ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព្រឹទ្ធ​សភា​អាមេរិក​យល់ព្រម​សំណើ​​តែងតាំង​លោក​ Patrick Murphy ​ជា​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​កម្ពុជា
Sat,03 August 2019 (Time 09:25 PM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1005នាក់)


រាជធានី​ភ្នំពេញ៖ ព្រឹទ្ធ​សភា​សហ​រដ្ឋ ​អាមេរិក ​ទើប​តែ​បាន​បោះឆ្នោត​តែងតាំង​លោក​ W. Patrick Murphy​ ឯក​អគ្គរដ្ឋទូត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ​មុខ​តំណែង​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិកនេះ​ទំនេរជា​ច្រើន​ខែ​មក​ហើយ។​ ការ​តែង​តាំង​លោក​ W. Patrick Murphy ​ធ្វើ​ឡើង​ស្រប​ពេល​ដែលមាន​ភាព​តាន​តឹង​ខាង​ពាក្យ​សម្តីខ្លះៗ​រវាង​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ និង​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា។

 

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​W. Patrick Murphy ​ត្រូវ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិកបោះឆ្នោត​យល់​ព្រម​ឲ្យ​ក្លាយ​ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា។​

 

​យោង​តាម​គេហទំព័រ​របស់​សភា​អាមេរិក ​ ការ​បោះឆ្នោត​ដែល​ធ្វើ​តាម​ខ្សែ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ផ្តល់​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​បេក្ខភាព​ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី ​មក​ជំនួស​លោក​ឯក​អគ្គរដ្ឋទូត​អាមេរិក​ចាស់​គឺ​លោក​ William Heidt​ ដែលបាន​បញ្ចប់អាណត្តិ​បីឆ្នាំ​របស់​លោក​ជាច្រើន​ខែ​មក​ហើយ។​

 

ការ​ជ្រើស​តាំង​លោក ​W. Patrick Murphy​ ជា​ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ធ្វើ​ឡើង​ខណៈ​ដែល​មាន​ភាព​តាន​តឹង​ផ្នែក​ពាក្យ​សម្តីរវាង​ស្ថាន​ទូត​អាមេរិក​និង​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​អំពីការរំឭកឡើង​វិញ​នូវ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​នៅ​កម្ពុជា។​ ហើយ​ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​លោក ​W. Patrick Murphy ​នឹង​ត្រូវ​បញ្ជូន​មក​បំពេញ​ការងារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​ពេល​ខាង​មុខ ​ក្រោយ​ពី​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​Donald Trump ​តែងតាំង​រូប​លោក​ជា​ផ្លូវការ។​

 

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ទទួល​ដំណឹង​ជាផ្លូវការ​ទាក់ទិន​នឹង​ការ​យល់ព្រម​របស់​ព្រឹទ្ធ​សភា​អាមេរិក​ឲ្យ​លោក​ W. Patrick Murphy​ ធ្វើជា​ឯក​អគ្គរដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នោះ​ទេ។ ​ប៉ុន្តែ​លោក​នឹងស្វាគមន៍​ចំពោះ​ការ​ទទួល​តំណែង​របស់​លោក W. Patrick Murphy។​

 

«យើង​គ្មា​ន​អ្វីក្រៅ​ពីការ​ស្វាគមន៍​ទេ​ ពីព្រោះ​នេះ​ជា​តំណាងនៃ​ផល​ប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​តំណាង​ទំនាក់​ទំនង​ និង​សហ​ប្រតិបត្តិការជិត​ស្និទ្ធ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា។​

 

ក្រោយ​ទទួល​បាន​សំណើ​នៃ​ការ​ជ្រើស​តាំង​ពី​លោក​ប្រធានាធិបតី ​Donald Trump ​កាល​ពី​ថ្ងៃ​ទី​១៦ខែ​មករា​ឆ្នាំ​២០១៩​ លោក Murphy បាន​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈ​កម្មការ​ព្រឹទ្ធ​សភា​រួច​ហើយ។​

 

ក្នុង​ការ​ធ្វើ​សក្ខី​កម្ម​នោះ ​លោក Murphy ​បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​សិទ្ធិ​សេរីភាព​នានា​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​សេរីភាព​ព័ត៌មាន​សង្គម​ស៊ីវិល។​

 

លោក​បាន​ប្រាប់​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ថា៖​

«‍ប្រសិន​បើ​ព្រឹទ្ធ​សភា​អនុម័ត​បេក្ខភាព​របស់​ខ្ញុំ ​ខ្ញុំ​នឹង​ពាំនាំ​សារ​ដ៏​ខ្លាំង​នេះ​ពី​សភា​និង​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក​ ហើយ​នឹង​ធ្វើ​ការ​ជាមួយ​ភាគី​ទាំង​អស់​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ និង​ដៃគូ​អង្គការ​អន្តរជាតិ​នានា​ដើម្បី​ជំរុញ​យ៉ាង​ខ្លាំងក្លា​ឱ្យ​អាជ្ញាធរ ​បើក​ឡើង​វិញ​និង​ពង្រីក​លំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ»។​

 

