អ្នកស្រី រ៉ូណា ស្មីត៖ ស្ថានភាពសិទ្ធិមនុស្សកម្ពុជាគ្របដណ្ដប់ដោយការគាបសង្កត់
អន្តរៈជាតិ៖ អ្នករាយការណ៍ពិសេសអង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នក ស្រី រ៉ូណាស្មីត (Rhona Smith) កត់សម្គាល់ថា លំហរប្រជា ធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គ្រប ដណ្ដប់ទៅដោយការគាបសង្កត់សិទ្ធិនយោបាយ។ នេះបើតាមរបាយការណ៍កម្រាស់ ២០ទំព័ររបស់អ្នក ស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការ សហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ ផ្តើមកិច្ចប្រជុំលើកទី៤២របស់ខ្លួន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ។ កិច្ចប្រជុំនេះនឹងលើកយកបញ្ហាសិទ្ធិមនុស្សរបស់កម្ពុជាមកពិភាក្សាក្នុងប្រធាន បទទី៦០ និយាយពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសរសេរក្នុងរបាយការណ៍ថា មួយឆ្នាំបន្ទាប់ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់សង្កិនសិទ្ធិនយោបាយ។
អ្នកស្រីបន្តថា អតីតមេបក្សប្រឆាំង លោក កឹម សុខា នៅតែស្ថិតក្នុងការឃុំឃាំងសិទ្ធិនយោបាយ ខណៈដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចផ្តាច់មុខ។
អ្នកស្រីបញ្ជាក់ក្នុងរបាយការណ៍ថា ជាប្រការមួយសោកស្ដាយដែលអាជ្ញាធរកម្ពុជាមិនអនុញ្ញាតឱ្យអ្នក ស្រីចូលជួបលោក កឹម សុខា និងអ្នកទោសនយោ បាយមួយចំនួនដែលកំពុងជាប់ឃុំ អំឡុងពេលដែលអ្នកស្រីមកបំពេញការងារនៅកម្ពុជា។
អ្នកស្រីផ្តល់អនុសាសន៍ឱ្យបក្សកាន់អំណាចដោះលែង លោកកឹម សុខា បើកចំហរលំហប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់ ធានាសិទ្ធិជនជាតិភាគតិច និងពង្រឹងការគោរពច្បាប់ប្រឆាំងពុករលួយ ជាដើម។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល បាឆេលេត ( Michelle Bachelet) ក៏បានលើកនូវការព្រួយបារម្ភពីស្ថានភាពសិទ្ធិនៅកម្ពុជាដែរ។ អ្នកស្រីស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បើកចំហរសេរីភាពមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍យូរអង្វែង។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យ លោក ជិន ម៉ាលីន ចាត់ទុកថា ការលើកឡើងពីចំណុចអវិជ្ជមាននៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជារឿងធម្មតា ខណៈដែលលោកអះអាងថា មន្ត្រីជាន់ខ្ពស់នៃអង្គការ សហ ប្រជាជាតិ ក៏បានលើកឡើងពីចំណុចល្អរបស់កម្ពុជាដែរ។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «សម្រាប់រដ្ឋាភិបាល យល់ថា នេះគ្រាន់តែការទទួលព័ត៌មានមួយជ្រុងប៉ុណ្ណោះទេ។ រាជរដ្ឋាភិបាលនឹងបន្តធ្វើការជាមួយឧត្តមស្នងការ និងភ្នាក់ងារសិទ្ធិមនុស្សនៃអង្គ ការសហប្រជាជាតិផ្សេងៗទៀត ដើម្បីធ្វើការពន្យល់បកស្រាយ និងបញ្ជាក់ថា ក្ដីកង្វល់នេះ មិនមែនជាបញ្ហាសិទ្ធិមនុស្សដូចដែលក្រុមមួយចំនួនលើកឡើងទេ តែវាជាយន្តការអនុវត្តច្បាប់របស់កម្ពុជា។ យើងនឹងព្យាយាមធ្វើការតាមយន្តការការទូតរបស់យើង»។
ជាការឆ្លើយតបទៅនឹងការលើកឡើងពីអ្នកស្រី រ៉ូណា ស្មីត ថា អ្នកស្រីមិនត្រូវបានអនុញ្ញាតឱ្យជួបលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះនោះ លោក ជិន ម៉ាលីន ប្រាប់ថា៖ «ទោះបីយូអិន ឬមិនយូអិនអីក៏ ដោយ ឱ្យតែមកបំពេញទស្សនកិច្ចនៅកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា បានន័យថា បុគ្គលដែលស្ថិតក្នុងដំណើរការនៃការស៊ើបសួរអ្នកណាក៏ដោយដែលចង់ជួប គឺត្រូវមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ បើចៅក្រមស៊ើបសួរយល់ថា ការស៊ើបសួរនេះ មិនប៉ះពាល់ដល់ការស៊ើបសួររបស់គាត់ទេ គាត់អនុញ្ញាត»។
ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ អង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិចំនួន ២៨ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែសីហាកន្លងមក ដោយជំរុញឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ជាស្ថាប័នមួយដែលបានចូលរួមចេញសេចក្ដីថ្លែងការណ៍នេះ ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា លោកចង់ឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរជាងសព្វថ្ងៃ។
លោក ម៉ាឡៃ បញ្ជាក់ថា សព្វថ្ងៃនេះ បក្សកាន់អំណាចនៅកម្ពុជា បានរឹតបន្តឹងខ្លាំងលើសិទ្ធិនយោបាយរបស់ពលរដ្ឋ និងសង្គមស៊ីវិល ដែលទង្វើទាំងនោះរួមមាន ការគំរាមកំហែង ការចាប់ដាក់គុក និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិជាដើម។
លោក ទឹម ម៉ាឡៃ ៖«ក្នុងនាមអង្គការសង្គមស៊ីវិល យើងមានក្ដីបារម្ភទៅលើការវិវត្តលើការអភិវឌ្ឍនៅក្នុងប្រទេសជាតិ។ ស្ថានភាពទាំងនេះ ប៉ះពាល់ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ សង្ឃឹមថា រដ្ឋាភិបាលខ្លួនឯង និងប្រជា ពលរដ្ឋ នឹងចូលរួមធ្វើយ៉ាងណាឱ្យមានប្រជាធិប តេយ្យពិតប្រាកដ នាំឱ្យមានការគោរពសិទ្ធិមនុស្សដែលមានស្ដង់ដារជាសកលព្រមទាំងមានលទ្ធិប្រ ជាធិបតេយ្យពិតប្រាកដ»។
របាយការណ៍សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បញ្ជាក់ថា គិតមកដល់បំណាច់ខែសីហាកន្លងទៅនេះ មន្ត្រីមូលដ្ឋានរបស់អតីតគណបក្សប្រឆាំងចំនួន ២២នាក់ ត្រូវបានចាប់ខ្លួន និងជាង ១៤០នាក់ ត្រូវបានកោះហៅមកសាកសួរដោយសមត្ថកិច្ច។
របាយការណ៍សិក្សាស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីខែសីហាកន្លងមក រកឃើញ ថា សិទ្ធិសេរីភាពនៃការជួបប្រជុំ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើង៕