សម្តេច ហ៊ុន សែន ជំរុញអាមេរិកឲ្យពន្លឿន ច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាឲ្យលឿន
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ថ្លែងក្នុងពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅអាមេ រិកឱ្យពន្លឿនការបង្កើតច្បាប់ដាក់ទណ្ឌកម្មកម្ពុជាឲ្យបានឆាប់ ដោយលោកថា ច្បាប់នោះនឹងគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់ប្រជាជនកម្ពុជានោះទេ។
រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា បានអនុម័តសំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដែលអាមេរិកយល់ថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យកម្ពុជា ដែលអាចឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ។
ថ្លែងក្នុងការពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានមរតកតេជោ នៅព្រឹកនេះ សម្តេច ហ៊ុន សែន បានជំរុញឲ្យចេញច្បាប់នេះឲ្យបានឆាប់ ខណៈដែលសម្តេចថា ប្រ សិនបើច្បាប់នេះចេញមែននោះ ប្រជាជនកម្ពុជា ១៦លាននាក់ នឹងមិនទទួលផលប៉ះពាល់នោះឡើយ។ ប៉ុន្តែ សម្តេចទទួលស្គាល់ថា វាអាចប៉ះពាល់ដល់មន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់សម្តេច។
សម្តេចមានប្រសាសន៍ថា៖ «បើច្បាប់នេះ មានគោលដៅជាក់លាក់ មាន២សំខាន់ៗ ទីមួយ ដាក់ទណ្ឌកម្មបិទទិដ្ឋាការចំពោះមន្ត្រីមួយចំនួន ទីពីរ បង្កទ្រព្យសម្បត្តិ អាហ្នឹងវាធំប៉ុណ្ណឹង អញ្ចឹងទេ ប្រជាជនខ្មែរអត់មានអីប៉ះពាល់សោះ ហើយមន្ត្រីខ្មែរ ខ្ញុំថាឲ្យ ១០០ នាក់ទៅចុះ ហើយ ១០០នាក់ហ្នឹង ត្រូវការទៅស្រុកអា មេរិកធ្វើអី ខ្ញុំសួរទៅធ្វើអី បើប៉ុន្មានឆ្នាំកន្លងទៅ វាមិនដែលទៅផងនោះ»។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ យល់ថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន នាពេលនេះ គឺគ្រាន់តែជាចិត្តសាស្ត្រចាក់ បណ្ដោយ ឲ្យស្ងប់ចិត្តប៉ុណ្ណោះ។
លោក គឹម សុខ ទទួលស្គាល់ថា វាប៉ះដល់មន្ត្រីធំៗរបស់បក្សប្រជាជនដូចសម្តេច ហ៊ុន សែន លើកឡើងមែន តែធាតុពិតនៅពីក្រោយ គឺប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ទាំងកេរ្តិ៍ឈ្មោះប្រទេស និងការទទួលជំនួយផ្សេងៗ។
លោកថា៖ «វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាតាមរយៈកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ក្រុមសម្តេច ហ៊ុន សែន ដែលកំពុងតែដឹកនាំអំណាចហ្នឹង ស្ទើរតែដួលរលំហើយ បើសិនជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ស្ថានភាពសេដ្ឋកិច្ចស្ទើរតែដួលរលំ សួរថា ប្រជាពលរដ្ឋអាចរស់នៅបានដោយរបៀបណា? គឺប៉ះដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ មិនមែនមិនប៉ះទេ»។
បើតាមលោក គឹម សុខ រដ្ឋាភិបាលគួរតែងាកមកទទួលយកសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេសសំណើរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត យកមកកែលំអខ្លួនឡើងវិញ ដើម្បីបញ្ចៀសនូវទណ្ឌកម្មណាមួយមកលើប្រទេសខ្លួននេះ។
ច្បាប់ប្រជាធិបតេយ្យកម្ពុជាដែលសភាអាមេរិកបានអនុម័តនោះ ត្រូវបានដាក់ចូលដល់ព្រឹទ្ធសភារួចហើយកាលពីថ្ងៃទី១៦ ខែកក្កដា មុននឹងប្រជុំអនុម័ត និងឆ្លងកាត់ការចុះហត្ថលេខាដោយប្រធានាធិបតីមួយដំណាក់កាលទៀត។
ក្រោយការដំណើរការច្បាប់នេះ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសដោយបានសម្តែងនូវការខកចិត្ត និងប្រឆាំងដាច់ខាតទៅលើការសម្រេចនេះ ដោយថា អាមេរិកកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា៕