ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើមូលហេតុអ្វីបានជា លោក អភិបាលខណ្ឌទួលគោក អនុញ្ញាតឲ្យក្រុមហ៊ុន DNC បើកដំណើការសាងសង់អគារទាំងមិនទាន់មានច្បាប់សាងសង់
Wed,21 August 2019 (Time 05:12 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1067នាក់)


ភ្នំពេញ៖ ពលរដ្ឋដែលកំពុងរស់នៅក្បែរការដ្ឋានសាងសង់សំណង់អគារ DNC (DISCOWER NEW CITY) ដ៏ធំមួយ នៅលើទីតាំងអតីតមជ្ឍមណ្ឌលទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ កំពុងជួបបញ្ហាសំឡេងរំខានយ៉ាងខ្លាំងនៅពេលយប់ដោយសារការដឹកដីចេញពីការដ្ឋាន និងការបុកគ្រឹះរបស់គម្រោងសាងសង់ DNC (DISCOWER NEW CITY)។ ពលរដ្ឋរស់នៅជំវិញតំបន់នេះបានឲ្យដឹងថា កន្លងមកពួកគេបានប្តឹងសុំអន្តរាគមន៍ពីសង្កាត់ និងខណ្ឌចំនួនបីដងរួចមកហើយដើម្បីទប់ស្កាត់បញ្ហារំខាននៅពេលយប់ ដែលធ្វើឲ្យពលរដ្ឋពិបាកទទួលទានដំណេក និងបង្កការរំខាន់ផ្សេងៗ តែលទ្ធផល អាជ្ញាធរនៅតែមិនអាចដោះស្រាយបាន ដោយមន្ត្រីខណ្ឌគ្រាន់តែចុះទៅណែនាំឲ្យក្រុមហ៊ុនបន្ថយម៉ោងបុកគ្រឹះ និងដឹកដីចេញតែប៉ុណ្ណោះ។ តាមពលរដ្ឋក្រោយការណែនាំរបស់អាជ្ញាធរ ដោយកំណត់ឲ្យក្រុមហ៊ុនចិនចាប់ដឹកដីពីម៉ោង៧ល្ងាច ដល់ម៉ោង១១យប់ ហើយត្រូវរត់លើផ្លូវដែលលបានកំណត់ដោយខណ្ឌ តែនៅពេលដែលមន្ត្រីទាំងនោះចេញពីការដ្ឋាន ក្រុមហ៊ុននេះនៅតែបំពានសាងសង់ បង្កសំឡេងរំខានដល់ម៉ោង៣ ឬម៉ោង៤យប់ដដែលជាដដែល។

ពលរដ្ឋនៅក្នុងតំបន់នេះបានចោទថា  ក្រុមហ៊ុនចិនមួយនេះហាក់មិនបានគោរពច្បាប់ទំលាប់ និងលក្ខខណ្ឌបច្ចេកទេសនៃការសាងសង់ឲ្យបានត្រឹមត្រូវនោះទេ។ ដោយចង់ដឹងពីលក្ខខ័ណ្ឌសាងសង់ អ្នកសារព័ត៌មានបានចុះទៅមើលលិខិតអនុញ្ញាត្តសាងសង់ តែនៅពេលទៅដល់គឺគ្មានអ្វីទាំងអស់ក្រៅពីព័ទ្ធរបងស័ង្គសី និងបិទផ្លាកក្រុមហ៊ុនធំៗជំវិញការដ្ឋាននេះ។
នៅពេលសាកសួរលើបញ្ហានេះ ទើបដឹងថាការដ្ឋាននេះមិនទាន់មានច្បាប់អនុញ្ញាត ឲ្យដឹកជញ្ជូនអាចម៍ដី ឬអនុញ្ញាតឲ្យមានសកម្មភាពសាងសង់ណាមួយ ពីសាលារាជធានីភ្នំពេញទេ។ លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា លោកមិនទាន់បានទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋនៅក្នុងតំបន់នេះនៅឡើយទេ ហើយលោកក៏មិនដឹងថាតើក្រុមហ៊ុននេះ អាចសាងសង់បានតាមរបៀបណាដែរ ព្រោះបើគ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ចេញពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ទេ សាលារាជធានីភ្នំពេញក៏មិនអាចអនុញ្ញាតឲ្យមានសកម្មភាពសាងសង់ណាមួយកើតឡើងដែរ។ ចំពោះឈ្មោះក្រុមហ៊ុន និងសកម្មភាពសាងសង់របស់ក្រុមហ៊ុននេះ សាលារាជធានីភ្នំពេញមិនទាន់ទទួលបានបែបបទស្នើសុំដឹកជញ្ជូនអាចម៍ចេញពីការដ្ឋាននៅឡើយទេ។
