ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាមេរិក​អន់​ចិត្ត​ចំពោះ​ការ​ចោទ​ថា ឃុប​ឃិត​ជា​មួយ​លោក កឹម សុខា ផ្តួល​រដ្ឋា​ភិបាល
Do,12 März 2020 (Time 02:47 )
ដោយ ៖ ភក្តី (ចំនួនអ្នកអាន: 1200នាក់)


សហរដ្ឋអាមេរិកបានសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលភ្ជាប់សហរដ្ឋអាមេរិកថា ឃុបឃិតជាមួយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក​ Patrick Murphy ថ្លែងបន្ទាប់ពីចូលអង្កេតសវនាការលោក កឹម សុខា នៅព្រឹកនេះថា លោក កឹម សុខា គឺជាមនុស្សល្បីល្បាញលើពិភពលោកក្នុងការ​លើកតម្កើងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព។​ លោកសង្ឃឹមថា លោក កឹម សុខា ក៏ដូចជាពលរដ្ឋកម្ពុជា នឹងទទួលបានយុត្តិធម៌ និងសិទ្ធិសេរីភាពបញ្ចេញមតិឡើងវិញ ក្នុងការចូលរួមនយោបាយ។​
 
ឯកអគ្គរដ្ឋទូតរូបនេះ ក៏សម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលចោទថា អាមេរិកនៅពីក្រោយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល​។
 
លោក Patrick Murphy៖ «យើងក៏មានការអាក់អន់ចិត្ត ព្រោះនៅក្នុងសវនាការ ព្រះរាជអាជ្ញាព្យាយាមនិយាយថា អាមេរិកពាក់ព័ន្ធករណីនេះ»។​
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធចាប់ខ្លួនលោក កឹម សុខា នៅម៉ោងជាង ១២យប់រំលងអធ្រាត្រ ថ្ងៃទី២ ចូលឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោក កឹម សុខា ថា​ឃុបឃិតជាមួយអាមេរិក​រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ហៅការលើកឡើងនេះថា គ្រាន់តែជាជ្រុងមួយនៃទស្សនៈរបស់ឯកអគ្គរដ្ឋទូតអាមេរិកប៉ុណ្ណោះ ។
 
លោកថា៖ «កន្លងមក រដ្ឋាភិបាលមិនបានធ្វើការចោទប្រកាន់អីថាសហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធ ឬក៏នៅពីក្រោយសំណុំរឿងលោក កឹម សុខា អីនោះទេ។ ហើយតុលាការក៏មិនទាន់បានសន្និ​ដ្ឋាន​ថា សហរដ្ឋអាមេរិកពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធស្អីនោះទេ ព្រោះស្ថិតក្នុងនីតិវិធីរបស់តុលាការកន្លងមក លោក កឹម សុខា ខ្លួនឯងតើជាអ្នកលើកឡើងពីឈ្មោះសហរដ្ឋអាមេរិកក្នុងកំណត់​ហេ​​តុនៃសំណុំរឿងរបស់គាត់»។
 
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការយល់ឃើញថា សាររបស់អាមេរិកអាចជាការពញ្ញាក់អារម្មណ៍អាជ្ញាធរកម្ពុជាជាថ្មីទៀត ឱ្យគិតពិចារណាទៅលើបទចោទលោក កឹម សុខា ឡើងវិញ​ ដែលថាអាមេរិកមិនអាចទទួលយកបទចោទនេះបានទេ។
 
អ្នកវិភាគរូបនេះយល់ឃើញទៀតថា សារនេះអាចនឹងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាផងដែរពីការស្តារទំនាក់ទំនងល្អជាមួយអាមេរិក ដើម្បីទាញយកប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាត្រូវការចំាបាច់នៅឡើយ។
 
លោកថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចក៏ជាកត្តាមួយដែលជាជំហរបស់កម្ពុជា នៅក្នុងក្រមខណ្ឌអន្តរជាតិ មិនឱ្យផ្អៀងទៅលើលោកខាងកើតចិនតែមួយទេ គឺគិតពិចារណាប្រយោជន៍សេដ្ឋកិច្ចដែ​ល​បានពីប្រព័ន្ធអនុគ្រោះ GSP និង EBA ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក»។
 
តាមលោក Patrick Murphy សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ។
 
ជំនួយទាំងនោះប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។​
 
កម្មវិធីរបស់អាមេរិក សម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។
 
រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ខ្លួនមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ។ តែថា អាមេរិកគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
 
តែអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1037 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8186 នាក់
ខែនេះ :
27739 នាក់
3 ខែនេះ :
61572 នាក់
សរុប :
2512279 នាក់