ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក ស ថាវី បក្ខពួក ត្រូវបាន​តុលាការ​កោះហៅ ចូល​ទៅបំភ្លឺ រឿង​លក់ដី​
Mo,29 Juni 2020 (Time 08:27 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 990នាក់)


ភ្នំពេញ៖ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត កំពុងសង្ស័យពាក់ព័ន្ធនឹងការបញ្ហាលក់ដី នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ។ លោក ស ថាវី បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ តបតាមកោះហៅរបស់តុលាការ មកសួរនាំក្នុងសំណុំរឿងបន្ថែមជាច្រើនទៀត ក្នុងនោះក៏មានរឿងជាប់ពាក់ព័ន្ធនឹងដីធ្លីជាច្រើននៅខណ្ឌព្រែកព្នៅផងដែរ។ ដោយឡែក មនុស្សដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនផងដែរ ដូចជាឈ្មោះ អ៊ុក ភក្តី ភេទប្រុស និងឈ្មោះ ម៉ាត់ ឌី ត្រូវចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តុលាការបានចេញដីការបង្គាប់ឱ្យឃុំខ្លួនមនុស្សចំនួន ៣នាក់រួមមាន ឈ្មោះឡុង ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រោមបទចោទប្រកាន់ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល ខណៈជនត្រូវចោទចំនួន៦នាក់ទៀត កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់តុលាការ។ ការសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួននៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា លោក ស ថាវី គឺជាអតីតអភិបាលខេត្តឧត្តរមានជ័យ។ លោកត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមានមនុស្សចំនួន៧នាក់ ក៏ត្រូវបានចោទប្រកាន់ពីករណីដូចគ្នានេះដែរ។ ក្នុងដីការបស់ព្រះរាជអាជ្ញា សាយ ណូរ៉ា បានសម្រេចចោទប្រកាន់ និងបើកការស៊ើបសួរលើឈ្មោះ ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ), លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន), លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន), លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន), លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ), លោក យិន អ៉ិម (ក្រៅឃុំ), លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ), លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ) និង គូកន (ក្រៅឃុំ)។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច កាលពីឆ្នាំ២០១៨ បានឱ្យដឹងថា ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ ១៥ម៉ឺនដុល្លារ ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ កាលនោះ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់ ចំនួន ៣០០០០ដុល្លារប៉ុណ្ណោះ ហើយលោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។ ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចទៀតថា ចំពោះដីស្រែដែលខ្លួនបានលក់នោះ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឱ្យខ្លួនជាអ្នកលក់ទៅឱ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ ឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
694 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7843 នាក់
ខែនេះ :
27396 នាក់
3 ខែនេះ :
61229 នាក់
សរុប :
2511936 នាក់