ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បញ្ហា​EBA​៖ ​គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​មួយ​នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ​
Sat,03 August 2019 (Time 08:46 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 981នាក់)


 ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពីថ្ងៃទី ០១ សីហា បាន​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​។ ជំនួប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្តោត​ជា​សំខាន់​លើ​បញ្ហា EBA ខណៈ​គណៈ​កម្មការ​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​មួយ​នៅ​ត្រឹម​ពាក់​កណ្តាល​ខែសីហា​នេះ ក្រោយ​ពី​បញ្ចប់​នីតិ​វិធី​ឃ្លាំ​មើល​និង​ពិភាក្សា​ផ្ទៃ​ក្នុង​អស់​រយៈ​ពេល​៦ខែ​មក​។ 

 

ដំណឹង​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ០២សីហា​នេះ​ថា «ចាប់​ពីថ្ងៃទី ១២ សីហា​ខាង​មុខ​នេះ​តទៅ គណៈ​កម្មការ​អឺរ៉ុប​នឹង​រៀប​ចំ​ធ្វើ​សេចក្តី​សន្និដ្ឋាន​មួយ ក្រោយ​ពី​បញ្ចប់​នីតិ​វិធី​រយៈ​ពេល​៦ខែ ក្នុង​ការ​ឃ្លាំ​មើល និង​ពិភាក្សា​គ្នា​ផ្ទៃ​ក្នុង​របស់​ខ្លួន»។ លោក​បាន​ថ្លែង​ថា «ក្នុង​រយៈ​ពេល​៣ខែ គណៈ​កម្មការ​អឺរ៉ុប​នឹង​បង្ហាញ​ការ​សន្និដ្ឋាន​នោះ ដល់​អាជ្ញាធរ​កម្ពុជា ដែល​ពួក​គេ​មាន​ពេល​១ខែ​សម្រាប់​ឆ្លើយ​តប»។ បន្ទាប់​ពី​នោះ​មក ការ​សម្រេច​ចិត្ត​មួយ នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​គណៈ​កម្មការ​អឺរ៉ុប ថា​តើ ត្រូវ​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា ផ្អាក​ទាំង​ស្រុង ឬ​មួយ​ក៏​មិន​ផ្អាក​?

 

គួរ​ជំរាប​ជូន​ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈ​ប្រតិភូ​យ៉ាង​តិច​ចំនួន​ពីរ​លើក​មក​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ខែមីនា​ឆ្នាំ២០១៩​មក ដើម្បី​ប្រមូល​ព័ត៌មាន​និង​ស្វែង​រក​ការ​ពិត ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដំណើរ​ទស្សន​កិច្ច​នោះ គឺ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​នីតិ​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ ដក ឬ ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា កាលពីថ្ងៃទី ១៣ មករា ឆ្នាំ ២០១៩ និង​បន្ទាប់​ពី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា​ស្តារ​ឡើង​វិញនូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្សអស់​ជា​ច្រើន​ខែ​រួច​មក​។

 

សហភាព​អឺរ៉ុប​ដែល​បាន​រិះគន់​រដ្ឋា​ភិបាល​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​ ​ប្រធាន​អតីតគណបក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ មក​ម្លេះ​។ ដោយ​ឡែក កាលពីថ្ងៃទី៥ មីនា ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​រិះ​គន់​សហភាព​អឺរ៉ុប អំពី​ដំណើរ​ការ​សម្រេច​ត្រួត​ពិនិត្យ EBA ពី​កម្ពុជា និង​បាន​ហៅ​ដំណើរ​ការ​នេះ​ថា «គឺ​ជា​ការ​អនុវត្តន៍ នូវ​ស្តង់​ដារ​ពីរ មក​លើ​កម្ពុជា​»។

យ៉ាង​ណា​ក៏​ដោយ នៅថ្ងៃទី ០១ ខែសីហា ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ទ្វេ​ភាគី​ជាមួយ​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប។ បើ​ទោះ​បី​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥២ នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​នេះ បាន​ផ្តោត​ទៅ​លើ​ប្រធាន​រឿង​អ្វី​ក្តី ប៉ុន្តែ​លោក​ស្រី Federica Mogherini បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ASIAN Nikkei កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​ស្រី​នឹង​ផ្តោត​លើ​បញ្ហា EBA ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1387 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8536 នាក់
ខែនេះ :
28089 នាក់
3 ខែនេះ :
61922 នាក់
សរុប :
2512629 នាក់