ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជា បញ្ជូន​ដីកា​ចាប់​លោក សម រង្ស៊ី ទៅកាន់​ប្រទេស​នៅ​អាស៊ាន
Sat,14 September 2019 (Time 10:12 AM)
ដោយ ៖ ពិសី (ចំនួនអ្នកអាន: 895នាក់)


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាល​ឡាវ និង រដ្ឋាភិបាល​ថៃ បានទទួល​រួចហើយ​នូវ​ដីកា​ចាប់​លោក សម រង្ស៊ី​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តថា កម្ពុជា នឹង​បញ្ជូន​ដីកា​នេះ ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​។ 

​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺធ្វើឡើង​ក្នុង​សន្និសីទកាសែត​ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សំដៅ​ទៅកាន់​ក្រុមប្រឆាំង ដែលមាន​បំណង​មក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​សូម​អញ្ជើញ​ធ្វើតាម​ចំណង់​របស់ខ្លួន​ទៅ​ចុះ​»​។​

 

​យ៉ាងណាក៏ដោយ មេដឹកនាំ​កម្ពុជា ពុំបាន​បញ្ជាក់​ឡើយ​ថា ការបញ្ជូន​ដីកា ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺ​ចង់​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ ជួយ​ចាប់​លោក សម រង្ស៊ី ឬ​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​របស់​ពួកគេ ដើម្បី​មក​កម្ពុជា ឬមួយ​ក៏​គ្រាន់តែ​ជាការ​ជូនដំណឹង​ថា លោក សម រង្ស៊ី ជា​អ្នកទោស ដែល​ត្រូវ​ចាប់ខ្លួន​។ 

 

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើកឡើងថា បំណង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បញ្ជូន​ដីកា ទៅកាន់​បណ្តា​ប្រទេសជិតខាង គឺ​បង្ហាញ​ពី​ការចាប់ខ្លួន​លោក សម រង្ស៊ី ពីព្រោះ​ប្រទេសជិតខាង​ទាំងអស់នោះ បាន​ចុះហត្ថលេខា​លើ​បត្យាប័ន​ជាមួយ​កម្ពុជា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​អាហ្នឹង​ជា​បំណង ដើម្បី​ឲ្យ​សហការ​ក្នុង​ការចាប់​និង​បញ្ជូន​ជន​នុ៎ង​។​....​ការបង្ហាញ [​បំណង​] ដោយ​នាយករដ្ឋមន្ត្រី​ហ្នឹង គឺ​ធំ​ណាស់​។ អាហ្នឹង​ជា​ផលប្រយោជន៍​នៃ​ប្រទេសជាតិ​»​។ 

 

​អ្នកនាំពាក្យ​រដ្ឋាភិបាល ពន្យល់ថា នៅពេល​ប្រទេសមួយ​និង​ប្រទេសមួយ ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​ច្បាប់​បត្យាប័ន ប្រទេស​នោះ មានអំណាច​និង​មាន​កាតព្វកិច្ច​ក្នុងការ​ចាប់បញ្ជូន​អ្នកណាម្នាក់ តាម​ការស្នើសុំ​ពីគ្នា​ទៅវិញទៅមក​។ លោក បកស្រាយ​ថា​៖«​នៅពេល​ប្រទេស​ជា​សាមី​មួយ ត្រូវ​ការចាប់​អ្នកណាម្នាក់ ប្រទេស​ទាំងអស់នោះ គេ​សហការ ដើម្បី​ចាប់​បញ្ជូនមក​ខ្មែរ ពីព្រោះ​ជាការ​អនុវត្ត​នូវ​អ្វីដែល​ហៅថា យុត្តាធិការ​នៃ​អំណាចតុលាការ​របស់​ប្រទេស​នីមួយៗ​»​។ 

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ខ្មែរជាយដែន​ថា បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​បត្យាប័ន​ជាមួយ​កម្ពុជា មានដូចជា វៀតណាម ឡាវ និង ថៃ ជាដើម​។  លោក បន្ថែមថា ចំពោះ​ប្រទេស ដែល​មិនមាន​បត្យាប័ន​ជាមួយ​ក​ម្ពុ​ជា ក៏​កម្ពុជា​នៅតែ​អាច​ស្នើសុំ​ប្រទេស​នោះ ឲ្យ​ជួយ​បញ្ជូន​អ្នកទោស​ណា​ម្នាក់ មក​កម្ពុជា​ដែរ​។ លោក  ពន្យល់​ដូច្នេះ​ថា​៖«​ផ្នែក​លើ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ការទូត ក៏​គេ​អាចធ្វើ​បានដែរ មិន​ចាំ​មាន​កិច្ចព្រមព្រៀង​ទេ​»​។​

 

​រដ្ឋាភិបាល​ឡាវ បាន​ឆ្លើយតប​មកកាន់​កម្ពុ​ជាមុន​គេ ជុំវិញ​រឿង​លោក សម រង្ស៊ី​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក សម រង្ស៊ី លោកនាយក​រដ្ឋមន្ត្រី ថង​លូន ស៊ី​សូលី​ត បាន​អះអាង​ក្នុង​សន្និសីតកាសែត​ថា ឡាវ នឹងមិន​ឲ្យ​អ្នកទោស​ណា​ម្នាក់ យក​ទឹកដី​ឡាវ ធ្វើជា​កន្លែង​ឆ្លងកាត់ មក​កម្ពុជា ដើម្បី​បំផ្លាញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឡើយ​។ អ្នកបកប្រែ បាន​បកប្រែ​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ឡាវ មកជា​ភាសា​ខ្មែរ យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​ដំណើរ​យ៉ាង​ម៉ត់ចត់ មិន​ឲ្យ​កើត​បញ្ហា​នេះ​ឡើង​ទេ​»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1406 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8555 នាក់
ខែនេះ :
28108 នាក់
3 ខែនេះ :
61941 នាក់
សរុប :
2512648 នាក់