ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជប៉ុនផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា
Thu,15 August 2019 (Time 05:35 PM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 956នាក់)


ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន បាន​ជំរុញ​ឲ្យប្រទេស​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខ​ភាព​របស់​លោក កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល។

នៅ​ក្នុង​សារ​អេឡិច​ត្រូនិក​បានលើកឡើង មកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Hironori Suzuki ទីប្រឹក្សា​ស្ថាន​ទូតជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា «រដ្ឋា​ភិបាល​ជប៉ុន​បាន​លើក​ទឹក​ចិត្តដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជា​ចាំបាច់​ចំពោះ​លក្ខខណ្ឌ​សុខ​ភាព​របស់​លោក​ កឹម​ សុខា ​តាម​របៀប​មនុស្ស​ធម៌»។
 
សេចក្តី​បញ្ជាក់​របស់​មន្ត្រីជាន់​ខ្ពស់​ទូត​ជប៉ុន​ធ្វើ​ឡើង​ ក្រោយ​ពី​លោក Masato Otaka ឯកអគ្គរាជ​ទូត​ទទួល​បន្ទុក​កិច្ចការ​អង្គការ​សហប្រជាជាតិ​និង​ជា​អគ្គនាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​ការ​បរទេសនៃ​ក្រសួង​ការបរទេស​ជប៉ុន ជួប​សន្ទនា​ជាមួយ​លោក កែវ​ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។ ជំនួប​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​ជប៉ុន​-កម្ពុជាលើក​ទី​១០​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​សីហា ​ក្នុង​រាជធានី​ភ្នំពេញ។
 
ក្នុង​កិច្ច​សន្ទនា​នោះ​ មាន​ការ​ផ្លាស់ប្តូរ​យោបល់​គ្នា​ជា​ច្រើន​ ទាក់​ទិន​សិទ្ធិ​មនុស្ស​ សេរីភាព​នៃ​សកម្មភាព​នយោបាយ​ បញ្ចេញមតិ​ ការ​ប្រមូលផ្តុំ​ និង​ជំនួយ​កសាង​សមត្ថភាព​របស់​ជប៉ុន​ជូន​ប្រទេស​កម្ពុជា​ ដែល​រួម​មាន​ជំនួយ​បច្ចេកទេស​ច្បាប់​ និង​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​លើ​ឆាក​អន្តរជាតិ។ កិច្ច​សន្ទនា​ក៏​បាន​លើក​ឡើង​ពី​ករណី​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​ផង​ដែរ។ នេះ​បើផ្អែក​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​ជប៉ុន​និងការ​អះអាង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​របស់​លោក​ កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។
 
ទីប្រឹក្សា​ស្ថានទូតជប៉ុន​ប្រចាំ​កម្ពុជា លោក Hironori Suzuki ​បាន​គូស​បញ្ជាក់​ថា​ប្រទេស​ជប៉ុន​ «បន្ត​តាម​ដាន​ស្ថាន​ភាព​របស់​លោក(កឹម​ សុខា)យ៉ាង​ដិត​ដល់​ជាមួយ​នឹងការ​ចាប់​អារម្មណ៍​ខ្ពស់»។
 
ទោះ​ជា​យ៉ាង​ណាអ្នក​ការទូត​ដដែល​មិន​បាន​ពន្យល់​លម្អិតនោះ​ទេ គ្រាន់​តែ​បាន​និយាយ​យោង​ដល់ស្ថានភាព​នយោបាយ​និង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា «មាន​ផល​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់សហគមន៍​អន្តរជាតិ»។
 
មុន​នឹង​អាជ្ញាធរ​កម្ពុជា​បញ្ជូនខ្លួន​មក​ឃុំ​ក្នុង​ផ្ទះ លោក កឹម សុខា​ ត្រូវ​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម។ ​អង្គការ​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស ​និង​សហគមន៍​អន្តរជាតិ​ជា​ច្រើន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ បទ​ចោទ​លើ​លោក​ កឹម​ សុខា​ ដោយ​ឥត​លក្ខខណ្ឌ។
 
លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​សុំ​មិន​ផ្តល់​ការ​អធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។
 
លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​អធិប្បាយ​របស់​ភាគី​ជប៉ុន​ គ្រាន់តែ​ជា​ការ​កត់​សម្គាល់​ពី​ស្ថានភាព​នយោបាយទូទៅ​ និង​ករណី​លោក​កឹម​ សុខា។​ ហើយភាគី​កម្ពុជា​ក៏​បាន​បកស្រាយពន្យល់​ទៅ​កាន់​ភាគី​ជប៉ុន​រួច​ហើយ​ដែរ។
 
«ខាង​កម្ពុជា​ក៏​បាន​ពន្យល់​ប្រាប់​គាត់​ទៅ​វិញដែរ​ថា ទិដ្ឋភាព​ច្បាប់​វា​យ៉ាងម៉េច​ ហើយ​ដំណាក់​កាល​នីតិវិធី​របស់​លោក កឹម​ សុខា នេះ ​បាន​ដល់​ណា​ហើយ។​ ហើយ​លោក កឹម​ សុខា​ មាន​សិទ្ធិ​អី​ខ្លះ​ តាម​ផ្លូវ​តុលាការ​ រួម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​នៅ​ថែទាំ​ មើល​ថែ​សុខភាព​អី​របស់​គាត់​ហ្នឹង​គឺ​ថា​ គាត់​អាច​ស្នើ​សុំ​បាន​ទៅ​ចៅក្រម​ស៊ើប​សួរ​ ​ហើយ​សម្រេច​យ៉ាង​ណា​នោះ ដោយ​សារ​គាត់​ស្ថិត​នៅ​ក្រោម​ផ្លូវ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ»។
 
សហរដ្ឋ​អាមេរិក​ ក៏​ធ្លាប់​បាន​រិះគន់​លើ​ការ​ឃុំ​ខ្លួន​អតីតប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ផង​ដែរ​ ដោយ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​«គ្មាន​ភស្តុតាង​ គ្មាន​សវនាការ​កាត់​ទោស​ គ្មាន​យុត្តិធម៌»។
 
ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ធ្លាប់​បាន​អះអាង​ថា​ ការ​អធិប្បាយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​ចេតនា​បំភ្លៃ​និង​បំភាន់​សាធារណ​មតិជាតិ​ និង​មតិ​អន្តរជាតិ​ ឲ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​អនុវត្ត​នីតិវិធី​ និង​ការ​អនុវត្ត​ច្បាប់​ដោយ​តុលាការ​កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1533 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4166 នាក់
ខែនេះ :
16556 នាក់
3 ខែនេះ :
56302 នាក់
សរុប :
2482011 នាក់