អតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាព
(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរ ណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្ដាញព័ត៌មាន ខ្មែរជាយដែន នៅមុននេះបន្ដិច។
លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពី មន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។
សូមជម្រាបថា យោងតាមសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត ហើយមានឈ្មោះក្លែងក្លាយថា «បងទី២» កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។
លោកបានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។
នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយនីស្តកម្ពុជា និងជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយ របបកម្ពុជាប្រជាធិបតេយ្យ។
លោក នួន ជា រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