កម្ពុជា សម្រេចផ្អាកជើងហោះហើរក្រុង Wuhan ជាកន្លែងផ្ទុះវីរុសកូរ៉ូណា
ប្រភពព័ត៌មាននៅមុននេះបន្តិច លោក ជា អូន ដែលជាអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ប្រាប់ថា ជើងហោះហើរពីក្រុង Wuhan ប្រទេសចិន ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីបង្ការការរីករាលដាលចូលមកកម្ពុជា។
គួរបញ្ជាក់ដែរថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។
បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង ៤,០០០នាក់។
បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីនៅក្នុងរដ្ឋធានី។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖។
១៖ ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់ ១០៦នាក់ ២៖ ថៃ៖ ០៨ករណី ៣៖ អូស្ត្រាលី៖ ០៥ករណី ៤៖ សិង្ហបុរី៖ ០៥ករណី ៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី ៦៖ ជប៉ុន៖ ០៤ករណី ៧៖ ម៉ាឡេស៊ី៖ ០៤ករណី ៨៖ កូរ៉េខាងត្បូង៖ ០៤ករណី ៩៖ បារាំង៖ ០៣ករណី ១០៖ កាណាដា ០២ករណី ១១៖ វៀតណាម៖ ០២ករណី ១២៖ កម្ពុជា ០១ករណី ១៣៖ អាល្លឺម៉ង់ ០១ករណី ១៤៖ នេប៉ាល់៖ ០១ករណី ១៥៖ ស្រីលង្កា ០១។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។