លោក​ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាហៅ​កាត់​ថា​ CCFC​ ប្រាប់​ ខ្មែរជាយដែន​ថា​ ​ដោយ​យោង​តាម​បទ​ពិសោធន៍​ជា​អ្នក​ការ​ទូត​យូរ​ឆ្នាំ​របស់​ Murphy ​នោះ​ លោក​ជឿ​ថា​ ឯក​អគ្គ​រដ្ឋ​ទូតថ្មី​រូប​នេះនឹង​សម្រេច​បាន​តាម​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​កិច្ច​ការ​ប្រជា​ធិបតេយ្យ​ និង​បញ្ហា​សិទ្ធិ​សេរីភាព​ផ្សេង​ទៀត​នៅ​កម្ពុជា។​

 

«លោក​ក៏ធ្លាប់​មាន​សមត្ថ​ភាពក្នុង​ស្ថានភាពជា​ឯក​អគ្គរដ្ឋ​ទូត​នៅ​ប្រទេស​ភូមាពីមុន​ដែរ។​ ពី​មុន​មក​អី​ ប្រទេស​ភូមាក៏ជា​ប្រទេស​ដែល​រង​ការ​រិះគន់​ពី​សំណាក់ជាតិ​ និង​អន្តរជាតិ​ថា​ ​ជា​ប្រទេស​ដែលបាត់​បង់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ចុះ​ខ្សោយ​ដែរ»។​

 

លោក​បាន​បន្ថែម​ថា​ ក្រោយ​ពេល​លោក​ Murphy ​បាន​បំពេញ​ការងារ​ទូត​នៅ​ប្រទេស​ភូមា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ក៏​បានប្រសើរ​ឡើង​មួយ​កម្រិត​ក្នុង​ប្រទេស​ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​ក្រុម​យោធា​ដ៏​មាន​ឥទ្ធិពល​នោះ។​

 

លោក​ផៃ ស៊ីផានមាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ជំហរ​ប្តូរ​ផ្តាច់​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ប្រសិន​បើ​សហ​រដ្ឋ​អាមេរិកកាន់​ជំហរ​ស្មោះត្រង់​ជា​មួយ​កម្ពុជា។ ​ជំហរ​ស្មោះ​ត្រង់​ដែល​លោក​មិន​បាន​បញ្ជាក់​លម្អិត។

 

ខ្មែរជាយដែន មិន​ទាន់​អាចទាក់​ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

 

លោក Murphy មាន​អាជីពជា​អ្នក​ការទូត​ជាន់​ខ្ពស់​មួយ​រូប។​ ហើយ​សព្វ​ថ្ងៃ​លោក​មាន​តួនាទី​ជា​ឧបការី​រង​ចម្បង​ស្តីទី​រដ្ឋមន្ត្រី​ការ​បរទេស​(Acting Principal Deputy Assistant​ Secretary of State)​នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

 

លោក Murphy មាន​ដើម​កំណើត​ពី​រដ្ឋ Vermont នៅ​ភាគ​ឦសាន​សហ​រដ្ឋ​អាមេរិក​ ហើយ​បាន​បម្រើ​ការ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​នៅ​ក្នុង​ក្រុម​បុគ្គលិក​កិច្ចការ​ការទូត​ជាន់ខ្ពស់​(Senior Foreign Service) ដោយ​រួម​មាន​តួនាទី​ជា​ឧបការី​រង​រដ្ឋមន្ត្រី​នៅ​ការិយាល័យ​កិច្ចការ​អាស៊ីខាង​កើត​និង​ប៉ាស៊ីហ្វិក​ពីឆ្នាំ​២០១៦ដល់​២០១៨​ ជា​អនុ​ប្រធាន​បេសក​កម្ម​និង​ភារធារី​នៅ​ស្ថានទូត​ក្នុង​ក្រុង​បាងកក ​ប្រទេស​ថៃ​ពី​ឆ្នាំ​២០១៣​ដល់​២០១៦​និង​ជា​អ្នក​តំណាង​ស្តីទី​ពិសេស​និង​ជាអ្នក​សម្រប​សម្រួល​គោល​នយោបាយ​នៅ​ក្នុង​ស្ថានទូត​ប្រចាំ​ប្រទេស​ភូមា​(មីយ៉ានម៉ា)​ពី​ឆ្នាំ​២០១២​ដល់​២០១៣​ជាដើម។​

 

លោក W. Patrick Murphy បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ពី​សាកល​វិទ្យាល័យ Johns Hopkins University និង​មហា​វិទ្យាល័យ​យោធា​ជាន់​ខ្ពស់​ជាតិ National War College​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។​ លោក Murphy ថែម​ទាំង​បាន​ទទួល​រង្វាន់​ការងារ​ជាច្រើន ​ហើយ​លោក​ចេះ​និយាយ​ភាសា​បារាំង ​ភូមា ​ចិន​កន្តាំង​ និង​ភាសា​អេស្ប៉ាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
759 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7908 នាក់
ខែនេះ :
27461 នាក់
3 ខែនេះ :
61294 នាក់
សរុប :
2512001 នាក់