ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
GMAC ព្រមានថា ការផ្អាកប្រព័ន្ធ EBA នឹងធ្វើអោយកម្មកររងគ្រោះ ៧៥ម៉ឺននាក់
Mon,12 August 2019 (Time 03:51 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1039នាក់)


ភ្នំពេញៈ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​GMAC​ នា​ថ្ងៃទី ​១២ ខែ​សីហា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា ​លទ្ធភាព​នៃ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​កម្មករ​កម្មការិនី ​៧៥ ​ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ​៣ ​លាន​នាក់​ទៀត ​ហើយ​ក៏​មិន​បម្រើ​ឱ្យ​គោល​បំណង​ដើម​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​​នេះ ធ្វើ​ឡើង​ជា​ការ​រំឭក​ដល់​អ្នក​ច្បាប់​របស់​សហភាព​អឺរ៉ុប​ និង​មន្ត្រី​ឲ្យ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ នៅ​ខណៈ​​ដែល​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី ​១២ សីហា​ បាន​បញ្ចប់​នីតិវិធី​រយៈពេល ​៦ ​ខែ ក្នុង​ការ​ឃ្លាំមើល ​និង​ការ​ពិគ្រោះ​ផ្សេងៗ​ក្នុង​នីតិវិធី​ផ្អាក​ប្រព័ន្ធ EBA សម្រាប់​កម្ពុជា​។

 

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា៖ «GMAC ​ ជា​ថ្មី​ម្ដង​ទៀត​សូម ​[ប្រាប់] ដល់​អ្នក​ច្បាប់​នៃ​សហភាព​អឺរ៉ុប ​និង​មន្ត្រី​នានា ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នឹង​សហភាព​អឺរ៉ុប​ថា ​ការ​ផ្អាក​ផលប្រយោជន៍​នៃ​ EBA សម្រាប់​វិស័យ​របស់​យើង​នឹង​មាន​លទ្ធផល​ធំធេង​នោះ ​គឺ​ការ​បាត់បង់​ការងារ​នៅ​ក្នុង​កម្លាំង​ការងារ​ផ្នែក​វាយនភណ្ឌ​ ស្បែក​ជើង និង​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ ហើយ​មិន​បម្រើ​ឲ្យ​គោល​បំណង​ដើម​របស់​កម្មវិធី ​EBA ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទេ»។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «វា​ក៏​ជា​រឿង​គួរ​ឲ្យ​សោកសៅ​ និង​ជា​លទ្ធផល​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់ GMAC និង​កម្លាំង​ការងារ​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តួនាទី​របស់​អង្គការ​ ILO ក្នុង​ការ​ឃ្លាំមើល​ការ​គោរព​តាម​បទដ្ឋាន​ការងារ មិន​នៅ​តែ​កម្ពុជា​ទេ​ ថែម​ទាំង​នៅ​ក្នុង​វិស័យ​របស់​យើង​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក»​។

 

GMAC គឺ​ជា​សមាគម​តំណាង​ឲ្យ​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង ​និង​ផលិតផល​សម្រាប់​ធ្វើ​ដំណើរ​ចំនួន ​៥៨០ ​រោងចក្រ​នៅ​កម្ពុជា។ សមាគម​នេះ​ថ្លែង​ថា ​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឹរ៉ុប​តាំង​ពី​ឆ្នាំ ​២០០១ មក​ម្ល៉េះ។ កាល​ពី​ឆ្នាំ ​២០១៨ ​ការ​​នាំចេញ​ពី​កម្ពុជា​ក្នុង​វិស័យ​កាត់​ដេរស្បែក​ជើង ​និង​សម្ភារ​ធ្វើ​ដំណើរ ​មាន​ទំហំ​ទឹក​ប្រាក់ ​៥,៤ ​ពាន់​លាន​ដុល្លារ ​ដោយ​បាន​កើន​ទំហំ ​១០ ​ដង ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​មាន​កាល​ពី​ឆ្នាំ​ដំបូង។

 

សេចក្ដី​ថ្លែងការណ៍​ដដែល​និយាយ​ថា ​កិច្ច​គាំទ្រ​ស្ថិត​នៅ​ក្រោម​ EBA បាន​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ចាកចេញ​ពី​ភាព​ក្រីក្រ ​និង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​របស់​កម្ពុជា។

 

GMAC បាន​ថ្លែង​ថា ​ខ្លួន​គឺ​ជា​សមាគម​ដំបូង​គេ​ដែល​ស្វាគមន៍​ដល់​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​ត្រួត​ពិនិត្យ​រោងចក្រ​អំពី​ការ​គោរព​តាម​លក្ខខណ្ឌ​ការងារ​ថ្នាក់​ជាតិ ​និង​អន្តរជាតិ។ សមាគម​នឹង​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ការ​គោរព​តាម​លក្ខខណ្ឌ ​ហើយ​នឹង​បន្ត​គាំទ្រ​ការ​ត្រួត​ពិនិត្យ​ជា​សាធារណៈ​របស់​អន្តរជាតិ​ក្នុង​ការ​គោរព​តាម​លក្ខខណ្ឌ​ការងារ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ត្រឹមត្រូវ​លើ​ចង្វាក់​ផលិតកម្ម​ ដោយ​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​ម៉ាក​យីហោ​អន្តរជាតិ​ដែល​មាន​ប្រភព​​ពី​កម្ពុជា។

 

