ទូតខ្មែរនៅថៃអំពាវនាវពលរដ្ឋខ្មែរនៅថៃថា បើមិនចាំបាច់កុំធ្វើដំណើរមកស្រុកពេលចូលឆ្នាំខ្មែរខាងមុខនេះ
រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ចៀសជៀងវាងការឆ្លងជំងឺកូវីដ១៩ ស្ថានទូតខ្មែរប្រចាំនៅប្រទេសបានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ បើអាចមិនមានភាពចាំបាច់កុំធ្វើដំណើរមកស្រុកនៅក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់ខាងមុខ ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃចេញផ្សាយ នៅថ្ងៃទី១៦ មីនា បានលើកឡើងថា ស្ថានទូតមានកិត្តិយសជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅសិក្សានឹងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលទៅកាន់ប្រទេស នឹងដែនដីចំនួន១៥២ទូទាំងពិភពលោក ។ គិតត្រឹមថ្ងៃទី១៨ មីនា ឆ្នាំ២០២០ នៅ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៥នាក់ហើយ ។
ស្ថានទូតបានបន្តថា កន្លងមកស្ថានទូតធ្លាប់បានជម្រាបជូនដំណឹងដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋាភិបាលថៃបានប្រកាសក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ជាពិសេសស្ថានទូតបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ។
ស្ថានទូតបានគូសបញ្ជាក់ថា៖«ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមបងប្អូន ពលករ សិស្ស និស្សិត នឹងអាជីវករ ដែលកំពុងសិក្សាធ្វើការ និងរស់នៅក្នុងប្រទេសថៃ មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះ បើមិនមានភាពចាំបាច់ សូមមេត្តាចៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ទាំងអស់គ្នា ។ ទន្ទឹមនឹងនេះដែបងប្អូនពលរដ្ឋខ្មែរដែលមានបំណងចូលមកប្រទេសថៃសូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ និងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ» ៕