ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយឧត្តមសេនីយ៍ សៅ សុខា កំពុងដឹកនាំមន្រ្តីចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើ-មធ្យោបាយ នៅតាមបណ្តាខេត្តជាប់ព្រំដែនឡាវ-វៀតណាម
Mon,05 August 2019 (Time 03:37 PM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 950នាក់)


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននិងកំពុងដឹកនាំមន្រ្តី នៃគណៈកម្មាការជាច្រើននាក់ ចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើនៅតាមបណ្តាខេត្តជាប់ព្រំដែនឡាវ-វៀតណាម ដោយចាប់ផ្តើមឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ។

នៅព្រឹកថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមមន្រ្តី បានចុះទៅពិនិត្យនៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុនបន្តដំណើរទៅតាមបណ្តាខេត្តផ្សេងទៀតរួមមាន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងជាដើម។

 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានថា នាយឧត្តមសេនីយ៍ សៅ សុខា បានចាប់ផ្តើមត្រួតពិនិត្យនៅតាមក្រុមហ៊ុន និងកន្លែងសន្និធិឈើ ព្រមទាំងមធ្យោបាយ ដោយមុនដំបូងធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរកឲ្យឃើញថា តើទីតាំងស្តុកឈើទាំងនេះ មានច្បាប់ត្រឹមត្រូវ និងធ្វើទៅតាមច្បាប់ដែរឬទេ? បើសិនរកឃើញថា មិនមានច្បាប់ត្រឹមត្រូវ និងដំណើរការខុសច្បាប់នោះ នឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាក់ស្តែង។

 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកនេះ យើងចុះមើលកន្លែងសន្និធិនៅស្រុកមេមត់ចំនួន ៥កន្លែង ហើយពេលថ្ងៃ យើងបន្តទៅស្រុកស្នួល ខេត្តក្រចេះមើល ៩កន្លែងទៀត និងមើលច្រកផ្សេងៗ ដែលពួកគាត់ធ្លាប់នាំឈើចេញនោះ គឺយើងនឹងមើលទាំងអស់ ដើម្បីឲ្យមន្រ្តីនៅក្នុងអន្តរក្រសួងដែលអញ្ជើញមកនេះ បានវាយតម្លៃពីភាពខ្វះចន្លោះ និងត្រូវទប់ស្កាត់បន្តទៀត ដើម្បីយើងរក្សាឈើយើងហ្នឹង»។

 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ក៏បានបន្ថែមផងដែរថា បន្ទាប់មក នាយឧត្តមសេនីយ៍ សៅ សុខា នឹងបន្តចុះពិនិត្យនៅខេត្តមណ្ឌលគិរី ជាកន្លែងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងឡាយ ដើម្បីឲ្យក្រុមការងារវាយតម្លៃ រួចស្នើសុំទៅរាជរដ្ឋាភិបាល សុំគោលការណ៍បន្ត បើខុសនឹងលុបចោលតែម្តង គោលបំណងរក្សាព្រៃឈើរបស់យើង។

 

សូមបញ្ជាក់ថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួនទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយ (ជាពិសេសរថយន្តបាកុង និងម៉ូតូកែច្នៃ) ជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញចោល។

 

នាយឧត្តមសេនីយ៍ សៅ សុខា ធ្លាប់បានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។

 

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិ ទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណា បូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ។

 

នៅក្នុងសារសំឡេងដែលផ្ញើជូនសមាជិកគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ដូច្នេះថា «សរុបសេចក្ដីមកត្រឹមត្រូវ ការពារដាច់ក្បាលចោល ខុសប្រឆាំងដាច់ខាតកាត់ក្បាលក្រវ័តចោល អស់អាយុជីវិតក៏ធ្វើដែរ ដើម្បីព្រៃឈើនៅសេសសល់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល គឺមានតម្លៃ ហើយសូមគ្រប់ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយការងារនេះឲ្យបានច្បាស់។ អាវុធហត្ថណាដែលប្រើឲ្យទៅធ្វើការងារ បែរជាឆ្លៀតឱកាសទៅផ្សំគំនិតជាមួយគេយកលុយ ខ្ញុំរកឃើញគឺមុនគេបំផុតអនុវត្តវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ បើជាបទល្មើស ត្រូវបញ្ជូនទៅតុលាការ ។ ហើយរហូតមកដល់ម៉ោងនេះ គ្មានទេពាក្យថា ខ្លាច និងគ្មានទេពាក្យថា ចាញ់ ដែលពាក្យទាំងពីរម៉ាត់នេះ មិនត្រូវយកមកប្រើទៀតនោះឡើយ»។

 

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្ញើសារជូនមន្ដ្រីរបស់ខ្លួន បើស្ទាក់ស្ទើរក្នុងការភារកិច្ចនេះ សូមសរសេរលិខិតមកដើម្បីលោកស្នើសុំទៅ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀត បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការពារជាតិ ដើម្បីសុំបញ្ឈប់តំណែង៕

 

        

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
455 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7604 នាក់
ខែនេះ :
27157 នាក់
3 ខែនេះ :
60990 នាក់
សរុប :
2511697 នាក់