សមាគម​រោងចក្រ​កាត់​ដេរ​ថ្លែង​​ថា​៖ «GMAC បាន​ដាក់​ជូន​នូវ​ភ័ស្តុតាង​គាំទ្រ​ដើម្បី​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​លើ​ក្ដី​បារម្ភ​របស់​ EU និង​ដើម្បី​បញ្ជាក់​អំពី​ការ​រីក​ចម្រើន ​និង​ការ​គោរព​តាម​ពី​សំណាក់​វិស័យ​របស់​យើង​ទៅ​លើ​ច្បាប់ ​និង​បទដ្ឋាន​របស់​ ILO និង​ដើម្បី​បញ្ជាក់​ថា ​ផល​ប្រយោជន៍​ពី ​EBA គួរ​តែ​ត្រូវ​បន្ត​ផ្ដល់​ឲ្យ​ដល់​ការ​នាំចេញ​របស់​យើង»។

 

លោក ​George Edgar ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​កាល​ពី​ដើម​ខែ​នេះ​ថា​ ក្នុង​រយៈពេល ​៣ ​ខែ ​ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី ​១២​ សីហា ​ទៅ គណៈកម្មការ​អឺរ៉ុប​នឹង​ផ្ដល់​ការ​សន្និដ្ឋាន​ដល់​អាជ្ញាធរ​កម្ពុជា ហើយ​កម្ពុជា​មាន​ពេល ​១ ​ខែ ​សម្រាប់​ឆ្លើយ​តប​លើ​ការ​សន្និដ្ឋាន​នោះ។

 

លោក​ថ្លែង​ថា​៖ «បន្ទាប់​ពី​នោះ​ទៅ ​ការ​សម្រេច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប​ថា​តើ​ត្រូវ​ផ្អាក​ខ្លះ ​ឬ​ផ្អាក​ទាំង​ស្រុង​លើ​ប្រព័ន្ធ​អនុគ្រោះ​ស្ថិត​ក្រោម​របប​ពាណិជ្ជកម្ម ​EBA»។

 

លោក ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ បាន​ថ្លែង​ ពី​ម្សិលមិញ​ថា ​កម្មករ ​សហជីព ​និង​មនុស្ស​ជា​ច្រើន​ដែល​ទទួល​បាន​ផល​ពី​កម្មវិធី​ EBA ចង់​ឃើញ​សហភាព​អឺរ៉ុប​រក្សា​ទុក​ EBA សម្រាប់​កម្ពុជា។

 

លោក​ថ្លែង​ថា​៖ «ការ​ដក​ EBA នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​ការងារ​នៅ​កម្ពុជា។ ដូច្នេះ​ខ្ញុំ​គិត​ថា ​សហភាព​អឺរ៉ុប​នឹង​គិត​ពិចារណា​បញ្ហា​នេះ ​ហើយ​រក្សា​កម្មវិធី EBA ឲ្យ​កម្ពុជា»។

 

លោក​បន្ថែម​ថា ​លោក​ឃើញ​មាន​កត្តា ​៣ ​យ៉ាង​ដែល​សហភាព​អឺរ៉ុប​ធ្វើ​ការ​សម្រេច​ចិត្ត​ចាប់​ផ្ដើម​នីតិវិធី​ផ្អាក​ EBA រួម​មាន​សេរីភាព​នយោបាយ ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ។

 

លោក​ថ្លែង​ថា​៖ «ក្នុង​វិស័យ​ការងារ រឿង​មួយ​ដែល​យើង​បាន​ឃើញ​រដ្ឋាភិបាល​បាន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​នោះ​គឺ ​ការ​ទម្លាក់​បទ​ចោទ​ពី​សហជីព ​និង​មេ​សហជីព ​និង​មាន​ការ​កែប្រែ​ខ្លះ​លើ​ច្បាប់​សហជីព ​ដែល​ពួក​យើង​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ។ ដូច្នេះ​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើ​ឡើង​ជា​បន្ត​បន្ទាប់»។

 

អ្នក​វិភាគ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​បាន​ថ្លែង​ថា ​សហភាព​អឺរ៉ុប​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​អ្នក​ដែល​កាន់​កូន​សោ​សម្រាប់​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​ថា​ រដ្ឋាភិបាល​​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ទេ​ ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​​ដាក់​បន្ទុក​សំណុំ​រឿង​លោក ​កឹម សុខា ​និង​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​។

 

លោក​ថ្លែង​ថា​៖ «យើង​បាន​ឃើញ​ថា​ រដ្ឋាភិបាល​មាន​បំណង​ចង់​រក្សា​ EBA ​ប៉ុន្តែ​យើង​មិន​បាន​ឃើញ​អាកប្បកិរិយា​ជាក់​ស្ដែង​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​អន្តរជាតិ​ទេ។ EBA មិន​អាចរក្សា បាន​ទេ​បើ​សិន​យើង​មិន​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​របស់​គេ»។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា​ ក្រសួង​ការ​បរទេស ​និង​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ធ្វើ​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ព្រោះ​កម្ពុជា​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​។​

លោក​ថា​៖ «​ទោះបី​យ៉ាង​​ណា​យើង​បង្ហាញ​ជំហរ​របស់​យើង​ជា​ប្រជាជាតិ​មាន​អធិបតេយ្យ​មួយ​ យើង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មួយ​ ក្រុម​ណា​មួយ​មក​បំផ្លាញ​ រុករាន​អធិបតេយ្យភាព​​របស់​កម្ពុជា​នោះ​ទេ»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
546 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7695 នាក់
ខែនេះ :
27248 នាក់
3 ខែនេះ :
61081 នាក់
សរុប :
2511788 នាក់