ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកសង្កេតការណ៍ថា ការថ្លែងសន្ទរកថាស្ដីពីសិទ្ធិមនុស្សរបស់សម្ដេច ហ៊ុន សែន នៅUN អាចមិនទទួលបានការជឿជាក់
Wed,03 July 2019 (Time 08:02 AM)
ដោយ ៖ សិរីវុឌ្ឍិ (ចំនួនអ្នកអាន: 1124នាក់)


ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សម្ដេច នឹងបង្ហាញការប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហ ប្រជា ជាតិតាមរយៈការថ្លែងសន្ទរកថាបញ្ជាក់អំពីជំហនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ។ យ៉ាងណា អ្នកអង្កេតការណ៍ថា ការគ្រាន់តែថ្លែងសន្ទរកថា មិនអាចទាក់ទាញការទុកចិត្តពីអន្តរជាតិបានទេ បើគ្មានការអនុវត្ត ។ 

តាមការចុះផ្សាយនេះ បញ្ជាក់ទៀតថាសម្ដេច ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារៈដ៏សំខាន់ និងភាពច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ 

រាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា កម្ពុជាមានការគោរពសិទ្ធិមនុស្សពេញលេញ គោរពតាមរដ្ឋធម្មនុញ្ញបានយ៉ាងល្អប្រសើរ ។ 

តែយ៉ាងណា លោកស្រី ចក់ សុភាព ប្រធានមជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់សាព័ត៌មានខ្មែរជាយដែននៅថ្ងៃទី ២ កក្កដានេះថា លំហនៃសិទ្ធិរបស់សង្គមស៊ីវិលនៅមានលក្ខណៈរិតត្បិតនៅឡើយ ។

លោកស្រីបន្តថា អាជ្ញាធរកម្ពុជាប្រើប្រាស់ច្បាប់ដែលចូលជាធរមាននៅកម្ពុជាមួយចំនួន ក៏ដូចជាប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកទៅលើសកម្មជនសិទ្ធិ មនុស្ស និងសកម្មជនដែលមិនមែនអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ។ 

លោកស្រីមានប្រសាសន៍រំលឹកថា អន្តរជាតិធំៗ ជាពិ សេសគឺសហភាពអឺរ៉ុបចាត់ទុកថា កម្ពុជាមិនមានការគោរពសិទ្ធិមនុស្សឱ្យបានល្អនៅឡើយនោះទេ ដែលជាហេតុធ្វើឱ្យកម្ពុជាប្រឈមទៅនឹងការបាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញទៅប្រទេសជាសមាជិកស ហភាពអឺរ៉ុប ក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬ EBA ។ 

មិនត្រឹមតែប៉ុណ្ណោះ លោកស្រីថា កម្ពុជាមិនគួរគ្រាន់ តែបង្ហាញទៅអន្តរជាតិស្តីពីការគោរពសិទ្ធិមនុស្សតែទៅលើការថ្លែងសន្ទរកថានោះទេ តែត្រូវធ្វើជាសកម្ម ភាពដើម្បីឱ្យគេជឿជាក់ ។ 

លោកស្រីបញ្ជាក់ថា បើកម្ពុជាបានតែថ្លែង តែមិនអនុវត្តន៍នោះទេ នោះនឹងនឹងមិនអាចឱ្យអន្តរជាតិមើល ឃើញ និងជឿជាក់នោះទេ ។ 

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គ ការលីកាដូ លោក អំ សំអាត មានប្រសាសន៍កាលពីថ្ងៃទី ១ ខែកក្កដាថា កម្ពុជាមិនទាន់បានអនុវត្តន៍ឱ្យបានពេញលេញនូវការគោរពសិទ្ធិមនុស្សតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិនៅឡើយនោះទេ ។

លោក ឯម សុវណ្ណារ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា ការថ្លែងបែបនេះ គឺជាកាតព្វកិច្ចមួយរបស់កម្ពុជា ក្នុងការលើកស្ទួយប្រជាធិ បតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានៅលើឆាកអន្តរ ជាតិ ។ 

ជាងនេះ លោកឯម សុវណ្ណារ៉ាបន្តថា ការថ្លែងលើកនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសារៈសំខាន់ណាស់ ប៉ុន្តែបើគ្រាន់តែការថ្លែងសន្ទរកថាតែមួយមុខមិនអាចទាញយកការជឿទុកចិត្តពីអន្តរជាតិបានទេ ពិ សេសគឺសហភាពអឺរ៉ុប ។ 

លោកថា ក្នុងការចូលជួបជាមួយនឹងបណ្ដាប្រទេសផ្សេងៗ កម្ពុជាអាចបង្កើនទំនាក់ទំនងការទូតបាន អា ស្រ័យទៅលើសមត្ថភាពរបស់អ្នកតំណាងនោះ ។ 

ប្រទេសប្រជាធិបតេយ្យធំៗ មានដូចជាសហរដ្ឋ អា មេរិក ប្រទេសជាសមាជិកសហភាពអឺរ៉ុប សន្មតថា កម្ពុជាមិនមានការគោរពសិទ្ធិមនុស្ស មិនអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាហេតុធ្វើឱ្យប្រទេសទាំងនេះ ទាមទារឱ្យស្ដារឡើងវិញនូវស្ថានភាពវិបត្តិនយោបាយ ដើម្បីបន្តទទួលការអនុគ្រោះពន្ធ ។ 

សារព័ត៌មានខ្មែរជាយដែនមិនទាន់ សុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅឡើយនោះទេ ។

កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ក្រោយបិទបញ្ចប់សម័យ ប្រជុំលើកទី៣២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ (UN) រដ្ឋជាសមាជិកអង្គការសហ ប្រជាជាតិចំនួន៧៣ បានផ្ដល់អនុសាសន៍ចំនួន២០២ ចំណុចមកកម្ពុជា។ ជាអនុសាសន៍ផ្ដោតទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។ តែបែបនេះក្ដីកម្ពុជាមិនទទួល យកទាំងអស់នោះទេ ដោយចាត់ទុកថា ជាហេតុផលនយោបាយ ។ 

លោកស្រីរូ ណាស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែឧសភា បានចេញសេចក្ដី ថ្លែងការបញ្ចប់បេសកម្មរបស់ខ្លួន ។ សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា លោកស្រីមានការសោកស្ដាយ ចំពោះការបំពេញការងារ និងការតស៊ូមតិដើម្បីលើកកំពស់ និងការពារសិទ្ធិមនុស្ស តែបែជាមានការចាត់ទុកថា ជាផ្នែកមួយនៃគណបក្សប្រឆាំង ។ ជាងនេះ លោកស្រីក៏នៅតែមានកង្វល់ និងចាត់ទុកថា រាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធទៅលើសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1068 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8217 នាក់
ខែនេះ :
27770 នាក់
3 ខែនេះ :
61603 នាក់
សរុប :
2512310 នាក់