ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមានដកអ្នកត្រួតពិនិត្យគុណភាពផ្លូវបន្ថែមទៀត បើធ្វើការមិនដិតដល់
Thu,08 August 2019 (Time 05:21 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 911នាក់)


(ភ្នំពេញ)៖ នៅថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមព្រមានដក អ្នកត្រួតពិនិត្យគុណភាពផ្លូវនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត មិនថាខ្មែរឬបរទេសនោះឡើយ បើពួកគេហ៊ានធ្វើការមិនបានដិតដល់។

 

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវដែលជាភ្នែកច្រមុះរបស់ក្រសួង ត្រូវតែខិតខំធ្វើការ ដោយឯករាជ្យ អព្យាក្រិត្យ ត្រូវធ្វើឱ្យក្រុមហ៊ុនសាង់សង់ខ្លាច ដោយមិនត្រូវខ្លាចក្រុមហ៊ុនសាងសង់នោះទេ ហើយបើការចុះធ្វើការមិនបានដិតដល់ នៅតែបន្តមាន ក្រុមហ៊ុនសាង់សង់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទៀត មិនត្រឹមតែមានក្រុមហ៊ុនពិនិត្យគុណភាពបរទេសត្រូវដកចេញទេ មន្ត្រីក្រសួងសាធារណការ ក៏ត្រូវតែដកចេញដែរ។

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តកិច្ចសន្យាប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) នាយកអង្គភាពអនុវត្តគម្រោង (PIU) អគ្គនាយកដ្ឋាសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត កងវិស្វកម្ម ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងគ្រប់ភាគីពាក់ព័ន្ធទូទាំងប្រទេស។

 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បើការសាងសង់ផ្លូវមិនបានរឹងមាំទេ វានាំឱ្យខូចខាតទាំងថវិកាជាតិ ខាតបង់ពេលវេលា ធ្វើឱ្យមានគ្រោះថ្នាក់ចររាចរណ៍ និងធ្វើឱ្យពលរដ្ឋមានការលំបាក។ បើក្នុងការសាង់សង់មិនបានត្រឹមត្រូវតាមលក្ខណបច្ចេកទេសទេ ក្រសួងនឹងធ្វើការផ្អាកក្រុមហ៊ុននោះសិន ដោយសារក្រុមហ៊ុនមិនមាននិតិវិធីក្នុងការសាងសង់។ ក្នុងនោះមានផ្លូវមួយចំនួនដែលបានសាងសង់ចប់ តែក្រសួងមិនបានទទួលយកទេ បានឱ្យធ្វើឡើងវិញឱ្យត្រឹមត្រូវតាមស្តង់ដារទើបក្រសួងទទួលយក។

 

រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានជំរុញឱ្យក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវដែលជាភ្នែក ច្រមុះរបស់ក្រសួង ត្រូវតែខិតខំធ្វើការ និងឯករាជ្យ អព្យាក្រិត្យ ត្រូវធ្វើឱ្យក្រុមហ៊ុនសាង់សង់ខ្លាច ដោយមិនត្រូវខ្លាចក្រុមហ៊ុនសាងសង់នោះទេ។ ក្រសួងបានដកមន្ត្រីប្រឹក្សាយោបល់បរទេស៦នាក់រួចមកហើយ ហើយបើនៅតែមានបញ្ហាទៀត មន្ត្រីក្រសួងក៏ត្រូវតែដកចេញដែរ បើសិនជាធ្វើការមិនបានដិតដល់ គឺត្រូវតែមានការផ្លាស់ប្តូរ បើឃើញខុសត្រូវតែហ៊ានរាយការណ៍ មិនត្រូវខ្លាចក្រុមហ៊ុនសាងសង់ទេ។

 

លោកអះអាងថា ក្រសួងសាធារណការ នឹងបង្កើតក្រុមត្រួតពិនិត្យពិសេស ដើម្បីទៅឆ្មក់លើក្រុមត្រួតពិនិត្យបរទេស និងក្រុមត្រួតពិនិត្យខ្មែរបន្ថែមទៀត ដោយមិនឱ្យដឹងមិនមុនទេ ជាមួយនឹងគ្រឿងសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការងារទាំងអស់នេះ ចាំមើលថាធ្វើបានល្អឬអត់ បើមិនបានទេនឹងដកចោលតែម្តង។

 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រុមហ៊ុនសាងសង់ផ្លូវមិនធ្វើតាមលក្ខណៈស្តង់ដារ និងនីតិវិធីត្រឹមត្រូវ នឹងដាក់ចូលក្នុងបញ្ជីខ្មៅលែងឱ្យដេញថ្លៃសាង់សង់ទៀត ហើយមន្ត្រីត្រូវតែធ្វើតាមវិន័យរបស់ក្រសួង ឱ្យត្រឹមត្រូវតាមមុខងាររបស់ខ្លួន ដោយចាប់ពីពេលនេះតទៅក្រសួងនឹងមិនអនុញ្ញាតឱ្យមានការសាងសង់ ដែលមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលមិនបានជាប់រឹងមាំជូនជាតិទៀតនោះទេ ព្រោះវាគឺខាតបង់ខ្លាំងណាស់ ដោយថវិកាមកសាង់សង់ផ្លូវនេះ គឺរកបានដោយលំបាកណាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
719 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7868 នាក់
ខែនេះ :
27421 នាក់
3 ខែនេះ :
61254 នាក់
សរុប :
2511961 នាក់