គណៈប្រតិភូអាមេរិក នឹងជួបប្រធានគ.ជ.ប ដើម្បីពិភាក្សាពីកិច្ចការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកដឹកនាំវ័យក្មេងមកពីអាមេរិក នឹងជួបលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា(គ.ជ.ប) នាថ្ងៃទី១ តុលា ដើម្បីពិភាក្សាពីរឿងកិច្ចការបោះឆ្នោតនៅកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងជំនួបពិភាក្សានោះ គឹខាងភាគីអាមេរិកចង់សិក្សាស្វែងយល់ពីដំណើរការនីតិវិធី និងការគ្រប់គ្រងស្ថានការណ៍បោះឆ្នោតនៅកម្ពុជាកន្លងមក។
«ក្នុងសំណើសុំជួប គឺគាត់(ក្រុមប្រឹក្សាអ្នកដឹកនាំវ័យក្មេងមកពីអាមេរិក) គ្រាន់តែសុំស្វែងយល់ពីការបោះឆ្នោតប៉ុណ្ណោះ ចំណែករឿងបញ្ហានយោបាយវិញ គាត់មិនបានបញ្ជាក់ក្នុងលិខិតស្នើសុំជួបនោះទេ។ ប៉ុន្តែយ៉ាងណា រឿងនយោបាយនេះ វាទំនងអាចមាននិយាយខ្លះ នៅក្នុងជំនួបជាក់ស្ដែង»។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា គ.ជ.ប នឹងធ្វើសន្និសីទកាសែត ក្រោយជំនួបពិភាក្សាគ្នានោះទៀតផង។
គណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំវ័យក្មេងមកពីអាមេរិក (ACYPL) ដឹកនាំដោយលោក ប៊ិន ស្ត្រាមែន អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការប្រតិបត្តិការធនធានធម្មជាតិ ការដឹកជញ្ជូន និងការអប់រំ។ គណៈប្រតិភូអាមេរិកទាំង៧រូបនេះ មកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់អាមេរិក។
ក្រុមប្រឹក្សាអ្នកដឹកនាំវ័យក្មេង ACYPL នេះ គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំកម្មវិធីផ្លាស់ប្ដូរ សម្រាប់អ្នកដឹកនាំវ័យនយោបាយ ដែលមានអាយុក្រោម៤០ឆ្នាំ ឱ្យទទួលបានបទពិសោធន៍ទាក់ទងនឹងបរិយាកាសនយោបាយ នៃបណ្ដាប្រទេសផ្សេងៗទៀត។ ACYPL មានសមាសភាពដែលជាសមាជិកសភាអាមេរិកចំនួន៣៨រូប និងមានបណ្ដាញអតីតនិស្សិតជុំវិញពិភពលោកជាង៨៥០០នាក់ មកពី១២៨ប្រទេស ។ អង្គការនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៦៦៕