ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋធម្មនុញ្ញ​ខ្មែរ​អាយុ២៦ឆ្នាំ​តែ​លទ្ធផល​នៅមាន​ការ​ខ្វែង​យោបល់គ្នា
Wed,25 September 2019 (Time 08:41 AM)
ដោយ ៖ ជីវន្ត (ចំនួនអ្នកអាន: 932នាក់)


ភ្នំពេញ៖ នៅថ្ងៃទី ២៤ខែកញ្ញានេះ កាលពី២៦ឆ្នាំមុន រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើង។ ច្បាប់​នេះបាន​ចែង​ពី​ការ​ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ចែងថា​កម្ពុជា​ត្រូវ​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យសេរីពហុបក្ស ​ដោយ​មាន​ការ​បែង​ចែក​អំណាច​ច្បាស់​លាស់រវាង​អំណាច​និតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង ​អំណាច​តុលាការ។ បន្ថែម​ពី​នោះ​ទៀត​ រដ្ឋ​ធម្មនុញ្ញ​ចែង​ពី​សិទ្ធិជា​មូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ ​និង ​គោលការណ៍​នីតិរដ្ឋ​ផងដែរ។

ក៏​ប៉ុន្តែ​ការ​បក​ស្រាយ​លើ​ការ​អនុវត្ត​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ។ សម្រាប់​លោក អំ សំអាតនាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ មិនទាន់​មាន​ការ​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ពេញលេញ​នោះ​ពី​សំណាក់​រដ្ឋាភិបាល​ទេ។ ការ​វាយ​តម្លៃ​របស់​លោក​អំ សំអាត ដោយ​ផ្អែក​លើការ​អនុវត្ត​នូវ​អំណាច​ទាំង​បី​នៅ​ក្នុង​ប្រទេស។

«អំណាច​ទាំង​បី​នេះ​ហាក់​ដូចជា មិន​ទាន់​ត្រូវ​បាន​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​នៅ​ឡើយ​ទេ។ ហើយ​យើង​ឃើញ​ហើយ​ថា ​ទាំង​មតិ​ជាតិ ​និង​អន្តរជាតិ​គឺ​គេ​ជំរុញ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​នេះ​ក្លាយ​ជា​តុលាការ​ឯករាជ្យ​ ដែល​ធានា​ការ​គោរព​នីតិរដ្ឋ ការ​ស្វែងរក​យុត្តិធម៌ ការ​ធានា​យុត្តិធម៌​សង្គម​ក៏ដូចជា​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស»។
 
ដោយឡែក​លោក​ សឹង​ សែន​កុរណា​ អ្នក​នាំពាក្យ​សមាគម​អាដហុក (ADHOC) មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​មិន​ទាន់មាន​ការ​អនុវត្ត​ និង​គោរព​តាម​គោលការណ៍របបរាជាធិបតេយ្យ និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។
 
«បើ​យើង​ពិនិត្យ​មើល​នា​ពេល​បច្ចុប្បន្ន​ហាក់ដូចជា​ កំពុង​តែ​ផាត់​ចេញ​នូវ​ក្រុម​នយោបាយ​ណា​មួយ ដែល​អត់​បាន​គាំទ្រ អត់​បាន​ពេញចេញ​ទៅ​លើ​ការ​ដឹកនាំ ត្រូវ​ប្រឈម​ មាន​ការ​ទោសទណ្ឌ មាន​ការ​ចាប់​ចង​អី​ជា​ដើម​ហ្នឹង»។
 
ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះស្រប​ពេល​ដែល​មាន​ការ​ចាប់​ខ្លួនសកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​រុញច្រាន​គណបក្ស​នេះ​ឲ្យ​ស្ថិត​នៅ​ក្រៅ​រង្វង់​ការ​ប្រកួត​ប្រជែង​នយោបាយ។​
 
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ថា សហគមន៍​អន្តរជាតិ​ក៏​បាន​ធ្វើ​ការ​រិះគន់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ។
 
«ហើយ​ក៏​ការ​វាយ​តម្លៃ​របស់​ខាង​អន្តរជាតិ ជា​ពិសេស​ខាង​សហគមន៍​អឺរ៉ុប​ និង​អាមេរិក​ក៏​ឃើញ​ថា​ យើង​មាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ»។
 
