ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ម៉ម សូណង់ដូ ហៅលោក សម រង្ស៉ី ជាអ្នកនយោបាយចាយជីវិតប្រជាពលរដ្ឋ ជានុយស្ទូចយកអំណាច
Sat,07 September 2019 (Time 06:08 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1025នាក់)


ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានចេញមកហែកកេរ្តិ៍លោក សម រង្ស៉ី ជាអ្នកនយោបាយមួយរូបមានចរិតពិសពុលដោយបានភ្ជាប់នូវសំអាងហេតុមួយចំនួនផង។ លោក ម៉ម សូណង់ដូ ថែមទាំងបានហៅលោក សម រង្សុីកំពុងរត់គេចចេញពីសំណាញ់ច្បាប់រូបនេះថា ជាអ្នកនយោបាយមួយរូបមិនខ្លាចចាយជីវិតប្រជាពលរដ្ឋជានុយ ដើម្បីស្ទួចយកអំណាចសម្រាប់ខ្លួន។

 

ការចេញមកហែកកេរ្តិ៍របស់លោក សម រង្ស៉ី ពីសំណាក់ដៃគូនយោបាយចាស់នេះ បានធ្វើឡើងក្រោយពេលលោក សម រង្ស៉ី បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរយកគំរូតាមប្រជាពលរដ្ឋហ្វីលីពីនក្រោកឈរផ្តួលរំលំរាជរដ្ឋាភិបាល គាំទ្រការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

 

ដើម្បីបង្ហាញឱ្យឃើញពីសារធាតុពិសពុលរបស់លោក សម រង្ស៉ី ក្នុងការចូលចិត្តលេងល្បែងនយោបាយយកជីវិតប្រជាពលរដ្ឋធ្វើជានុយស្ទួចយកអំណាចនោះ លោក ម៉ម សូណង់ដូ បានលើកបង្ហាញនូវព្រឹត្តិការណ៍មួយចំនួនពីអតីតកាលមកបញ្ជាក់ផងដែរ។ ព្រឹត្តិការណ៍ដែលនាំឱ្យជីវិតពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ ព្រោះដើរតាមនយោបាយលោក សម រង្ស៉ី នោះ មានដូចជា ព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកនៅមុខអតីតរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តលឲ្យមានមនុស្សស្លាប់ ១៦នាក់ របួស១៥០នាក់។ ក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ១៩៩៨ មានកើតបាតុកម្មពេលយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៨ នៅមុខសណ្ឋាគារ Cambodiana មានមនុស្សស្លាប់ ១ នាក់ និងរបួសជាច្រើននាក់។

 

ព្រឹត្តិការណ៍នៅផ្លូវវេងស្រេងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កម្មករ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ បានរួមគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងបង្កើតឲ្យផ្ទុះអំពើហឹង្សា និងបណ្តាលឲ្យមានមនុស្សស្លាប់ ៤នាក់ បាត់ខ្លួន ១នាក់ និងរបួស៦០នាក់ ។

 

នៅលើទំព័រ Facebook នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ម សូណង់ បានលើកឡើងថា ព្រឹត្តិការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងនូវអកប្បកិរិយានយោបាយរបស់លោក សម រង្ស៉ី ប្រកាន់យកតែអស្មិមានៈ ពោល គឺមានតែការប្រឈមមុខគ្នា ទោះបីជាត្រូវចំណាយជីវិតប្រជាពលរដ្ឋអស់ប៉ុន្មាននាក់ក៏ដោយ។ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលគេដឹងថាធ្លាប់មានទំនាក់ទំនងជាមួយអតីតគណបក្សសង្គ្រោះជាតិក្នុងព្រឹត្តិការណ៍តវ៉ាកាលពីឆ្នាំ២០១៣ដែរនោះ បានបន្តថា លោក សម រង្ស៉ី តែងតែគិតថាល្គឹកណាមានការជំរុញឲ្យមានមនុស្សស្លាប់កាន់តែច្រើន ជោគជ័យរបស់ខ្លួននឹងឡើងកាន់តែខ្ពស់ ហើយប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន នឹងកាន់តែធ្លាក់ចុះ។

 

«សម រង្ស៉ី មិនរួញរាសោះឡើយក្នុងការជ្រើសរើសប្រើប្រាស់ជិវិតប្រជាពលរដ្ឋធ្វើជានុយស្ទូចយកអំណាច»។ លោក ម៉ម សូណង់ដូ បញ្ជាក់។

 

លោក ម៉ម សូណង់ដូ ក៏បានលើកពីសកម្មភាពនយោបាយមួយចំនួនទៀតរបស់លោក សម រង្ស៉ី ដែលបង្ហាញពីភាពអាត្មានិយមរបស់អ្នកនយោបាយរូបនេះផងដែរ។ ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៦ ដើម្បីកែសម្រួលសម្លេងបោះឆ្នោត ពីសម្លេង២/៣ មកជាសម្លេងដាច់ខាត(៥០+១)នៃចំនួនសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមប្រជុំ។ លោក ម៉ម សូណង់ដូ ចាត់ទុកការព្រមព្រៀងរបស់លោក សម រង្ស៉ី នេះជាថ្នូរចំពោះការដែលសម្តេច ហ៊ុន សែន ទូលថ្វាយសុំព្រះមហាក្សត្រព្រះករុណា នរោត្តម សីហមុនី សម្រេចលើកលែងទោសឲ្យរួចខ្លួន ហើយនឹងបានត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។

 

លោក ម៉ម សូណង់ បានលើកបញ្ហាមួយទៀត ដែលសបញ្ជាក់អំពីអតចរិត «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» របស់ សម រង្ស៉ី គឺនៅក្រោយការបោះឆ្នោតអាណត្តិទី៤ ឆ្នាំ២០០៨ លោក សម រង្ស៉ី និងមេគណបក្សសិទ្ធិមនុស្ស បានកំណត់លក្ខខណ្ឌមួយចំនួនជាថ្នូរនឹងការចូលប្រជុំសភា។ ប៉ុន្តែលោក សម រង្ស៉ី បានបត់បែនជំហររបស់ខ្លួនយ៉ាងលឿន២៤ម៉ោង មុនកាលបរិច្ឆេទប្រជុំសភានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ បានបង្ខំឲ្យអតីតមេគណបក្សសិទ្ធិមនុស្ស គឺលោក កឹម សុខា ជាដៃគូឲ្យយល់ព្រមចូលរួមប្រជុំសភាតាមតាមខ្លួនចង់បាន ដោយមិនចាំបាច់មានលក្ខខណ្ឌអ្វីឡើយ។

 

លោក ម៉ម សូណង់ដូ ចាត់ទុកទង្វើទាំងឡាយរបស់លោក សម រង្ស៉ី រួមទាំងការប្រកាសឱ្យប្រជាពលរដ្ឋគាំទ្រការវិលត្រឡប់របស់ខ្លួននៅថ្ងៃទី០៩ ខែវិច្ឆិកា ផងថា ជានយោបាយការស្រេកឃ្លានអំណាច និងដើម្បីតែអំណាច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
776 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7925 នាក់
ខែនេះ :
27478 នាក់
3 ខែនេះ :
61311 នាក់
សរុប :
2512018 នាក់