បើការប្រើប្រាស់ថវិកាដែលបានពីការបរិច្ចាគមានតម្លាភាព មហាជននឹងចូលរួមដែរ
ភ្នំពេញ៖ លិខិតប្រកាសបរិច្ចាគប្រាក់ខែរបស់មន្ត្រីរដ្ឋាភិបាលនិងមន្ត្រីរាជការបានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីប្រមុខរដ្ឋាភិបាលបើកឆាកមុនគេ លះបង់ប្រាក់ខែទាំងអស់របស់លោកចំនួន៧ខែជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ដែលនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការនេះ។ សម្រាប់អ្នកឃ្លាំមើលពីបញ្ហាតម្លាភាពស្វាគមន៍ចំពោះកាយវិការនេះ តែចង់ឃើញការប្រើថវិកានេះមានតម្លាភាព និងគណនេយ្យភាព។ បើធ្វើបានយ៉ាងដូច្នេះ មហាជននឹងមានការជឿទុក ហើយអាចនឹងចូលរួមបរិច្ចាគថវិកាទៅតាមនោះដែរ។
ការប្រកាសបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាប់ចាប់ពីសមាជិកសភា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាជការទូទៅ មន្ត្រីតុលាការ រួមទាំងនគរបាល និងទាហានផងនេះ គឺធ្វើឡើងក្រោយពីការប្រកាសបរិច្ចាគរបស់ក្រុមឧកញ៉ា និងថៅកែក្រុមហ៊ុនមួយចំនួននៅគ្រាកម្ពុជារកឃើញករណីកូវីដ១៩លើកដំបូង។ ថវិកាប្រមាណជាង១០លានដុល្លារ គឺប្រមូលបានពីក្រុមឧកញ៉ា និងថៅកែមួយចំនួននេះ ក្រោយពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា។
តែការប្រកាសបរិច្ចាគប្រាក់ខែរបស់មន្ត្រីទាំងនេះ អ្នកខ្លះបរិច្ចាគប្រាក់ខែទាំងអស់ក្នុងរយៈពេល៦ឬ៧ខែ ខ្លះបរិច្ចាគតែ៥០%នៃប្រាក់ខែ។ ប្រាក់ខែមន្ត្រីរដ្ឋាភិបាលដែលមានប្រមាណ២លាន៨សែនរៀលទៅដល់១០លានរៀល(នាយករដ្ឋមន្ត្រី) ខណៈប្រាក់ខែមន្ត្រីរាជការចាប់ពីអគ្គនាយកចុះក្រោមឬអភិបាលខេត្តមានប្រមាណក្រោម៣លានរៀលក្នុងមួយខែ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បានថ្លែងថា ការបរិច្ចាគប្រាក់ខែរបស់មន្ត្រីទាំងនោះគឺជារឿងផ្ទាល់ខ្លួនគ្មានការបង្ខិតបង្ខំឡើយ ខណៈអ្នកឃ្លាំមើលពីបញ្ហាតម្លាភាពស្វាគមន៍ចំពោះកាយវិការនេះតែចង់ឃើញការប្រើថវិកានេះមានតម្លាភាព និងគណនេយ្យភាព។
លោកព្រាប កុល បានលើកឡើងថា បើការប្រើប្រាស់ថវិកាបានពីការបរិច្ចាគមានតម្លាភាព នោះមហាជននឹងមានការជឿទុក ហើយអាចនឹងចូលរួមបរិច្ចាគថវិកាយ៉ាងហោចណាស់មួយម៉ឺនរៀលក្នុងមួយគ្រួសារទៅតាមនោះដែរ។
បើតាមប្រមុខរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជាគឺរដ្ឋត្រូវត្រៀមថវិកាពី៨០០លានដុល្លារទៅ២០០០លានដុល្លារ។ ជាមួយគ្នានោះ ការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ត្រូវកាត់បន្ថយពាក់កណ្តាល លើកលែងតែ ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រីដែលត្រូវកាត់បន្ថយតែ២៥ ភាគរយ។ ប៉ុន្តែប្រាក់ខែរបស់មន្ត្រីរាជការនិងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យទាននឹងមិនត្រូវកាត់នោះទេ៕