ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកមេភូមិតាគល់ឈ្មោះ ច្រឹក រិនថ្លើមធំ ហ៊ានលក់ដីរដ្ឋ ហើយរត់ការធ្វើប្លង់អស់៨ម៉ឺនដុល្លារ តែចៅសង្កាត់ថាមិនបានទទួលលុយទេ
So,31 Mai 2020 (Time 04:09 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1110នាក់)


ភ្នំពេញ៖ ដីស្រះទឹកបម្រើផលប្រយោជន៍រួម មួយកន្លែងមានទីតាំងជាប់ផ្លូវបេតុង កែងបណ្តោយផ្លូវលេខ ៤២ ស្ថិតក្នុងភូមិ តាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នារាជធានីភ្នំពេញត្រូវបានមេភូមិ លក់ស្ងាត់ៗដើម្បីចែកលុយគ្នាចាយនេះបើតាមការអះអាងពីប្រជាពលរដ្ឋនៅក្នុងភូមិ។ លោកច្រឹក រិន មេភូមិតាគល់ បានឲ្យដឹងថា ដីស្រះរួម មានទំហំបណ្តោយប្រមាណជា ៧០ម៉ែត្រ ទទឹង៤០ម៉ែត្រ លោកសម្រេចចិត្តលក់ក្នុងតម្លៃ ១៦ម៉ឺនដុល្លាដើម្បីចែកលុយប្រជាពលរដ្ឋចាយ ដែលបច្ចុប្បន្នដីនេះទើបតែទទួលបានលុយកក់ពីឈ្មួញចំនួន២ម៉ឺនដុល្លា ដើម្បីរត់ប្លង់កាន់កាប់ស្របច្បាប់។ ក្រោយទទួលលុយកក់ នៅថ្ងៃទី២៥ ខែឩសភា ឆ្នាំ២០២០ មេភូមិតាគល់ លោកច្រឹក រិន បានប្រជុំចែកលុយប្រជាពលរដ្ឋដើម្បីកក់ចិត្ត និងធ្វើជាទ្រនាប់ដៃ ក្នុងគោលបំណងឲ្យពលរដ្ឋអស់ចិត្ត មិនទទឹងរង់ចាំលុយកក់។ ពលរដ្ឋក្នុងភូមិតាគល់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងអង្គប្រជុំ មេភូមិប្រាប់ឲ្យដឹងថា ពលរដ្ឋនៅក្នុងភូមិមាន១៧០គ្រួសារ ដែលជាគោលការគ្រួសារនីមួយៗ និងទទួលបាន លុយលក់ដីរួមនេះខុសៗគ្នា អាស្រ័យលើគ្រួសារចាស់ ឬគ្រួសារថ្មី។ គ្រួសារចាស់ទទួលបានលុយកក់ ១០០ដុល្លា ដោយឡែកគ្រួសារថ្មី ឬអ្នកទើបបំបែកគ្រួសារ ឬអ្នកចំណូលថ្មីដែលមានលិខិតស្នាក់នៅ ទទួលបានថវិការមួយគ្រួសារ ប្រមាណជា ២០ដុល្លា ឬ៣០ដុល្លា ទៅតាមលក្ខណ្ឌយោគយល់។ ចែកលុយបានមួយចំនួន គណៈកម្មការភូមិ បានប្រាប់ពលរដ្ឋថាអស់លុយចែកហើយ នៅសល់តែ៦០០ដុល្លាប៉ុណ្ណោះ ប្រការនេះពលរដ្ឋ ជាច្រើនដែលសុំមិនបញ្ចេញឈ្មោះសម្តែងការមិនពេញចិត្ត ដោយហេតុថា លុយ២ម៉ឺនដុល្លាចែកប្រជាពលរដ្ឋ១៧០ គ្រួសារ ប្រសិនបើចែកតាមគោលការណ៍ ម្នាក់១០០ដុល្លា គុណនិង១៧០គ្រួសារ គឺថវិការចំណាយអស់ត្រឹម១៧០០០ ដុល្លាប៉ុណ្ណោះ «តែនេះចែកគ្នាមិនទាន់ដឹងអ្វីផង មេភូមិប្រាប់ថាអស់លុយ! នៅសល់ត្រឹម ៦០០ដុល្លា ខ្ញុំអត់យល់សោះ ដូចជាគ្មានតម្លាភាពសោះ។ ខ្ញុំគិតថា មេភូមិព្យាយាមបិទបាំងស្ទើគ្រប់រឿង សូម្បីចំណូល និងចំណាយផ្សេងៗ គឺគ្មានបញ្ជីច្បាស់លាស់ដែរ»។ ពលរដ្ឋបានរំលើកថា កំឡុងពេលដែលគណៈកម្មការភូមិ ដើរសុំមេដៃដើម្បីលក់ដីរួម ចែកលុយគ្នាចាយ មេភូមិបានប្រាប់ថា លុយលក់ដីអាចចែកគ្នាចាយបានប្រហែលជាមួយគ្រួសារជាង ១៥០០ ដុល្លា ព្រោះដីនេះលក់បានប្រមាណជាជាង៣០ម៉ឺនដុល្លា តែជាក់ស្តែងលទ្ធផលខុសពីការរំពឹងទុកស្ទើទាំងស្រុង។ ពលរដ្ឋរំលឹកថា ថ្ងៃប្រជុំចុងក្រោយមេភូមិ បានឲ្យដឹងថា ដីលក់បានតម្លៃ២៤ម៉ឺនដុល្លា តែត្រូវរត់ការធ្វើប្លង់ដីនៅសង្កាត់ និងខណ្ឌអស់៨ម៉ឺនដុល្លា ដូច្នោះលុយដែលបានមកដល់ដៃប្រជាពលរដ្ឋគឺ១៦ម៉ឺនដុល្លា។ «នៅពេលនោះពលរដ្ឋបានឯកភាពគ្នាថា លក់បានតំលៃប៉ុណ្ណាក៏ដោយចុះ តែពលរដ្ឋដឹងតែទទួលយកលុយ១៦ម៉ឺនដុល្លាដល់ដៃ ដើម្បីចែកគ្នាចាយ»។ យ៉ាណាក៏ដោយលោក ច្រឹក រិន បានបញ្ជាក់ថាដីនេះលក់បានតម្លៃសរុបប្រមាណ១៦ម៉ឺនដុល្លាប៉ុណ្ណោះ ដែលលុយនេះ មួយចំនួនត្រូវយកទៅរត់ប្លង់ និងលុយមួយចំនួនទៀតត្រូវជូន ទៅចៅសង្កាត់ពន្សាំង។ ពលរដ្ឋនៅភូមិតាគល់ ហាក់មិនអស់ចិត្តលើបញ្ហាតម្លៃនេះទាល់តែសោះ ព្រោះលោកច្រឹក រិន មេភូមិតាគល់ មិនបានបង្ហាញតារាងតម្លៃ និងកិច្ចសន្យាទិញលក់ដល់ប្រជាពលរដ្ឋ ហើយការររកម៉ូយ មកទិញដីគ្មានដាក់ឲ្យដេញថ្លៃជាសាធារណៈជាទូទៅទេ។ “មេភូមិ និងអនុភូមិ គេរកម៉ូយទិញដីតែគ្នាគេ បើគេត្រូវរ៉ូវគ្នាដីលក់បានប៉ុណ្ណេះ ថាប៉ុណ្ណោះក៏យើងមិនដឹង ឬបើគេធ្វើលិខិត្ត លក់ដូរគេកែតម្លៃបានតាមចិត្ត ព្រោះជាក្រុមរបស់គេ។ ខ្ញុំមិនអស់ចិត្តទេត្រង់បញ្ហានេះ ព្រោះតម្លៃដី ស្ថិតនៅលើផ្លូវនេះដូចគ្នា តែនៅឆ្ងាយជាងទីតាំងនេះបន្តិច ទំហំ ៤ម៉ែត្រកន្លះ បណ្តោយ៣០ម៉ែត្រ គេលក់បានមួយឡូ ២ម៉ឺនដុល្លា។ ហេតុអ្វីដីទីតាំងនេះល្អជាងគេ ក្បាល៥ម៉ែត្រ បណ្តាយ៧០ម៉ែត្រ លក់បានត្រឹមតែ២ម៉ឺនដុល្លា? មានន័យថាវាខុសប្រក្រតីរួចបាត់ទៅហើយ! មិនចឹង?”