ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កង​ទ័ព​កម្ពុជា-ឡាវ ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា នៅ​តំបន់​មុំ៣​ក្នុង​ខេត្ត​ព្រះ​វិហារ
Fri,23 August 2019 (Time 05:56 PM)
ដោយ ៖ ស្រីរត្ន (ចំនួនអ្នកអាន: 1002នាក់)


កងទ័ពកម្ពុជា-ឡាវ បានប្រឈមមុខដាក់គ្នាជាថ្មី នៅចំនុចទន្លេរពៅក្នុងតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ឈមនឹងខេត្តចំប៉ាសាក់ប្រទេសឡាវ។ តាមសេចក្តីរាយការណ៍នានា កងទ័ពឡាវនៅមិនទាន់ដកចេញពីចំណុចកើតហេតុ (WA25261-77542) នៅឡើយទេ ខណៈដែលភាគីកម្ពុជា ក៏បានបង្កើនកងទ័ព និងត្រៀមជម្លៀសប្រជាជនចំនួន៤ភូមិ ស្ថិតនៅក្នុងឃុំចំនួនពីរនៃស្រុកជាំក្សាន្ត ក្នុងករណីដែលមានការផ្ទុះអាវុធ។ 

ដំណឹង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី ២៣ សីហា​នេះ តាម​រយៈ​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ​ផ្ញើ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា កង​ទ័ព​ឡាវ​បាន​បង្កើន​កង​កម្លាំង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ២៣ សីហានេះ និង​កំពុង​បន្ត​ឈរ​ជើង​នៅ​ចំណុច​ទន្លេ​រពៅ ក្នុង​តំបន់​មុំ៣ (WA25261-77542) នៃ​ខេត្ត​ព្រះ​វិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។ ចំណែក​ឯ​ភាគី​កម្ពុជា​ឯណេះ​វិញ ក៏​បាន​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​គោល​ដៅ​រួច​ជា​ស្រេច​ហើយ​ដែរ។ បើ​តាម​របាយ​ការណ៍​ដដែល កាល​ពី​ថ្ងៃទី ២២ សីហា លោក ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​លេខ៣ ប្រចាំ​ទិស​ខេត្ត​ព្រះ​វិហារ ទើប​តែ​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​ដល់​ថ្នាក់​ដឹក​នាំ និង​សមត្ថ​កិច្ច​ស្រុក​ជាំក្សាន្ត​ឲ្យ​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤ភូមិ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​។
 
គួរ​កត់​សម្គាល់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា-ឡាវ​នេះ បាន​កើត​ឡើង​តាំង​ពីថ្ងៃទី ១៤ សីហា​មក​ម្ល៉េះ បន្ទាប់​ពី​កង​ទ័ព​ឡាវ​បាន​លើក​គ្នា​ចូល​មក​កាន់​កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេ​រពៅ​នេះ ដោយ​សំអាង​ថា ​ជា​ទឹក​ដី​របស់​គេ​។ បន្ទាប់​មក កាលពីថ្ងៃទី ១៩ សីហា ភាគី​ទាំង​ពីរ​បាន​ជួប​ចរចារ​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយ​ក្នុង​នោះ ភាគី​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ភាគី​ឡាវ​ដក​ចេញ​ពី​ចំណុច​កើត​ហេតុ (WA25261-77542)។ ប៉ុន្តែ​ភាគី​ឡាវ​មិន​ព្រម​ដក​ចេញ​នោះ​ទេ ហើយ​ថែម​ទាំង​បាន​អះអាង​ដោយ​យោង​តាម​ផែនទី​ដែល​បោះ​ពុម្ព​ដោយ​ប្រទេស​វៀត​ណាម​ថា ចំណុច​ដែល​ពួក​គេ​បោះ​ទីតាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ឡាវ ដែល​មាន​ចំងាយ​១គីឡូ​ម៉ែត្រ​ពី​ព្រំដែន​។
 
គួរ​រំឭក​ជូនថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ធ្លាប់បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នាម្តង កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ២០១៧ ​កន្លង​ទៅ បន្ទាប់ពី​យោធា​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹងនោះ​។ ហើយនៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញដែរ ដើម្បី​ដោះ​ស្រាយ​លើបញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួបដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ មេ​ដឹក​នាំ​ទាំង​ពីរ បាន​ឯកភាព​គ្នាថា នឹង​សរសេរ​លិខិតផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង ឲ្យមក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាមបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេស​សល់​ប្រមាណ​ជា​១៦%​ទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7524 នាក់
ខែនេះ :
27077 នាក់
3 ខែនេះ :
60910 នាក់
សរុប :
2511617 នាក់