ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមាគមគ្រូបង្រៀនជំរុញឱ្យដោះលែងមេបក្សប្រឆាំងដើម្បីរក្សា EBA
Thu,01 August 2019 (Time 09:18 PM)
ដោយ ៖ សុខា (ចំនួនអ្នកអាន: 1010នាក់)


ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសពីគ្រោងតស៊ូមតិ ជំរុញឱ្យដោះលែងលោក កឹម សុខា និងទម្លាក់បទចោទលោក សម រង្ស៊ី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋច្រើនលាននាក់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។

សហភាពអឺរ៉ុប បានប្រកាសរួចហើយថា វិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នឹងត្រូវប្រកាសត្រឹមពាក់កណ្តាលខែសីហានេះ បើខ្លូនមើលឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានស្តារឡើងវិញ ជាពិសេសលក្ខខណ្ឌឱ្យដោះលែងលោក កឹម សុខា និងឱ្យគណបក្សប្រឆាំងបានដំណើរការឡើងវិញ ជាដើម។

 

លិខិតរបស់សមាគម ចុះថ្ងៃទី៣០ ខែកក្កដាម្សិលមិញ ជូនដំណឹងទៅសាលារាជធានីភ្នំពេញថា ពួកគេ៧២នាក់ នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា ក្នុងគោលបំណងទាមទារឱ្យដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ។

 

ទីប្រឹក្សាសមាគម លោក រ៉ុង ឈុន ឱ្យ VOD ដឹងបន្ថែមថា ការបាត់បង់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប វានឹងបង្កផលប៉ះពាល់ពាល់ពលរដ្ឋច្រើនលាននាក់ មានទាំងកម្មករក្នុងវិស័យកាត់ដេរជាង៧០ម៉ឺននាក់ មន្ត្រីរាជការ គ្រូបង្រៀន និងអាជីវករផងដែរ ។

 

លោកថា៖ «យើងមិនចង់ឃើញកម្ពុជាយើងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះទេ។អ៊ីចឹងហើយ បានជាយើងជំរុញទៅរដ្ឋាភិបាលឱ្យពិចារណាដោះលែងលោក កឹម សុខា ក៏ដូចជាការលើកលែងទោសលោក សម រង្ស៊ី ដើម្បីរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម ក៏ដូចជាការឡោមព័ទ្ធសេដ្ឋកិច្ច»។

 

VOD មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។

 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា ការជួបជុំសម្តែងមតិនៅទីសាធារណៈ ត្រូវគោរពច្បាប់ស្ដីពីបាតុកកម្មដោយសន្តិវិធី និងមានការណែនាំពីសាលារាជធានីភ្នំពេញ។ លោកបន្តថា សំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំង គ្មានភាគីណាមួយរំលោភលើសេចក្ដីសម្រេចរបស់តុលាការទេ។

 

អ្នកនាំពាក្យរូបនេះព្រមានថា បាតុកម្មដែលរៀបចំដោយសមាគមគ្រូបង្រៀននេះ នឹងត្រូវចាត់វិធានការ បើការជួបជុំនេះជាប់ពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយគាំទ្រអតីតគណបក្សប្រឆាំង។

 

លោកថា៖ «អ៊ីចឹង យើងជាភាគីខាងក្រៅ ហើយផ្អែកលើនិន្នាការនយោបាយរបស់យើង ហើយយើងយករឿង EBA មកបន្លំបាំងមុខ អាហ្នឹងវាជាការបំពានទៅលើច្បាប់មួយធ្ងន់ធ្ងរណាស់។ អ៊ីចឹង ខ្ញុំសុំឱ្យគាត់មានការប្រយ័ត្នប្រយែង ជាជាងធ្វើការជួបជុំធ្វើបាតុកម្ម ដើម្បីតែជាប្រយោជន៍របស់ក្រុមនោះ ហើយឈានទៅការបំពានច្បាប់ អាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់»។

 

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សិទ្ធិចូលរួមក្នុងជីវិតនយោបាយមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងកតិការសញ្ញាអន្តរជាតិដែលរដ្ឋាភិបាលផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ។

 

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងទៀតថា បើពលរដ្ឋប្រើប្រាស់សិទ្ធិនេះត្រូវបានសមត្ថកិច្ចបង្ក្រាប ឬចាត់វិធានការ វានឹងជំរុញឱ្យមានការរិះគន់តាន់តែខ្លាំងថា ចំណាត់ការរបស់រដ្ឋាភិបាលគ្មានមូលដ្ឋានច្បាប់។

 

លោកថា៖ «សេរីភាពផ្នែកនយោបាយនេះ យើងឃើញថា កំពុងតែមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ បើសិនជានៅតែប្រើនូវរូបភាពដែលបង្ហាញថា សេរីភាបនេះនៅតែបន្តរឹតត្បិតនោះ អ៊ីចឹង កម្ពុជាយើងចៀសមិនផុតទេនូវការដាក់ទណ្ឌកម្មផ្សេងៗពីប្រទេសលោកសេរីនោះ។អ៊ីចឹងហើយ យើងមានការព្រួយបារម្ភមែនទែនពីភាពគំរាមកំហែង ពីសេរីភាពក្នុងការចូលរួមក្នុងរបបមួយដែលគេហៅថា “លទ្ធិប្រជាធិបតេយ្យសេរី” ហ្នឹង»។

 

លោក កឹម សុខា ត្រូវសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់ខ្លួនទាំងយប់នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ចោទថា ឃុបឃិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល ។

 

ចំណែក អតីតមេដឹកនាំបក្សប្រឆាំងមួយរូបទៀត គឺលោក សម រង្ស៊ី បាននិរទេសខ្លួនម្តងទៀត នាខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីសមាជិកសភារបស់គណបក្សប្រជាជនអាណត្តិទី៥ ប្រកាសដកអភ័យឯកសិទ្ធិ ដើម្បីបើកផ្លូវឱ្យតុលាការដំណើរការនីតិវិធីសំណុំរឿងបរិហាកេរ្តិ៍លោក ហោ ណាំហុង ឡើងវិញ។

 

ប៉ុន្តែ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចាត់ទុក «លោក កឹម សុខា ថាជាមនុស្សស្អាតស្អំ តែត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌»។

 

នៅថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះដែរ ស្ថានទូតអាមេរិកនៅកម្ពុជាក៏បានរំឭកឱ្យរដ្ឋាភិបាលកម្ពុជា ស្តារស្ថានភាពនយោបាយឡើងវិញ រួមទាំងការដោះលែងលោក កឹម សុខា។​

 

ស្ថានទូអាមេរិក៖ «អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន»។

 

សារលើហ្វេសប៊ុកនេះ អាមេរិកចាត់ទុកថា ការបោះឆ្នោតកន្លងទៅដែលបានផាត់គណបក្សប្រឆាំងចេញនោះ វារឹតតែធ្វើឱ្យបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
745 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7894 នាក់
ខែនេះ :
27447 នាក់
3 ខែនេះ :
61280 នាក់
សរុប :
2511987 នាក់