ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងព្រះបរមរាជវាំង ថ្កោលទោស​លោក សម រង្ស៊ី
Sat,14 September 2019 (Time 09:56 AM)
ដោយ ៖ ពិសី (ចំនួនអ្នកអាន: 941នាក់)


ភ្នំពេញ​៖ ក្រសួងព្រះបរមរាជវាំង ថ្កោលទោស​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្សប្រឆាំង ដែល​បាន​ប្រើពាក្យ​អសុរោះ​ធ្ងន់ៗ​មកលើ​ព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​១៣ កញ្ញា​។​

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់​ដូច្នេះ​ថា​៖«​សូម​ប្រកាស​ដាច់អហង្កា​ថ្កោលទោស​ចំពោះ​លោក សម រង្ស៊ី ដែល​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ខ្ពង់ខ្ពស់​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​»​។​

 

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១២ កញ្ញា លោក សម រង្ស៊ី បាន​និយាយថា នយោបាយ​នៅ​កម្ពុជា គ្មាន​អ្នកណាម្នាក់​អាច​ដោះស្រាយបាន​នោះទេ សូម្បីតែ​ព្រះមហាក្សត្រ ។ ត្រង់ចំណុច​នេះ​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ព្រះមហាក្សត្រ ក៏​ជា «​ចំណាប់ខ្មាំង​» និង​ជា «​អាយ៉ង​» របស់​សម្តេច ហ៊ុន សែន ដែរ ។ មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​នរណា​អាច​ប្រៀបធៀប​ជាមួយ​ព្រះ​នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ ធ្លាប់កោះហៅអ្នកនយោបាយប្រជុំរកដំណោះស្រាយនយោបាយ កាលពីព្រះអង្គនៅមានព្រះជន្ម)បានទេ​។ ខ្ញុំ​ជឿថា​ឥឡូវនេះ មានតែ​សហគមន៍​អន្តរជាតិ​ទេ ពីព្រោះ​អ្នក​ដែល​រស់​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បីតែ​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ។ ដូច្នេះ​លោក​(​ព្រះមហាក្សត្រ​) អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់​រក្សា​រា​ជប​ល្ល័​ង​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ទេ​​»​។​

 

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ បាន​ចែងថា «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិនអាច​កាន់អំណាច​ឡើយ ។ ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។ 

 

​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​មាត្រា ៤៣៧ (​ស្ទួន​) ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ បាន​ចែងថា​៖ ការប្រមាថ គឺជា​វាចារ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​…​។​ 

 

គិត​មកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​កំពុង​និរទេស​ក្រៅប្រទេស បាន​រង​បណ្តឹង​ពីស​ម្ដេច ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល មិនតិចជាង​១០​នោះទេ ដោយ​ក្នុងនោះ បណ្តឹង​៨ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ បណ្ដឹង​ទាំង​៨ ដែល​តុលាការ​កាត់ទោស​រួចហើយ​នោះ តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់គុក​ប្រមាណ​១៣​ឆ្នាំ និង​បង់ប្រាក់​ជាង​១​លាន​ដុល្លារ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
516 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7665 នាក់
ខែនេះ :
27218 នាក់
3 ខែនេះ :
61051 នាក់
សរុប :
2511758 នាក់