ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋជាង៣០០នាក់ នៅប៉ោយប៉ែតផ្ទុះការតវ៉ា បន្ទាប់ពីអាជ្ញាធរមិនព្រមចេញបណ្ណកម្ម​សិទ្ធដីធ្លីជូនពួកគាត់
Fri,06 September 2019 (Time 04:13 PM)
ដោយ ៖ ចាន់ធី (ចំនួនអ្នកអាន: 978នាក់)


ប៉ោយប៉ែត៖ ប្រជាពលរដ្ឋជាង ៣០០រយនាក់តំណាងឲ្យពលរដ្ឋជិត១ពាន់គ្រួសាររស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានផ្ទុះការ​តវ៉ាមុខសាលាក្រុងរយៈ ពេល៣ថ្ងៃជាប់ៗគ្នា បន្ទាប់ពីអាជ្ញាធរជំនាញមិនព្រមចេញបណ្ណកម្មសិទ្ធិធ្លីជូនពួកគេ។

ពលរដ្ឋម្នាក់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត អ្នកស្រី ជួប ធារី រៀបរាប់ប្រាប់ខ្មែរជាយដែនថា ដើមឡើយមានអ្នកភូមិ៥៨៩គ្រួសារបានទៅរស់នៅលើដីកំពុងមានជម្លោះតាំងពី១៩៩៤ ដែលដីទំហំ១០៣ហិកតា។ អ្នកស្រីបន្តថាក្រោយមកនៅឆ្នាំ២០០៣មានពលរដ្ឋ៣៤គ្រួសាររស់នៅក្រៅមូលដ្ឋាបានចេញមុខមក​អះអាង​ថា ដីដែលអ្នកភូមិកំពុងរស់នៅនោះ ជាដីរបស់ខ្លួនដែលមានប័ណ្ណរឹងចេញកាលពីឆ្នាំ១៩៩៨។

 

អ្នកស្រី បន្ថែម​ថា ក្រោយមកនៅឆ្នាំ២០០៤ រដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយឲ្យអាជ្ញាធរពាក់ព័ន្ធកាត់ដីទំហំ១០៣ហិកតានោះ ប្រគល់ទៅឲ្យពលរដ្ឋ៥៨៩គ្រួសារកាន់កាប់វិញ ដោយអ្នកភូមិខ្លះបានបំពេញសុំណុំបែបបទតាមនីតិវិធីច្បាប់ដែលមានការ    ទទូលស្គាល់ពីអាជ្ញាធរថ្នាក់សង្កាត់ និងក្រុងត្រឹមត្រូវ។

 

អ្នកស្រី ជួប ធារី ឲ្យដឹងថា ​ឆ្នាំ​២០១៨ អាជ្ញាធរមូលដ្ឋានជូនដំណឹងឲ្យអ្នកភូមិទៅធ្វើបណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធថ្មី និងបានប្រមូលយកច្បាប់ដើមទៅរក្សាទុកថែមទៀត។ អ្នកស្រីថា​តាំងពីពេលនោះមកអាជ្ញាធរមិនបាន​ប្រគល់​បណ្ណដីធ្លីជូនពលរដ្ឋវិញនោះទេ​ ទើបតែកាលដើមខែកញ្ញានេះ អាជ្ញាធរប្រកាសថា ពួកគេមិនអាចចេញបណ្ណកម្មសិទ្ធិជូនអ្នកភូមិបានទេ ដោយសារមានពលរដ្ឋក្នុងចំណោម៣៤គ្រួសារកាលពីមុនប្តឹងជំទាស់។

 

អ្នកស្រី បន្ថែមថា៖«អីចឹងខ្ញុំសុំឲ្យរដ្ឋាភិបាលបញ្ជាក់ ស.ជ.ណ របស់សម្តេចលេខ៦២នោះ សម្តេចបានសម្រេចប្រគល់ដី១០៣ហិកតានោះមកឲ្យប្រជាជនរួចទៅហើយ។ ហេតុអីជនខិលខូចបំផ្លាញសន្លឹកឆ្នោតរបស់សម្តេចនេះមកគាស់កកាយរើធ្វើអីទៀត បើប្រជាជននៅពេញទឹកពេញដីហើយហ្នឹង? ហេតុអីបានជាជនខិលខូចទាំងនោះហ៊ានបំពាន ស.ជ.ណ របស់សម្តេចទៀត»។

 

ពលរដ្ឋម្នាក់ទៀត លោក ចាន់ សម្បត្តិ ដែលប្រឈមបាត់បង់ដី២ប្លង់ដែរនោះ និយាយថា រយៈពេល១៥ឆ្នាំមកនេះគឺ មានពលរដ្ឋជិត១ពាន់គ្រួសារបានទៅរស់នៅលើដីកំពុងមានជម្លោះនោះ ដោយអ្នកភូមិខ្លះបានលក់ដូរដីតៗគ្នា និងមានពលរដ្ឋខ្លះបានសុំច្បាប់សាងសង់អគារធំៗថែមទៀត។