ប្រការ៥ នៃប្រកាសស្តីបីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការអភិវឌ្ឍដីត្រូវមានលិខិតអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរៀបចំដែនដី និងនគរូបនីយកម្ម និងជាគ្រឹះនៃភាពស្របច្បាប់នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍដី។ ការអភិវឌ្ឍដីក្នុងគោលបំណងពាណិជ្ជកម្ម សេវាកម្ម និងឩស្សាហកម្ម ត្រូវមានលិខិតអនុញ្ញាតអភិវឌ្ឍដី បើទោះជាគម្រោងនោះស្ថិតនៅក្នុងតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌជាតិក៏ដោយ។
តាមការពិតគម្រោងសាងសង់ DNC (DISCOWER NEW CITY) នៅទីតាំងអតីតមជ្ឍមណ្ឌលទួលគោក និងត្រូវអភិវឌ្ឍជា DNC Mall លើផ្ទៃដីជាង១ម៉ឺន២ពាន់ម៉ែត្រការ៉េ (១២៧២២ម៉ែត្រការ៉េ) ជាន់ក្រោមដីមានកំពស់៣.៨ម៉ែត្រ ជាន់លើដីមានកម្ពស់១៩.៩០ម៉ែត្រ។ គម្រោងសាងសង់នេះ ទទួលសាងសង់ដោយក្រុមហ៊ុន XIN SHENG CAN YIN CO.,LTD។ ក្រុមហ៊ុន XIN SHENG CAN YIN CO.,LTD នេះមានជនជាតិចិនភេទស្រីឈ្មោះ LIAO JUNNA  ជាម្ចាស់សហគ្រាស  ក្រុមហ៊ុននេះ បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នៅក្រសួងពាណិជ្ជកម្ម និងបានចុះអាជ្ញាប័ណ្ណពន្ធប៉ាតង់ ជាផ្លូវការនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ នៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ដោយប្រភេទអាជីវកម្មផ្តោតចម្បងលើភោជនីយដ្ឋាន តែការអនុវត្តជាក់ស្តែង ក្រុមហ៊ុននេះបានដើរតួរជាក្រុមហ៊ុនទទួលម៉ៅសាងសង់សំណង់អគារធំៗ យ៉ាងសកម្ម។ តាមឯកសារដែលទទួលបាន ចាប់ពីខែកក្កដាកន្លងមកនេះក្រុមហ៊ុន XIN SHENG CAN YIN CO.,LTDនេះ កំពុងតែរត់ការសុំច្បាប់សាងសង់គម្រោងសាងសង់ DNC (DISCOWER NEW CITY) ពីក្រសួងដែនដីនគរូបនីយកម្ម តែមិនទាន់បានប៉ុន្មានថ្ងៃផង បើទោះមិនមានច្បាប់ទំលាប់ត្រឹមត្រូវផង ក៏ក្រុមហ៊ុននេះ មានបំណងបុកគ្រឹះ និងត្រូវដឹកជញ្ជូនអាចម៍ដីចេញពីការដ្ឋានទុកជាមុនដើម្បីកុំឲ្យខាតពេល ដូច្នោះហើយទើបក្រុមហ៊ុនក៏ស្វែងរកផ្លូវកាត់តែម្តង គឺសុំគោលការសាងសង់ត្រឹម លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។
ក្នុងគម្រោងសាងសង់ DNC Mall បានបញ្ជាក់ថ្ងៃចាប់ផ្តើមសាងសង់ចាប់ពីខែកក្កដា ឆ្នាំ២០១៩ និងត្រូវបញ្ចប់គម្រោងសាងសង់ទាំងស្រុងនៅខែមករាឆ្នាំ២០២០។ តំណាងក្រុមហ៊ុន ក៏បានប្រព្រឹត្តអំពើពុករលួយ
ប្រការ១៣ នៃប្រកាសស្តីបីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍដី ដែលមានទំហំផ្ទៃដីតូចជាង ៥ពាន់ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលទីតាំងគម្រោងនោះស្ថិតនៅ ក្នុងករណីដែល ក្រុង ស្រុក ខណ្ឌនោះ មានប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួច ប៉ុន្តែបើទំហំផ្ទៃដីធំជាងនេះ ត្រូវសុំលិខិតអនុញ្ញាត ពីសាលារាជធានី ខែត្ត ឬក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនចិនឈ្មោះ XIN SHENG CAN YIN CO.,LTD  ទទួលម៉ៅការសាងសង់ DNC Mall អាចសាងសង់សំណង់ដោយគ្មានច្បាប់បែបនេះបាន ដោយសារតែ ម្ចាស់ក្រុមហ៊ុនមានខ្នងបង្អែកធំ និងបានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារ និងរថយន្តកូរ៉េមួយគ្រឿង ក្រោមរូបភាពឧបត្ថម្ភ ឲ្យទៅអាជ្ញាធរខណ្ឌទួលគោក ដើម្បីឲ្យជួយសម្រួលកិច្ចការងាររបស់ពួកគេ នៅគ្រាដែលក្រុមហ៊ុនរត់ច្បាប់សាងសង់មិនទាន់បានជាផ្លូវការ។
