊ានតវ៉ា និងទាមទារការពារដីព្រៃទាំងនេះតទៅទៀត។

 

ជុំវិញករណីនេះ ខ្មែរជាយដែន ពុំទាន់អាចសុំការបញ្ជាក់ ពីលោក ហាន សាខន នាយដែន ជម្រកសត្វព្រៃភ្នំព្រេច បាននៅឡើយទេ ដោយសារលេខទូរស័ព្ទដៃរបស់លោកមិនអាចទាក់ទងបាន។

 

យោងតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ បានឲ្យដឹងថា លោក ហាន សាខន នាយដែនជម្រក សត្វព្រៃភ្នំព្រេច បានសហការគ្នាយ៉ាងល្អជាមួយប្អូនជីដូនមួយឈ្មោះលោក ញឹម វណ្ណៈ ជានាយរងដែនជម្រកសត្វព្រៃភ្នំព្រេច បើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកការពារភ្នំព្រេចយ៉ាងគគ្រឹកគ្រេង។

 

កាលពីចុងខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញធ្លាប់ បានចាប់ខ្លួនជនជាតិខ្មែរ៨នាក់ និងជនជាតិវៀតណាម២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួចចូលកាប់បំផ្លាញឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហាន សាខន និងលោក ញឹម វណ្ណៈ។

 

សេចក្តីរាយការណ៍បន្ថែមថា លោក ញឹម វណ្ណៈ ជានាយរងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ជាអ្នកកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែលខ្លួនការពារនោះផងដែរ។ ពាក់ព័ន្ធករណីនេះ លោក ញឹម វណ្ណៈ ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា លោកកាប់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចបាន ព្រោះលោកមានលិខិតអនុញ្ញាតដឹកផល អនុផលព្រៃឈើ (PC) ពីក្រសួងត្រឹមត្រូវ។

 

ព្រោះតែមានលិខិត PC នេះហើយទើបលោក ញឹម វណ្ណៈ សហការគ្នាជាមួយលោក ហាន សាខន បានកាប់ និងដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំព្រេចជាច្រើនម៉ែត្រគូប យកទៅរក្សាទុកនៅផ្ទះម្តាយក្មេករបស់លោក ញឹម វណ្ណៈ នៅក្នុងខេត្តកណ្តាល និងខ្លះទៀតត្រូវរក្សាទុកនៅផ្ទះរបស់លោក ញឹម វណ្ណៈ ក្នុងភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុនពេលនាំចេញទៅលក់នៅប្រទេសវៀតណាម។

 

បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើក្នុងខេត្តមណ្ឌលគិរី លោក ហាន សាខន នាយដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថកោះហៅឲ្យចូលទៅបំភ្លឺពាក់ព័ន្ធករណីនេះផងដែរ តែលោក ហាន សាខន មិនត្រូវបានឃាត់ខ្លួននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1024 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8173 នាក់
ខែនេះ :
27726 នាក់
3 ខែនេះ :
61559 នាក់
សរុប :
2512266 នាក់