។ ពលរដ្ឋបន្ថែមថា៖ “ខ្ញុំគណនាឲ្យមើល បើក្បាលដី៤០ម៉ែត្រ បណ្តោយ ៧០ម៉ែត្រ បើយើងបំបែកក្បាល៥ម៉ែត្រ បណ្តោយ៧០ម៉ែត្រ យើងបាន៨ឡូដ៍! បើយើងលក់មួយឡូដ៏ ៣ម៉ឺនដុល្លា គេយកដៃពីរ ព្រោះទីតាំងនេះគ្មានតម្លៃដីថោកបែបនេះទេ? ចឹងមានតែមេភូមិ គាត់ត្រូវរ៉ូវគ្នាគាត់និង។ ខ្ញុំមិនព្រមទេ ថ្ងៃប្រជុំចុងក្រោយប្រាប់ថាលក់បាន២៤ម៉ឺន រត់ការអស់៨ម៉ឺន ឥឡូវមកប្រាប់ថា លក់បានត្រឹមតែ១៦ម៉ឺនដុល្លា។ បើមានអ្នកចេញមុខប្តឹងខ្ញុំនិងប្តឹងឲ្យបង្ហាញតម្លាភាព”។ លោកណែត ជូ អ្នកជំនាញវិភាគអចលនៈទ្រព្យ នារាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងដីនៅជាប់ផ្លូវបេតុង ម្តុំភូមិតាគល់ សង្កាត់ពន្សាំង ពិតជាមិនមានតម្លៃក្រោមទីផ្សារ ដូចដីដែលមេភូមិលក់ពិតប្រាកដមែន។ ដោយឡែក លោកឈួន ឆាំ ចៅសង្កាត់ពង្សាំង បានឲ្យដឹងថា លោកមិនដឹងទាក់ទងនិងការលក់ដីស្រះទឹករួមក្នុងភូមិតាគល់នេះទេ ហើយលោកក៏មិនទទួលបានថវិការជាច្រើនម៉ឺនដុល្លាអំពីការរត់ប្លង់នេះដែរ។ យើងបានទាក់ទងទៅ សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីសួរនាំលើបញ្ហានេះ តែទូរស័ទ្ទ របស់លោកគ្មានអ្នកទទួល។ យើងនឹងព្យាយាមទាក់ទងទៅលោក ថាតើពិតជាបានទទួលថវិការជាច្រើនម៉ឺនដុល្លាពីការលក់ដីនេះមែនឬក៏យ៉ាងណា។ មហាជនជាច្រើន ហាក់សម្តែងការហួសចិត្ត ចំពោះការលក់ដីរួមចែកលុយគ្នាចាយ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងមានបញ្ហាកូវីដ១៩។ ការលក់ដីចែកលុយគ្នាចាយ ដោយគ្មានគម្រោងអភិវឌ្ឍ ហេដ្ឋារច្ចនាសម្ព័ន្ធ ឬដើម្បីផលប្រយោជន៍សាធារណៈ គឺពិតជាមិនអាចទទួលយកបាន។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1140 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8289 នាក់
ខែនេះ :
27842 នាក់
3 ខែនេះ :
61675 នាក់
សរុប :
2512382 នាក់