លោកម៉េងវិមានតារា គួរតែមានវិធានការជាបន្ទាន់ទៅលើសង្វៀនជល់មាន់ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ៣
ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន កន្លែងបើកសង្វៀនជល់មាន់កំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅទីតាំង ភូមិកំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។
ទីតាំងសង្វៀនជល់មាន់នេះ អាចមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការក្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលលេងសង្វៀនជល់មាន់ខាងលើនេះ ដោយ លោកម៉ាប់ជាម្ចាស់បានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបាន ។
សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ ដូចជាសង្វៀនជល់មាន់ នឹងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកអភិបាលនៃគណៈអភិបាលខណ្ឌ ព្រមទាំងលោកអធិការខណ្ឌ មេត្តាចាត់វិធានការណ៍ជាបន្ទាន់ចំពោះទីតាំងសង្វៀនជល់មាន់ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី៕