សម្តេចតេជោ ហ៊ុន សែន រៀបចំនំបញ្ចុក ជូនភ្ញៀវបរទេស នៅ WTO នាទីក្រុងហ្សឺណែវ ប្រទេសស្វីស
( អន្តរជាតិ )៖ កម្ពុជាត្រូវបានផ្តល់កិត្តិយសធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីយប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអញ្ជើញ ឱ្យថ្លែងសុន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹងបញ្ហាសង្គម ក៏ដូចជាវប្បធម៌។ បន្ទាប់មក សម្តេចតេជោ ក៏បានរៀបចំនំបញ្ចុកជូនភ្ញៀវបរទេស ដើម្បីទទួលទានរួមគ្នា។
ព្រឹត្តិការណ៍សង្គម និងវប្បធម៌ ត្រូវបានប្រព្រឹត្តឡើងយ៉ាង អធិកអធម ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ WTO ក៏ដូចជាមកពីបណ្តារដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។
ក្នុងនាមជាម្ចាស់រៀប ចំព្រឹត្តិការណ៍នេះ កម្ពុជា ត្រូវបានអនុញ្ញាតឱ្យរៀបចំម្ហូបអាហារ នំចំណីផ្សេងៗ សម្រាប់ទទួលភ្ញៀវ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងជូននំបញ្ចុកដល់ភ្ញៀវបរទេស ហើយទទួលទាននំបញ្ចុករួមគ្នា មុននឹងណែនាំទៅស្រស់ម្ហូបអាហារដទៃទៀត។ ក្រៅពីនំបញ្ចុក កម្ពុជាក៏បានរៀបចំនំបត់ នំគម រួមទាំងនំចំណីខ្មែរជាច្រើនទៀត ដើម្បីជូនភ្ញៀវបរទេស ទទួលទានផងដែរ។
នៅលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌»។
សម្តេចបន្ថែមថា «ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។ យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស»៕