ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយក​ជម្រក​សត្វ​នៅ​ភ្នំ​ឱរ៉ាល់ និង​ភ្នំ​ក្រវាញ​កណ្ដាល​រង​ការ​រិះគន់​ថា គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ
Mon,02 September 2019 (Time 11:57 AM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1035នាក់)


​កំពង់ស្ពឺ​៖ សកម្មជន​បរិស្ថាន​រិះគន់​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ខេត្ត​កំពង់ស្ពឺ​ថា ពុំ​មាន​ឆន្ទៈ​ស្មោះត្រង់ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​នោះ​ទេ ផ្ទុយ​ទៅវិញ​បែរ​ជា​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​កាប់​រំលំ​ឈើ​ធំៗ​ខុសច្បាប់ នៅ​ក្នុង​ព្រៃ​អភិរក្ស។ សកម្មជន​បរិស្ថាន​អះអាង​ថា បច្ចុប្បន្ន​មាន​កម្ម​ករ​ជាច្រើន​ក្រុម សម្ងំ​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​ទាំង​នេះ។

 

សកម្មជន​បរិស្ថាន​ឱ្យ​ខ្មែរជាយដែន​ដឹង​នៅ​ថ្ងៃ​ទី១ ខែ កញ្ញា​ថា សកម្មភាព​កាប់​ផ្ដួល​ឈើ​ធំៗ និង​ដឹកជញ្ជូន​ឈើ​ចេញ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​ឋិត​នៅ​ចន្លោះ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​។ ពួកគេ​អះអាង​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​តាម​គោលដៅ​នីមួយៗ មិន​បាន ហាម​ឃាត់​ក្បួន​គោយន្ត​ដឹក​ឈើ​ទាំង​នោះ​ទេ។

 

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ថ្លែង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​មូល​ទាំងនោះ ធ្វើឡើង​នៅ​ពេល​យប់​។ លោក​ចោទ​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ពុំ​ខ្វល់ខ្វាយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម បទបញ្ជា​ពី​ថ្នាក់លើ​ឡើយ​។ លោក​ថា នៅ​ពេល​សកម្មជន​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​បរិស្ថាន ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ មន្ត្រី​ទាំងនោះ​តែងតែ​គេចវេះ៖ «គេ​កាប់​លើ​ខ្នងភ្នំ​ហើយ បាន​គេ​ទម្លាក់​ចុះ​មក​ខាងក្រោម ហើយ​បាន​គេ​ដឹក​បន្ត​មក​ចេញ​មក​។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​អត់​មាន​ឈប់​ទេ គ្រាន់តែ​ឈប់​ឈ្មួញ​ធំៗ​ប៉ុណ្ណោះ ការ​ដឹកជញ្ជូន​គឺ​ដឹក​រៀងរាល់ថ្ងៃ ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ តាម​ច្រក​ស្រែ​កិន។ មន្ត្រី​ដែល​ប្រចាំការ​នៅ​គោលដៅ អត់​មាន​ខ្វល់​បទបញ្ជា​ពី​រដ្ឋាភិបាល និង​សាមី​ក្រសួង​ផង ទាល់តែ​រឿង​ហ្នឹង​បែក​ដល់​លើ មាន​បទ​បញ្ជា​មក បាន​គាត់​ចាប់»។

 

កាលពី​ថ្ងៃ​ទី២៩ សីហា កន្លង​ទៅ ក្រុម​សកម្មជន​បរិស្ថាន​បាន​ប្រទះ​ឃើញ គោយន្ត​៧​គ្រឿង ដឹក​ឈើ​មូល​ធំៗ ប្រភេទ​សុក្រំ ផ្ចឹក ត្រាវ និង​ឈើទាល​ជាដើម ឆ្លង​កាត់​ទីស្នាក់ការ​បរិស្ថាន ច្រក​ស្រែ​កិន ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​ឡើយ។ សកម្មជន​បរិស្ថាន​អះអាង​ថា ឈើ​ទាំង​នោះ ក្រុម​កម្មករ បាន​អារ​រលំ​នៅ​ចំណុច​ដី​ក្រហម ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

 