ពលរដ្ឋដែលរស់នៅក្បែរការដ្ឋានសំណង់របស់ក្រុមហ៊ុនចិននោះ បានឲ្យអ្នកសារព័ត៌មានដឹងថា ក្រោយពួកគេបានប្តឹងទៅអាជ្ញាធរចំនួន ៣លើកផងដែរ អំពីការរំខាន និងហានិភ័យដែលកើតចេញពីការសាងសង់សំណង់គ្មានច្បាប់នេះ ប៉ុន្តែក្រុមហ៊ុននៅតែអាចបន្តសកម្មភាពយ៉ាងរលូនដដែលបើទោះជាដឹងថាគ្មានច្បាប់ក៏ដោយ។
ជុំវិញករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា «ក្រុមហ៊ុនគ្រាន់តែ ជីកដីពិសោធបណ្តើរៗប៉ុណ្ណោះ ចំណែកច្បាប់សាងសង់ អាចសប្តាហ៍ក្រោយគេរត់បានហើយ។ រឿងរថយន្តកូរ៉េ តម្លៃ ប្រហែល ៧០០០ដុល្លារ គឺក្រុមហ៊ុនឧបត្ថម្ភដោយស្ម័គ្រចិត្តដល់ខណ្ឌដើម្បីដឹកប្រជាការពារខណ្ឌ និងដឹកទឹកស្រោចដើមឈើ»។
លោក ឯក ឃុនដឿន បន្ថែមថា «រឿងលុយ ជាង ១ម៉ឺនដុល្លារ ដែលគេអះអាងថា ប្រគល់ឲ្យខណ្ឌនោះ មិនពិតទេ។ ខ្ញុំចង់បានការសហការជាមួយបងប្អូនកាសែត រកមុខអ្នកណាដែលបង្កើតពាក្យចចាមអារាមនេះឡើង? ហើយអ្នកណាជាអ្នកយកលុយពីក្រុមហ៊ុន? វាមានក្រុមចុះទៅគោះក្រុមហ៊ុនគេ តែមិនបានលុយពីគេ បែរជានាំគ្នាដើរបង្កើតពាក្យចចាមអារាមនេះឡើង»។ លោក ឯក ឃុនដឿនបន្ថែម «អាជ្ញាធរខណ្ឌ បានត្រឹមជួយសម្របសម្រួលការងារដល់អ្នកវិនិយោគទេ។ ដូច្នេះបើបងប្អូនចុះផ្សាយក្រែងវាប៉ះពាល់ដល់ ការវិនិយោគរបស់ក្រុមហ៊ុន នាំខាតប្រយោជន៍ជាតិ»។
រហូតមកសល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩នេះ ការដ្ឋានសាងសង់នេះនៅតែបន្តដឹកអាចម៍ដីចេញយ៉ាងរលូន ស្ទើតែសម្រេចបានទាំងស្រុងទៅហើយ ដែលសកម្មភាពនេះទំនងមិនមែនជាសកម្មភាពជីកអាចម៍ដីធ្វើពិសោធន៍ ដូចការអះអាងរបស់អភិបាលខណ្ឌទួលគោកនេះឡើយ។
គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ បន្ទាប់ពីបានពិនិត្យឃើញថាសំណង់មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់ត្រឹមត្រូវ។
សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា មានសំណង់មួយចំនួន បាននឹងកំពុងដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សំណង់ឲ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។ មិនតែប៉ុណ្ណោះសេចក្តីណែនាំ របស់អន្តរក្រសួង បានចេញព្រមៗគ្នាឲ្យមានវិធានការជាបន្ទាន់ បន្ទាប់ពីមានករណីរលំបាក់អគាររបស់ក្រុមហ៊ុនចិន ដែលសាងសង់ដោយគ្មានច្បាប់ បណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់អស់ជាច្រើននាក់នៅក្នុងខេត្តព្រះសីហនុកាលពីពេលកន្លងទៅថ្មីៗនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7396 នាក់
ខែនេះ :
26949 នាក់
3 ខែនេះ :
60782 នាក់
សរុប :
2511489 នាក់