ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋដែលមកពីបរទេសដាក់ខ្លួនឯងនៅដោយឡែកពីគេ១៤ថ្ងៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះបានអំពាវនាវជាថ្មីទៀត ដល់ពលរដ្ឋខ្មែរទាំងអស់ដែលមកពីក្រៅប្រទេសត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេរយៈពេល១៤ ដើម្បីបង្កាការឆ្លងជំងឺកូវីដ១៩។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលពលករខ្មែររាប់ពាន់នាក់កំពុងសម្រុកចូលកម្ពុជាវិញ ខណៈអាជ្ញាធរថៃប្រកាសបិទព្រំដែន។
វិធានការចំនួន៨ចំណុចរបស់ក្រសួងសុខាភិបាលសម្រាប់ពលរដ្ឋដែលត្រូវដាក់ខ្លួនឯងនៅដោយឡែកពីគេបន្ទាប់ពីមកពីក្រៅប្រទេសវិញនោះរួមមាន៖ បន្ទប់ត្រូវមានខ្យល់ចេញចូលល្អ ហើយបើគ្មានបន្ទប់ដោយឡែកទេគឺត្រូវនៅឃ្លាតពីគេចំងាយ២ម៉ែត្រ។ កាត់បន្ថយការប្រើប្រាស់កន្លែងរួម ដូចជាបន្ទប់ទឹក និងផ្ទះបាយ។ ក្នុងរយៈពេល១៤ថ្ងៃនេះ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន បើមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក និងឈឺបំពង់ក ត្រូវទាក់ទងទៅលេខ១១៥។ ជាងនេះទៀត ត្រូវធ្វើអនាម័យជាប្រចាំដូចជាសំអាតបន្ទប់គេង បន្ទប់ទឹក សម្លៀកបំពាក់ និងខ្ទប់មាត់នៅពេលក្អកឬកណ្តាស់។
វិធានចាស់តែទើបត្រូវបានផ្សព្វផ្សាយជាថ្មីទៀតនេះ គឺធ្វើឡើងនៅគ្រាដែលពលរដ្ឋខ្មែររាប់ពាន់ដែលធ្វើការនៅប្រទេសថៃសម្រុកនាំគ្នាចូលមកកម្ពុជានៅថ្ងៃអាទិត្យនេះ តាមច្រកអន្តរជាតិដូងហៅច្រកឡែម ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ការសម្រុកចូលមកកម្ពុជាវិញរបស់ពលករខ្មែរទាំងនោះ បន្ទាប់ពីថៃសម្រេចបិទព្រំដែនជាប់ខេត្តបាត់ដំបងដោយបារម្ភពីការផ្ទុះឡើងនៃកូវីដ១៩។ លើសពីនេះទៀត ចាប់ពីថ្ងៃទី២៣ខែមីនាតទៅ ច្រកទ្វារអន្តរជាតិទាំងអស់នៅជាប់ប្រទេសថៃ ដូចជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកបឹងត្រកួន និងច្រកភ្នំដី ជាដើមគឺត្រូវបិទរយៈពេល១៤ថ្ងៃរហូតដល់ថ្ងៃទី៥ខែមេសា។
ដោយឡែកច្រកព្រំដែនអន្តរជាតិផ្សេងទៀត នៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងកោះកុងក៏ត្រូវបានបិទផងដែរចាបតាំងពីថ្ងៃទី១៨មីនា ដោយមិនកំណត់ពេលរហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ៕