 

លោក ចាន់ សម្បត្តិ បន្តថា​ ពាក់ព័ន្ធពលរដ្ឋក្រៅមូលដ្ឋានចេញមកប្តឹងជំទាស់មិនឲ្យ​អាជ្ញាធរចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋាន​នេះហាក់មានភាពលាក់លៀម ដោយថា អាជ្ញាធរបានព្យាយាមលាក់បាំងព័ត៌មាន និងឈ្មោះពលរដ្ឋមួយក្រុមដែលប្តឹងជំទាស់នោះ។

 

លោក បន្ថែមថា៖«ពួកយើង មិនអាចបោះបង់ការតវ៉ាបានទេព្រោះពួកយើងខំរកស៊ី១០ទៅ២០ឆ្នាំទំរាំបានដីមួយប្លង់ៗ។ ហើយដីមិនមែនទទេទេ គឺមានផ្ទះនៅលើដីហ្នឹងថែមទៀត។ បើពួកខ្ញុំបោះបង់​ការតវ៉ាឲ្យពួកខ្ញុំទៅនៅណាទៀត? ហើយដីរបស់ពួកខ្ញុំរាប់រយគ្រួសារបែរប្រគល់ឲ្យមនុស្សម្នាក់ពីរនាក់ម៉េចត្រូវ ព្រោះពួកខ្ញុំមានប្លង់ត្រឹមត្រូវពីអាជ្ញាធរទាំងអស់»។

 

អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី មានប្រសាស៍ថាករណីនេះអាជ្ញាធរ កំពុងសម្របសម្រួសឲ្យពលរដ្ឋទាំងពីរភាគីចរចារកដំណោះស្រាយដែលអាចទទួលបានទាំងអស់គ្នា ប៉ុន្តែសុំមិនប្រាប់ឈ្មោះភាគីពលរដ្ឋដែលប្តឹងជំទាស់នោះទេ។

 

លោក មានប្រសាសន៍ថា៖«យើង កំពុងខិតខំសម្របសម្រួលពួកគាត់ឲ្យគាត់ផ្តិតមេដៃទៅឲ្យគាត់មានការព្រមព្រៀងគ្នាកុំឲ្យការជំទាស់គ្នា។ អាហ្នឹងយើងនឹងសម្របសម្រួលចេញបណ្ណជូនគាត់ហើយ»។

 

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូប្រចាំបន្ទាយមានជ័យលោក អ៊ិន គង់ជិត មានប្រសាសន៍ថា យោង​តាម​ច្បាប់​ភូមិបាល និង​លិខិត​ស.ជ.ណរបស់រដ្ឋាភិបាលរួមទាំងរយៈពេលពលរដ្ឋបានកាន់កាប់ គឺពលរដ្ឋជិត១ពាន់គ្រួសារអាចទទួលបានបណ្ណកម្មសិទ្ធិដោយស្របច្បាប់ ដោយថាពលរដ្ឋទាំងនោះរសនៅលើដីនោះយូរឆ្នាំហើយ។

 

លោក បន្ថែមថា៖«បើយើងពិនិត្យទៅលើឥរិយាបថនៃការកាន់កាប់របស់ពួកគាត់[ពលរដ្ឋជិត១ពាន់គ្រួសារ] ហ្នឹងវាត្រូវត្រូវវាភោគៈស្របច្បាប់ហើយ បើតាមច្បាប់ភូមិបាលគាត់គួរតែទទួលបានបណ្ណកម្មសិទ្ធិហើយ។ អីចឹងករណីហ្នឹងអាជ្ញាធរក្រុង និងខេត្តបន្ទាយមានជ័យគួរពិនិត្យអង្កេតស្រាវជ្រាវ និងសុំគោលការណ៍របស់ថ្នាក់ជាតិដើម្បីដោះស្រាយសម្រាប់ផ្តល់បណ្ណកម្មសិទ្ធិជូនពួកគាត់»។

 

​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូប្រចាំបន្ទាយមានជ័យរូបនេះ ឲ្យដឹងថាបច្ចុប្បន្ន​មានពលរដ្ឋ ៩៦៣គ្រួសារ និងក្បាលដី៩៧៧ក្បាលដីដែលអាជ្ញាធរមិនព្រមចេញបណ្ណកម្មសិទ្ធិជូន បន្ទាប់ពីមានពលរដ្ឋមួយក្រុមផ្សេងទៀតប្តឹងជំទាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
636 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7785 នាក់
ខែនេះ :
27338 នាក់
3 ខែនេះ :
61171 នាក់
សរុប :
2511878 នាក់