លោក ជា ហ៊ាន ថ្លែង​ថា ច្រក​ផ្លូវ​សំខាន់ៗ ៥ ទីតាំង​ផ្សេងគ្នា​ដែល​ក្រុម​អ្នក​ដឹកឈើ​ចាំបាច់​ត្រូវ​ឆ្លងកាត់​មាន​រួមមាន ផ្លូវ​ចំណុច​ស្រែ​កិន ចំណុច​អូរ​ត្រាវ ចំណុច​តេទឹកពុះ ចំណុច​ជាំ និង​ចំណុច​ខ្សាល់។ លោក​បន្ត​ថា គោលដៅ​ទាំងនេះ សុទ្ធ​សឹង​មាន​ស្នាក់​ការ​បរិស្ថាន ហើយ​ប្រសិនបើ​ឆ្មាំ​អភិរក្ស មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃឈើ​ច្បាស់លាស់​នោះ លោក​ជឿ​ថា ក្រុម​អ្នក​ដឹកឈើ មិន​អាច​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​សមត្ថកិច្ច​បានទេ៖ «នៅ​ពេល​ដែល​យើង​សុំ​កិច្ច​អន្តរាគមន៍​ទៅលើ ខាងលើ​តែងតែ​ឱ្យ​មក​ខាងក្រោម ដល់ពេល​យើង​អន្តរាគមន៍​មក​ខាងក្រោម ខាងក្រោម​ឱ្យ​អន្តរាគមន៍​ទៅលើ រហូត​បទល្មើស​គេច​ផុត​ពី​គោលដៅ​កើតហេតុ​ហ្នឹង ទើប​គាត់​កម្លាំង​ចុះទៅ​។ នេះ​ជា​ចំណុច​យើង​ជួប​ឧបសគ្គ​ច្រើន​។ ប្រសិនជា​អត់​មានការ​សមគំនិត​ទេ អត់​មាន​ចេញ​ឈើ​បានទេ​។ ៤​ចំណុច​ហ្នឹង​គឺ​ស្រុក​ឱរ៉ាល់»។

 

ខ្មែរជាយដែនបាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱវ៉ាល់ លោក ខន សុខុន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១ កញ្ញា​។ រីឯ​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្ដាល លោក ជាំ ចាន់ណា និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ លោក ឯម សុគុណ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

 

ដោយឡែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា អំពាវនាវ​ឱ្យ​សកម្មជន​បរិស្ថាន ផ្តល់​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃឈើ​មក​ក្រសួងបរិស្ថាន ដើម្បី​ស៊ើបអង្កេត និង​ចាត់វិធានការ ច្បាប់​ចំពោះ​ជនល្មើស​។ លោក​ថា ក្រសួង​បរិស្ថាន និង​រដ្ឋាភិបាល​កំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ​យ៉ាង​ហ្មត់ចត់៖ «គោលជំហរ​របស់​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​ទាំងឡាយ និង​ប្រឆាំង​ទៅ​និង​ជនល្មើស ដោយ​មិន​លើកលែង​ឡើយ ហើយ​សូម​អំពាវនាវ​ដល់​សកម្មជន​បរិស្ថាន ផ្តល់​ព័ត៌មាន​មកកាន់​ក្រសួង​ដើម្បី​យើង​ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជនល្មើស »​។​

 

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជា​ប្រព័ន្ធ ហើយ​មានតែ សមត្ថកិច្ច​ថ្នាក់​ជាតិ​ទេ ទើប​អាច​ចុះ​បង្ក្រាប​បាន។ លោក​មើល​ឃើញ​ថា សមត្ថកិច្ច​ចម្រុះ របស់​រដ្ឋាភិបាល​ហាក់​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ចាត់វិធានការ លើ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​៖ «ភូមិភាគ​បស្ចិម​នៃ​ប្រទេស គឺ​យើង​មិនទាន់​ឃើញ​ចាត់វិធានការ​ក្ដៅ​ទេ​។ យើង​យល់ថា សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ហាក់​ដូចជា កម្លាំង​មិន​ទាន់​គ្រប់គ្រាន់​ការ​ចាត់​វិធានការ​កាប់​បំផ្លាញ​ព្រៃឈើ​រង្គាល​នេះ»។

 

លោក ជា ហ៊ាន អះអាង​ថា លោក​នឹង​ប្ដឹង នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​រក​ឃើញ ភស្តុតាង និង​មាន​សាក្សី​មួយ​ចំនួន​បង្ហាញ​ថា មន្ត្រី​ទាំងនោះ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ និង​ឃុបឃិត​ជាមួយ​ជនល្មើស។

 

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​មាន​ផ្ទៃដី ជាង ២​សែន ៥​ម៉ឺន​ហិកតារ (២៥៣.៧៥០) ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឆ្នាំ ១៩៩៣​។ រីឯ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​វិញ លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង មាន​ផ្ទៃ​ដី​ជាង ៨​សែន​ហិកតារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
905 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8054 នាក់
ខែនេះ :
27607 នាក់
3 ខែនេះ :
61440 នាក់
សរុប :
2512147 នាក់