មុនការ​បោះ​ឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៨ គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ។ ហើយ​អ្នក​នយោបាយ​របស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ត្រូវ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ផ្តល់​សិទ្ធិ​នេះ​ត្រឡប់​ទៅវិញ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិនចាប់​ផ្តើម​ធ្វើ​នយោបាយ​ភ្លាម​ៗ​បាន​នោះ​ទេ ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​លិខិត​ស្នើ​សុំ​ជា​ក្រុម​។
 
​អតីត​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ពេល​ថ្មី​ៗ នេះ អះអាង​ថា​សកម្មជន​របស់​ខ្លួន​ចំនួន​យ៉ាង​តិច​២៦​នាក់ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួនចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។
 
ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាលបក​ស្រាយ​ថា​ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​ត្រូវ​សង្ស័យថា​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់។
 
ទោះជា​មាន​ការ​វា​យ​តម្លៃ​បែប​អវិជ្ជមាន​ខាងលើលោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជាថា កម្ពុជា​បាន​ធ្វើ​តាម​គន្លង​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ពេញ​លេញ លើក​លែង​តែការ​ធ្វើ​សមាជជាតិ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​ធ្វើ។
 
«យើង​គោរព​ហើយ​តើស៍។ យើង​បាន​គោរព។ ប៉ុន្តែ​មាន​ចំណុច​មួយ​ទេ ដែល​យើង​មិនទាន់​អាច​ធ្វើ​បាន​គឺ​សមាជជាតិ។ ដោយការ​សរសេរ​សមាជ​ជាតិ​យើង​មិនទាន់​ដឹងអង្គសមាជ​បញ្ចេញ​មក​ពី​កន្លែង​ណា ដែល​ធាតុ​ផ្សំ​ពី​ក្រុម​ណា ដែល​យើង​អាច​ធ្វើ​សមាជជាតិ​បាន»។
 
​សមាជ​ជាតិ​គឺ​ជា​កិច្ច​ប្រជុំ​រវាង​ក្រុម​ប្រជាជន​និង​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​និង​រិះ​គន់​លើ​ការ​ដឹក​នាំ​របស់​ក្រុម​អាជ្ញាធរ​និង​រដ្ឋ​អំណាច។
 
នៅ​ពេល​សួរ​ថា ខាង​អង្គការ​សង្គម​ស៊ីវិល​នៅ​មាន​មន្ទិល​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​ស្ថាប័ន​រដ្ឋអំណាច​ លោក​ ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា៖
 
«អង្គការ​ហ្នឹង​ជា​មរតក ហើយ​និង​ជា​វប្បធម៌​របស់​គេ គេ​មាន​មន្ទិល​រហូត​តើស៍។ ប៉ុន្តែ​គាត់​អត់​បាន​មើល​ឃើញ​ថាតើ​ យើង​បាន​អភិវឌ្ឍ​អី​ខ្លះ​នោះ​ទេ។ បើ​កាលណា​យើង​មើល​ចំណុច​អភិវឌ្ឍន៍​ដែល​ជា​ចំណុច​វិជ្ជមាន​ គាត់​ចាត់​ទុក​ថា យើង​បាន​អនុវត្ត​បាន​មួយ​ចំនួន​ធំ»។
 
ជាមួយ​គ្នានេះ លោក​ ម៉ន ផល្លា​ អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ បាន​និយាយ​ថា ខ្លឹម​សារ​នៃ រដ្ឋ​ធម្មនុញ្ញកម្ពុជា​មាន​ចែងតែ​លើក្រដាស​មួយប៉ុណ្ណោះ។
 
«នេះ​គឺ​ជា រដ្ឋធម្មនុញ្ញ​ដែល​ចែង​នៅ​ក្នុង​ក្រដាសឲ្យ​បាន​ល្អ​ប្រសើរ។ ធាតុ​ពិត​គឺ​មិន​ដូច្នោះ​ទេ គឺ​របប​គ្រប់គ្រង​ដោយ​លោក​ ហ៊ុន សែន​គឺ​ ផ្ទុយ​ពី​លក្ខខណ្ឌ​នៃ​ច្បាប់​បាន​ចែង»។
 
អតីត​ប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​លុប​បំបាត់​ចោល​នូវ​វប្បធម៌​និទណ្ឌភាព វប្បធម៌​នៃ​ការ​លាបពណ៌ និង​អនុវត្ត​ច្បាប់​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ពេញលេញ​ និង​ត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
780 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7929 នាក់
ខែនេះ :
27482 នាក់
3 ខែនេះ :
61315 នាក់
សរុប :
2512022 នាក់